នៅមុនមួយថ្ងៃ ដែលតុលាការធម្មនុញ្ញថៃ សម្រេចសេចក្តីលើសំណុំរឿងប្តឹង ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃ មេដឹកនាំគណបក្សឆ្ពោះទៅមុខ (Move Forward Party) លោក ភិថា លឹមចារើនរ៉ាត (Pita Limjaroenrat) តាមបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន បានចោទសួរថាតើរូបលោកជាជនរងគ្រោះនៃការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ដែរឬទេ?
បណ្តាញសារព័ត៌មានថៃ បានចុះផ្សាយនៅថ្ងៃនេះថា លោកភិថាបានសរសេរក្នុងហ្វេសប៊ុករបស់លោក ដោយបង្ហាញថា លោកចង់ដឹងថា តើគណៈកម្មាធិការស៊ើបអង្កេតបានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនដែរឬទេ មុនពេលដែលគណៈកម្មាធិការរៀបចំការបោះឆ្នោតស្នើឱ្យតុលាការធម្មនុញ្ញ ព្យួរគាត់ពីការបំពេញមុខងារជាសមាជិកសភា បើទោះបីជា EC អះអាងថាដំណើរការស៊ើបអង្កេត និងញត្តិ បញ្ជូនទៅតុលាការធម្មនុញ្ញគឺជាបញ្ហាដាច់ដោយឡែក។
លោក ភិថា បានសំដៅទៅលើករណីកាន់កាប់ភាគហ៊ុនរបស់ប្រព័ន្ធផ្សព្វផ្សាយពីមុន ដែលពាក់ព័ន្ធនឹងសមាជិកសភាប្រហែល៦០នាក់ ដោយនិយាយថា តុលាការធម្មនុញ្ញមិនបានបញ្ជាឱ្យពួកគេណាមួយត្រូវបានព្យួរពីការបំពេញមុខងាររបស់ពួកគេទេ ប៉ុន្តែក្នុងករណីនេះកើតមានចំពោះរូបលោក ។
លោក ភិថា បានសរសេរថា៖«ខ្ញុំចង់ស្នើឱ្យសង្គមវិនិច្ឆ័យថាតើដីកាបែបនេះយុត្តិធម៌ឬអត់?»
លោក ភិថា ជាមេដឹកនាំគណបក្សឆ្ពោះទៅមុខ ដែលឈ្នះការបោះឆ្នោតកាលពីថ្ងៃ១៤ ខែឧសភា កន្លងមក ប៉ុន្តែការឈ្នះនោះមិនបានគ្រប់ចំនួន សម្រាប់បង្កើតរដ្ឋាភិបាលឡើយ។ លោក ភិថា ជាអ្នកនយោបាយវ័យក្មេងដាក់ចេញនូវសារនយោបាយធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបន្ថយអំណាចព្រះរាជវាំងជាពិសេសបន្ថយទោសទណ្ឌចំពោះការនិយាយប៉ះពាល់ព្រះមហាក្សត្រ និងម្យ៉ាងទៀតក៏បេ្តជ្ញាកែទម្រង់យោធាឱ្យនៅឆ្ងាយពីអំណាចរដ្ឋ៕