ប៉ូលិសសិង្ហបុរីបានចាប់ខ្លួនជនបរទេសចំនួន ១០ នាក់ ពីបទលាងលុយកខ្វក់ និងបទល្មើសក្លែងបន្លំពាក់ព័ន្ធក្នុងករណីសាច់ប្រាក់ប្រហែល ១ ពាន់លានដុល្លារសិង្ហបុរី (ស្មើនឹង ៧៣៧ លានដុល្លារអាមេរិក) និងរឹបអូសអចលនទ្រព្យជាច្រើនឡានទំនើប និងទ្រព្យសម្បត្តិផ្សេងទៀត។
បើយោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសសិង្ហបុរីកាលពីថ្ងៃពុធកន្លងទៅនេះបានឱ្យដឹងថា ប៉ូលិសបានធ្វើការវាយឆ្មក់ចាប់ខ្លួនជនសង្ស័យទាំង ១០ នាក់ ក្នុងពេលដំណាលគ្នានៅទូទាំងទីក្រុង ដើម្បីចាប់ខ្លួន។
ការរឹបអូសទ្រព្យសម្បត្តិប្រឆាំងនឹងក្រុមលាងលុយកខ្វក់នេះរួមមានអចលនទ្រព្យចំនួន ៩៤ យានជំនិះចំនួន ៥០ គ្រឿង ហើយបើតាមការប៉ាន់ស្មានមានតម្លៃសរុបជាង ៨១៥ លានដុល្លារសិង្ហបុរី។ ការរឹបអូសផ្សេងទៀតរួមមានគណនីធនាគារសាច់ប្រាក់កាបូបប្រណិតគ្រឿងអលង្ការនាឡិកាឧបករណ៍អេឡិចត្រូនិក និងឯកសារមួយចំនួនដែលមានព័ត៌មានអំពីទ្រព្យសម្បត្តិនិម្មិត។
ប៉ូលិសសិង្ហបុរីបាននិយាយថា ជនសង្ស័យទាំង ១០ នាក់មានអាយុចន្លោះពី ៣១ ដល់ ៤៤ ឆ្នាំ ពួកគេមានសញ្ជាតិដូចជាចិន ទួរគី ស៊ីប វ៉ានូអាទូ និងកម្ពុជា។ ជាមួយគ្នានេះមនុស្សចំនួន ១២ នាក់ផ្សេងទៀត កំពុងជួយក្នុងការស៊ើបអង្កេតរបស់ប៉ូលិសខណៈ ៨នាក់ទៀតត្ រូវប៉ូលិសតាមចាប់ខ្លួន។
បើតាមហ្វេសប៊ុកផ្លូវការរបស់បូលីសសិង្ហបុរី (Singapore Police Force) ជនសង្ស័យសញ្ជាតិខ្មែរមានដល់ទៅ ៣រូបដែលត្រូវបានប៉ូលិសចាប់ខ្លួន។ ជនសង្ស័យសញ្ជាតិខ្មែរទាំង ៣ រូប មានអាយុ ៣១ ឆ្នាំ ៣៣ ឆ្នាំ និង ៤១។
ជនសង្ស័យសញ្ជាតិខ្មែរមួយរូបដែលមានអាយុ ៣១ ឆ្នាំ ត្រូវបានប៉ូលិសចាប់ខ្លួននៅក្នុងខុនដូតាមបណ្តោយផ្លូវ Leonie Hill។ នៅក្នុងកន្លែងស្នាក់របស់គេមានលិខិតឆ្លងដែនបរទេសផ្សេងទៀតដែលគេជឿថា ចេញដោយ PRC និងសាធារណរដ្ឋដូមីនីកែន។
ប៉ូលិសរឹបអូសបានលុយសុទ្ធរបស់គេជិត ៦០០ ០០០ ដុល្លារសិង្ហបុរី និងលុយបរទេសមួយចំនួនផ្សេងទៀតរួមទាំងគ្រឿងអលង្ការ ២៣ គ្រឿងនាឡិកាប្រណីត ៦ គ្រឿង ឯកសារ ១១ សន្លឹក ឧបករណ៍អេឡិចត្រូនិក ១២ គ្រឿង និងរថយន្ត ៣ គ្រឿងដែលប៉ាន់ស្មានទៅមានតម្លៃ ជាង ១២,៦ លានដុល្លារសិង្ហបុរី។បន្ថែមពីលើនេះប៉ូលីសក៏បានបង្កកគណនីធនាគាររបស់គេចំនួន ២ ផងដែរ។
ប៉ូលីសសិង្ហបុរីបានបញ្ជាក់ថា ក្រុមបក្សពួកលាងលុយកខ្វក់នេះបានធ្វើសកម្មភាពតាមរយៈ ក្លែងបន្លំព័ត៌មានដែលជាសកម្មភាពខុសច្បាប់ រួមទាំងការប្រើប្រាស់ឯកសារក្លែងក្លាយដើម្បីបញ្ជាក់ប្រភពលុយនៅក្នុងគណនីធនាគារសិង្ហបុរី។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយធនាគារកណ្តាលសិង្ហបុរីបាននិយាយថាខ្លួនបានទាក់ទងជាមួយស្ថាប័នហិរញ្ញវត្ថុ (FIs) ដើម្បីស្វែងរកមុខសញ្ញាសក្តានុពលដែលលាងលុយនោះ។ការចូលរួមត្រួតពិនិត្យជាមួយ FIs កំពុងដំណើរការខណៈដោយធនាគារកណ្តាលសិង្ហបុរីមិនបានបញ្ចេញឈ្មោះស្ថាប័នហិរញ្ញវត្ថុនោះទេ៕