អ្នកនាំពាក្យបេសកកម្មចិនប្រចាំអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា ក្រុងប៉េកាំងជំទាស់នឹងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង ដោយលើកឡើងថា វានឹងគ្រាន់តែបង្កើនការប្រឈមមុខដាក់គ្នា និងការប្រឆាំងតទល់គ្នា។ នេះយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការជំទាស់របស់ចិន ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក អាល់បានី និងជប៉ុន ស្នើឱ្យមានកិច្ចប្រជុំនាថ្ងៃព្រហស្បតិ៍ស្អែកនេះ ដែលវានឹងក្លាយជាកិច្ចប្រជុំសាធារណៈផ្លូវការលើកដំបូងនៃក្រុមប្រឹក្សាសន្តិសុខលើបញ្ហាសិទ្ធិមនុស្សរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង រាប់ចាប់តាំងពីឆ្នាំ ២០១៧ មក។
អ្នកនាំពាក្យបេសកកម្មចិនបានលើកឡើងថា៖ «ប្រទេសចិនមើលឃើញថាគ្មានតម្លៃបន្ថែមសម្រាប់ក្រុមប្រឹក្សាដើម្បីឱ្យមានកិច្ចប្រជុំបែបនេះទេ»។
លោកបន្ថែមថា តួនាទីរបស់ក្រុមប្រឹក្សានេះគឺដើម្បី «ថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ» មិនមែនធ្វើការលើបញ្ហាសិទ្ធិមនុស្សទេ។
អ្នកនាំពាក្យដដែលបន្តថា៖ «កិច្ចប្រជុំក្រុមប្រឹក្សាស្តីពីសិទ្ធិមនុស្សនៅកូរ៉េខាងជើងគឺស្ថិតនៅក្រៅអំណាចរបស់ក្រុមប្រឹក្សាជាការយកបញ្ហាសិទ្ធិមនុស្សធ្វើនយោបាយ ហើយគ្រាន់តែបម្រើដល់ការបង្កើនការប្រឈមមុខដាក់គ្នា និងការប្រឆាំងតទល់គ្នាប៉ុណ្ណោះ»។
បើតាមរ៉យទ័រ គេមិនទាន់ច្បាស់ភ្លាមៗទេ ថាតើចិននឹងអំពាវនាវសុំការបោះឆ្នោតតាមនីតិវិធីនៅថ្ងៃព្រហស្បតិ៍ដើម្បីរារាំងកិច្ចប្រជុំក្រុមប្រឹក្សាឬយ៉ាងណាទេ ប៉ុន្តែមន្ត្រីជាន់ខ្ពស់អាមេរិក បានអះអាងប្រកបដោយទំនុកចិត្តថា ខ្លួនមានសំឡេងយ៉ាងតិចពី៩ប្រទេសដែលត្រូវការដើម្បីឱ្យកិច្ចប្រជុំដំណើរការទៅមុខ។ ការប្រើសិទ្ធិវេតូ មិនអាចអនុវត្តលើបញ្ហានីតិវិធីនេះបានទេ។
កន្លងមកកូរ៉េខាងជើងបានច្រានចោលការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស និងបន្ទោសការដាក់ទណ្ឌកម្មចំពោះស្ថានការណ៍មនុស្សធម៌ធ្ងន់ធ្ងរ។ ចាប់តាំងពីឆ្នាំ ២០០៦ មក កូរ៉េខាងជើងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ លើកម្មវិធីមីស៊ីលផ្លោង និងកម្មវិធីនុយក្លេអ៊ែរជាដើម។
ប្រឈមភាពតានតឹងកាន់តែខ្លាំង កាលពីខែមីនា សហរដ្ឋអាមេរិកបានចោទប្រកាន់ប្រទេសចិនថាបានព្យាយាមលាក់បាំងអំពើឃោរឃៅរបស់កូរ៉េខាងជើងពីពិភពលោក ដោយការបិទបណ្តាញផ្សាយនៃកិច្ចប្រជុំក្រៅផ្លូវការរបស់សមាជិកក្រុមប្រឹក្សាសន្តិសុខ ស្តីពីការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាលផ្តាច់ការរបស់ក្រុងព្យុងយ៉ាង៕