មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា​ម្នាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅនេះ បានឱ្យដឹងថា ភ្លៀង​បន្ត​ធ្លាក់​ខ្លាំង​ឥត​ឈប់ឈរ​ជាច្រើន​ថ្ងៃ​ជាប់ៗគ្នា​នៅក្នុង​តំបន់​ហិមពាន្ត​នៃ​ប្រទេស​ឥណ្ឌា​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់ ៧២ នាក់​ក្នុង​សប្តាហ៍​នេះ ដោយសារ​ខ្យល់មូសុង​ដ៏​ខ្លាំង​បាន​បង្កឱ្យមាន​ការបាក់​ដី និង​ទឹកជំនន់​ភ្លាមៗ ដែល​បាន​បង្ក​ឱ្យ​លិច​ផ្លូវថ្នល់ បំផ្លាញ​អគារ និង​តម្រូវឱ្យ​ពលរដ្ឋ​គេចខ្លួន​ទៅរក​ទីទួល​សុវត្ថិភាព។

នាយកដ្ឋាន​អាកាសធាតុ​របស់​ប្រទេស​ឥណ្ឌា​បានដាក់​រដ្ឋ​ហិម៉ាចាលប្រាដេស ឱ្យ​ស្ថិតក្នុង​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត ដោយហេតុថា ភ្លៀង​នឹង​ធ្លាក់​បន្ត​ឥតឈប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ។ លោក Vikram Singh ប្រតិបត្តិករ​នៅ​មជ្ឈមណ្ឌល​ប្រតិបត្តិការ​សង្គ្រោះបន្ទាន់​នៃរដ្ឋ​ដដែល​នេះ បាន​និយាយថា​ការស្លាប់​ចំនួន ៧២ នាក់​នេះ​បាន​កើតឡើង​ត្រឹម​រយៈ ៥ ថ្ងៃ​ប៉ុណ្ណោះ ខណៈ​ក្រុមការងារ​ជួយសង្គ្រោះ​កំពុង​បន្ត​ដុតដៃ​ដុតជើង។

ជាមួយគ្នានេះ ផ្លូវ​រាប់រយ​ត្រូវបាន​បិទ សាលារៀន​ក្នុង​ទីក្រុង Shimla នៃ​រដ្ឋ​ហិម៉ាចាលប្រាដេស​ត្រូវ​បាន​បញ្ជា​ឱ្យ​បិទ ខណៈដែល​កងកម្លាំង​ជើង​អាកាស​ឥណ្ឌា និង​ក្រុម​ឆ្លើយតប​គ្រោះមហន្តរាយ​ជួយ​ជម្លៀស​ប្រជាជន​ចេញពី​តំបន់​ទំនាប និង​ងាយ​រងគ្រោះ។ ប្រមុខរដ្ឋ​លោក Sukhvinder Singh Sukhu បាន​និយាយថា មនុស្ស​ជាង ២ ពាន់​នាក់​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​ឧទ្ធម្ភាគចក្រ និង​ម៉ូតូទឹក ហើយ​ឥឡូវ​ត្រូវ​ស្ថិតនៅ​ក្នុង​ជំរំ បណ្ណោះអាសន្ន​សិន។​

មហន្តរាយ​នេះ​ក៏បាន​បំផ្លាញ ប្រាសាទ​ហិណ្ឌូ​មួយ​នៅក្នុង​ទីក្រុង Shimla ដែល​ជាទី​ដែល​សម្បូរ​ទៅដោយ​អ្នក​គោរពបូជា។ ជុំវិញ​ការដួលរលំ​នូវ​ប្រាសាទបុរាណ​នេះ អាជ្ញាធរ​រដ្ឋបាន​បង្ហាញ​ក្តី​ព្រួយបារម្ភ​ថា អាច​មនុស្ស​ជាច្រើន​ត្រូវកប់​នៅក្រោម​កម្ទេចកម្ទី​ដែល​បាក់​នោះ។

ថ្លែងប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ឥណ្ឌា​មួយ លោក Sukhu ជា​នាយករដ្ឋមន្ដ្រី បាន​ឱ្យដឹង​ថា ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​ត្រូវបាន​បំផ្លាញ​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំងក្លា​នេះ នឹងត្រូវ​ចំណាយ​ពេល​មួយឆ្នាំ ដើម្បី​កសាង​ឡើងវិញ និង​បាន​អះអាងថា ការប៉ាន់ស្មាន​នៃ​ការខូចខាត​នេះ​គឺ​ស្ថិតក្នុង​រង្វង់ ១០០ ពាន់​លានរូពី (១,២ ពាន់​លានដុល្លារ)។

គួរ​ជម្រាប​ថា គ្រោះមហន្តរាយ​ដែល​បណ្តាលមកពី​ការបាក់​ដី និង​ទឹកជំនន់​គឺ​ស្ទើរ​ក្លាយជា​រឿង​ធម្មតា​នៅភាគ​ខាងជើង​នៃ​តំបន់​ហិមពាន្ត​របស់​ប្រទេស​ឥណ្ឌា​ក្នុង​អំឡុង​រដូវ​ខ្យល់មូសុង ពី​ខែមិថុនា​ដល់​ខែកញ្ញា។ អ្នកវិទ្យាសាស្ត្រ​និយាយថា គ្រោះមហន្តរាយ​នៅ​តំបន់​នេះ​នឹង​កាន់តែ​ញឹកញាប់ នៅ​ពេល​ដែល​ការឡើង​កម្តៅ​ផែនដី​កើនឡើង។ តែការ​ខូចខាត​ច្រើន​ខ្លាំង​បែបនេះ​ត្រូវបាន​អ្នកជំនាញ ឧតុនិយម​ចូលនិវត្តន៍​នៅ​នាយកដ្ឋាន​ឧតុនិយម​ឥណ្ឌា លោក Anand Sharma រិះគន់ថា គឺ​មកពី​រដ្ឋ​គ្មាន​ផែនការ​ទប់ស្កាត់ និង​អភិបាលកិច្ច​មិនល្អ៕​