​មេ​ដឹក​នាំ​នៃ​ក្រុម​ប្រទេស​ប្រ៊ីកស៍ ​(BRICS)​​ នឹង​ជួប​ប្រជុំ​គ្នា​នៅ​អាហ្រ្វិក​ខាង​ត្បូង​នា​សប្តាហ៍​ក្រោយ​ ដើម្បី​ពិភាក្សា​អំពី​របៀប​​​​ដែល​អាច​បង្វែរ​​ប្លុកនេះ​​​ទៅ​ជា​កម្លាំង​ភូមិ​សាស្ត្រ​នយោបាយ​ ដែល​ទប់​ទល់​នឹង​ឥទ្ធិពល​វាត​ទី​លើ​កិច្ច​ការ​ពិភព​លោករបស់​លោក​ខាង​លិច​​​។​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

​កិច្ច​ប្រជុំកំពូល​ប្រ៊ីកស៍​​​ ដែល​នឹង​ចូល​រួម​ដោយ​ប្រធានាធិបតី​ចិន​ លោក​ ស៊ី​ ជិនពីង​ ប្រធានាធិបតី​ប្រេស៊ីល​ លោក​ ​Luiz Inacio Lula da Silva ​​និង​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​ លោក​ ណារិន​ដ្រា​ ម៉ូឌីក្រោម​ការ​រៀប​ចំ​ទទួល​របស់​អាហ្វ្រិក​ខាង​ត្បូង​នេះ​ នឹង​ធ្វើ​ឡើង​ចន្លោះ​ពី​ថ្ងៃ​ទី​២២-២៤ ខែ​សីហា​ ខាង​មុខ​។ ​

កិច្ច​ប្រជុំ​កំពូល​លើក​ទី​ ១៥ នេះ​ ​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ​ «​ប្រ៊ីកស៍​​និង​អាហ្វ្រិក​»​ ដោយ​សង្កត់​ធ្ងន់​ពី​របៀប​ដែល​ប្លុក​នេះ​ អាច​កសាង​ទំនាក់​ទំនង​ជាមួយ​ទ្វីប​អាហ្វ្រិក​ទាំង​មូល​​កាន់​តែ​ខ្លាំង​ឡើង​ ក្លាយ​ជា​រោង​មហោស្រព​សម្រាប់​ការ​ប្រកួត​ប្រជែង​រវាង​មហា​អំណាច​ពិភព​លោក​។​

យ៉ាង​ណា​មិញ​ ប្រធានាធិបតី​រុស្ស៊ី​ លោក​ វ្ល៉ាឌីមៀ ​ពូទីន ​ដែល​ប្រឈម​មុខ​នឹង​ដីកា​ចាប់​ខ្លួន​ពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ជុំ​វិញ​ឧក្រិដ្ឋ​កម្ម​សង្រ្គាម​​នៅ​អ៊ុយក្រែន​ ​នឹង​មិន​ចូល​រួម​ជាមួយ​មេ​ដឹក​នាំ​មក​ពី​ប្រទេសសមាជិក​ប្រ៊ីកស៍​ផ្សេង​ទៀត​ ដែល​រួម​មាន​​​ប្រេស៊ីល ​​ឥណ្ឌា ​ចិន​ និង​អាហ្វ្រិក​ខាង​ត្បូង​នោះ​ទេ។

អវត្តមានដោយ​ផ្ទាល់​​របស់​លោក​ ពូទីន​ កើត​មាន​ចំ​ពេល​មាន​ការ​ដេញ​ដោល​គ្នា​​អំពី​ថា​តើ​​ប្លុក​នេះ​គួរ​​ពង្រីក​ខ្លួន​ ដើម្បី​ទទួល​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ច្រើន​​​​ផ្សេង​ទៀត​​ធ្វើ​ជា​សមាជិក​ឬ​យ៉ាង​ណា​​។

បើ​តាម​រ៉យទ័រ​​ គេ​មិន​ដឹង​ពី​ព័ត៌មាន​លម្អិត​​ច្រើន​​អំពី​អ្វី​ដែល​​ក្រុម​​មេដឹកនាំ​​គ្រោង​នឹង​ពិភាក្សានោះ​ទេ​​ ប៉ុន្តែ​ការ​ពង្រីក​ខ្លួន​របស់​ប្លុក​​រំពឹង​ថា​នឹង​​ជា​ប្រធាន​បទ​សំខាន់​​នៅ​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​ ខណៈ​អាហ្វ្រិក​ខាង​ត្បូង​បាន​អះ​អាង​ថា​ មាន​ប្រទេស​ចំនួន​ ៤០ ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​ការ​ចូល​រួម​ ទាំង​ផ្លូវ​ការ​ ឬ​ក្រៅ​ផ្លូវ​ការ​ដែល​​រួម​មាន​ទាំង​​អារ៉ាប៊ីសាអូឌីត ​អាហ្សង់ទីន ​និង​អេហ្ស៊ីប​។​

គួរ​គូស​បញ្ជាក់​ថា​ ប្រ៊ីកស៍​ ដែល​រួម​ចំណែក​១/៤នៃ​សេដ្ឋកិច្ច​ពិភព​លោក​ ​ចង​ផ្ដុំ​គ្នា​ដោយ​ប្រទេស​ដែល​មាន​ប្រព័ន្ធ​សេដ្ឋកិច្ច​ខុស​ៗ​គ្នា​ ប៉ុន្តែ​​​បង្រួប​បង្រួម​គ្នា​ ដើម្បី​ទប់​ទល់​នឹង​អនុត្តរភាព​លើ​កិច្ច​ការ​ពិភព​លោក​​​របស់​សហរដ្ឋ​អាមេរិ​ក និង​ប្រទេស​លោកខាង​លិច​មាន​ៗ​ផ្សេង​ទៀត។

ប្រទេស​ចិន​ ដែល​ស្វែង​រក​ការ​ពង្រីក​ឥទ្ធិព​ល​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន​ ខណៈ​មាន​ជម្លោះ​ជាមួយ​អាមេរិក​លើ​បញ្ហា​ផ្សេង​ៗ ​​ចង់​ពង្រីក​ប្រ៊ីកស៍​ឱ្យ​បាន​ឆាប់​រហ័ស​​ខណៈ​ប្រេស៊ីល​​ប្រឆាំង​នឹង​ការ​ពង្រីក​ខ្លួន​​​ ​ដោយ​បារម្ភ​ថា​វា​​នឹង​ធ្វើ​ឱ្យ​ប្លុ​ក​ចុះ​ខ្សោយ​។

ចំណែក​ឯ​រុស្ស៊ី​ឯនោះ​វិញ​ ត្រូវ​ការ​សម្ព័ន្ធ​មិត្ត​ដើម្បី​ទប់​ទល់​នឹង​ភាព​ឯកោ​ខាង​ការ​ទូត​ ក្រោម​ទណ្ឌកម្ម​របស់​លោក​ខាង​លិច​​ជុំ​វិញ​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​ ​ដែល​ជំរុញ​ឱ្យ​​ប្រទេស​ចង់​នាំ​យក​ប្រទេស​ថ្មី​ចូល​ជា​សមាជិក​ ​ក្នុង​ទំនោរ​ដូច​នឹង​អាហ្រិក​ខាង​ត្បូង​ដែរ​។ ​ចំណែក​ឯ​ឥណ្ឌា​វិញ​ ជា​ប្រទេស​ចាក់​ខ្សែ​កណ្ដាល​៕