ក្រសួងការពារជាតិចិនបាននិយាយថា យោធាចិនបានចាប់ផ្តើមសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់កាលពីថ្ងៃសៅរ៍ជាថ្មី ដើម្បីជាការការព្រមានយ៉ាងម៉ឺងម៉ាត់ទៅលើអ្វី ដែលខ្លួនហៅថាជាការឃុបឃិតគ្នារវាង «អ្នកបំបែកខ្លួន និងកងកម្លាំងបរទេស»។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
សមយុទ្ធរបស់ចិននាពេលនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណេះ បន្ទាប់ពីអនុប្រធានាធិបតីកោះតៃវ៉ាន់ លោក William Lai បានជាន់ដីសហរដ្ឋអាមេរិកជាដំណើរឈប់សម្រាកតាមផ្លូវ ក្នុងដំណើរទស្សនកិច្ចទៅប្រទេសប៉ារ៉ាហ្គាយ កាលពីសប្ដាហ៍មុន។ ចិនដែលទាមទារថាកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន មើលឃើញសកម្មភាពបែបនេះ ថាជាការគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ ពីសហរដ្ឋអាមេរិក។
អ្នកនាំពាក្យបញ្ជាការកងទ័ពភាគខាងកើតរបស់ប្រទេសចិន លោក Shi Yi បាននិយាយក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា សមយុទ្ធយោធានាពេលនេះ នឹងរួមមានការសម្រួលនាវា និងយន្តហោះចម្បាំង និងសមត្ថភាពរបស់ទ័ព ក្នុងការវាយប្រហារដណ្តើមការគ្រប់គ្រងលំហអាកាស និងសមុទ្រ។
លោក Yi បាននិយាយទៀតថា យោធាចិនក៏កំពុងសាកល្បងសមត្ថភាពប្រយុទ្ធជាក់ស្តែងរបស់កងកម្លាំងផងដែរ។ លោកបន្ថែមថា សមយុទ្ធដែនទឹក និងដែនអាកាសនៅភាគខាងជើង និងនិរតីនៃកោះតៃវ៉ាន់ គឺជាការព្រមាន អំពីការបង្កហេតុពីកងកម្លាំងគាំទ្រឯករាជ្យតៃវ៉ាន់ និងកងកម្លាំងបរទេស។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានរាយការណ៍ថា ទូក និងយន្តហោះចម្បាំងដែលប្រដាប់ដោយមីស៊ីល បានចូលរួមនៅក្នុងប្រតិបត្តិការសមយុទ្ធនេះ ហើយអង្គភាពកងកម្លាំងចិន បានធ្វើការរួមគ្នាដើម្បីធ្វើសមយុទ្ធ«ក្លែងវាយប្រហារ» ធ្វើជុំវិញកោះតៃវ៉ាន់។
ជុំវិញបញ្ហានេះ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយនៅលើបណ្ដាញសង្គម X (អតីតធ្វីតធឺរ) ថា កងកម្លាំងរបស់ខ្លួនបានឃើញយន្តហោះចម្បាំងចិនចំនួន ៤៥ គ្រឿង និងនាវាចំនួន ៩ គ្រឿង នៅជុំវិញកោះរវាងម៉ោង ៦ ព្រឹកថ្ងៃសៅរ៍ ដល់ម៉ោង ៦ ព្រឹកថ្ងៃអាទិត្យ។ ក្រសួងបាននិយាយទៀតថា យន្តហោះចម្បាំងចំនួន ២៧ គ្រឿង រួមទាំងយន្តហោះចម្បាំងធន់ Su-30, J-10 និង J-11 បានឆ្លងកាត់បន្ទាត់កណ្តាលនៃច្រកសមុទ្រតៃវ៉ាន់ និងបានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់។
ក្រសួងដដែលបាននិយាយថា តៃវ៉ាន់បានដាក់ពង្រាយយន្តហោះ និងកប៉ាល់ និងបានធ្វើឱ្យសកម្មប្រព័ន្ធមីស៊ីលនៅលើដី ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធ ហើយកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់។
ក្រសួងការពារជាតិតៃវ៉ាន ក៏បានថ្កោលទោសយ៉ាងដាច់អហង្ការផងដែរ នូវអ្វីដែលខ្លួនហៅថា «ទង្វើមិនសមហេតុផល និងបង្កហេតុ» ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀត។ ក្រសួងបានឱ្យដឹងថា យោធារបស់ខ្លួន នឹងត្រៀមខ្លួនប្រឈមមុខនឹងការគំរាមកំហែងដែលបង្កឡើងដោយកងទ័ពចិន ដោយបន្ថែមថា កងកម្លាំងរបស់ខ្លួនមាន «សមត្ថភាព ការប្តេជ្ញាចិត្ត និងទំនុកចិត្ត ដើម្បីការពារសន្តិសុខជាតិ»៕