តម្លៃប្រេង​បានកើនឡើង​ខ្ពស់​នៅថ្ងៃទី ១៥ ខែសីហា ខណៈដែលប្រទេស​ចិន ​កាត់បន្ថយ​អត្រា​គោលនយោ​បាយ​សំខាន់ៗ​ ជាលើកទីពីរ​ ដោយមិន​នឹកស្មាន​ដល់​ក្នុងរយៈពេល​ត្រឹមតែ ៣ ខែ ប៉ុណ្ណោះ​គឺដើម្បី​ជំរុញការស្ទុះងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច។

តែទោះជា​យ៉ាងណាក៏ដោយ​ទិន្នន័យ​បានបង្ហាញថា​ សេដ្ឋកិច្ច​ចិន​ក៏ប្រឈមនឹង​ភាពយឺតយ៉ាវ​ណាស់ដែរ។ ប្រេង​ឆៅ Brent នាពេល​អនាគត​នឹងកើន​ឡើង ១១ សេន ឬ ០.១% ដែលធ្វើ​ឱ្យ​តម្លៃ​ការជួញដូរ​ហក់ឡើងដល់ ៨៦,៣២ ដុល្លារ​ក្នុងមួយ​បារ៉ែល។ ជាមួយគ្នានេះ ប្រេងឆៅ​របស់​អាមេរិក West Texas Intermediate ក៏បានកើន​ឡើង ៧ សេន ផងដែរ ០.១% កើនដល់ ៨២, ៥៧ ដុល្លារ​ក្នុងមួយ​បារ៉ែល។

ការកើន​តម្លៃ​បែបនេះ បន្ទាប់ពី​ធនាគារ​ប្រជាជន​ចិន (PBOC) បានទម្លាក់​អត្រា​ការប្រាក់​ពី ២,៦៥ ភាគរយ ទៅ ២,៥០ ភាគរយ​លើទឹក​ប្រាក់​ចំនួន ៤០១ ពាន់លានយន់ (៥៥, ២៥ ពាន់​លាន​ដុល្លារ) ដែលមានតម្លៃ​ស្មើនឹង​ប្រាក់​កម្ចី​រយៈកន្លះ​ឆ្នាំ (MLF) ដល់​ស្ថាប័ន​ហិរញ្ញវត្ថុមួយ​ចំនួន​ដោយផ្អែក​លើ​មូលដ្ឋាន មួយចំនួន​។

ធនាគារ​ប្រជាជន​ចិន (PBOC) បាននិយាយ​នៅក្នុងសេចក្តី​ថ្លែងការណ៍​តាមអ៊ីនធឺណិត​ថា ការចាក់​សាច់ប្រាក់​នេះ ​គឺដើម្បី​ប្រឆាំងនឹង​កត្តា​ជាច្រើន​រួមទាំង​ការបង់ពន្ធ​ដើម្បី រក្សាសាច់ប្រាក់​នៃប្រព័ន្ធ​ធនាគារ​ឱ្យបានគ្រប់គ្រាន់។

ទិន្នន័យ​នៃទិន្នផល​ឧស្សាហកម្ម និងការលក់រាយ​របស់​ប្រទេស​ចិន បានបង្ហាញ​ឱ្យឃើញថា​សេដ្ឋកិច្ច​ចិន បានធ្លាក់ចុះ​បន្ថែមទៀត​កាលពី​ខែមុន ដោយបង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​ ដែលកំពុង​ធ្លាក់ចុះ​រួចហើយ និងជំរុញ​ឱ្យ​អាជ្ញាធរ​កាត់បន្ថយ​អត្រា​គោលនយោបាយ​សំខាន់ៗ​មួយចំនួន​ដើម្បី​ជំរុញ​សកម្មភាព​សេដ្ឋកិច្ចឡើងវិញ​។

ទោះបីជា​ទិន្នន័យ​ម៉ាក្រូ​សេដ្ឋកិច្ច​ចុះខ្សោយ​ ក៏ពិតមែន​ តែវិស័យ​ប្រេង​របស់​ប្រទេស​ចិន​មានភាព​រឹងមាំ។ ទិន្នផល​រោងចក្រ​ចម្រាញ់​ប្រេង​របស់​ប្រទេស​ចិន​ ក្នុង​ខែកក្កដា បានកើន​ឡើង ១៧,៤% ធៀបនឹង​ឆ្នាំមុន ដោយសារ​ក្រុមហ៊ុន​ចម្រាញ់​បានរក្សា​ទិន្នផល​ឱ្យកើន​ឡើង ដើម្បី​ឆ្លើយតបនឹង​តម្រូវការ​សម្រាប់​ការធ្វើដំណើរ​នារដូវក្ដៅ និងទទួលបាន​ប្រាក់ចំណេញ​ខ្ពស់ផងដែរ​សម្រាប់ការ​នាំចេញ​ប្រេងឥន្ធនៈ។

ជាមួយគ្នានេះ ទិន្នផល​ប្រេង និងឧស្ម័ន​ធម្មជាតិ របស់​សហរដ្ឋ​អាមេរិក ត្រូវបាន​គេជឿថា​នឹងធ្លាក់ចុះ​នៅក្នុង​ខែកញ្ញា ពោលគឺជាខែទី២ ជាប់ៗគ្នា ដល់​កម្រិតទាប​បំផុត​ចាប់តាំង​ពី​ខែឧសភា។ នេះបើតាម​ទិន្នន័យរដ្ឋបាល​ព័ត៌មាន​ថាមពល​អាមេរិក​បានបង្ហាញ​កាលពី​ថ្ងៃចន្ទ។

ទិន្នផល​ប្រេង​របស់​សហរដ្ឋ​អាមេរិក​ធ្លាក់​ចុះ​ អាច​ធ្វើ​ឱ្យ​ការ​រឹត​បន្តឹង​នៃ​ការ​ផ្គត់ផ្គង់​ប្រេង​ពិភពលោក​កាន់​តែ​ខ្លាំង​ឡើង ខណៈសម្ព័ន្ធមិត្ត​ដែល​គេ​ស្គាល់​ថា​ជា OPEC+ កំពុង​កាត់​បន្ថយ​ផលិតកម្មប្រេង៕​