អូស្ត្រាលី នឹងចំណាយប្រាក់ចំនួន ៨៣៣ លានដុល្លារ ដើម្បីទិញមីស៊ីល Tomahawk ច្រើនជាង ២០០ ដើម ពីសហរដ្ឋអាមេរិក ក្នុងគោលបំណងបង្កើនសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
រដ្ឋមន្ត្រីការពារជាតិអូស្រ្តាលី លោក Richard Marles បាននិយាយថា អូស្ត្រាលីនឹងក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសទាំង៣ ដែលមានមីស៊ីល Tomahawks បន្ទាប់ពីសហរដ្ឋអាមេរិក និងអង់គ្លេស។
លោកនិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងកំពុងវិនិយោគលើអាវុធ ដែលកងកម្លាំងការពាររបស់យើងត្រូវការ ដើម្បីទប់សត្រូវឱ្យនៅឆ្ងាយពីច្រាំងសមុទ្ររបស់យើង និងធ្វើឱ្យប្រជាជនអូស្ត្រាលីមានសុវត្ថិភាពនៅក្នុងពិភពដ៏ស្មុគស្មាញ និងមិនច្បាស់លាស់ ដែលយើងរស់នៅសព្វថ្ងៃនេះ»។
លោក Marles បានបន្តថា មីស៊ីល Tomahawks ដែលផលិតដោយក្រុមហ៊ុន RTX Corp នឹងត្រូវដាក់ពង្រាយនៅលើនាវាចម្បាំងថ្នាក់ Hobar tរបស់កងទ័ពជើងទឹកអូស្រ្តាលី។
គួរបញ្ជាក់ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីខែមីនា បានអនុម័តការលក់មីស៊ីល Tomahawks ដែលមានសមត្ថភាពបាញ់បានរយៈចម្ងាយ ១ ៥០០ គីឡូម៉ែត្រ ទៅឱ្យអូស្រ្តាលី ប៉ុន្តែមិនបានបង្ហាញពីពេល ដែលកិច្ចសន្យាត្រូវបានចុះហត្ថលេខា ឬកិច្ចពិភាក្សាទិញលក់បានបញ្ចប់នោះទេ។
កន្លងមក អូស្ត្រាលីបានទទូចថា ខ្លួនត្រូវការធ្វើឱ្យប្រសើរឡើងនូវកងកម្លាំងការពាររបស់ខ្លួន ខណៈចិន កំពុងបង្កើនការធ្វើយោធាកម្មដ៏ធំក្នុងតំបន់ប៉ាស៊ីហ្វិក។ កាលពីដើមឆ្នាំនេះ អូស្រ្តាលី បានយល់ព្រមធ្វើការជាមួយសហរដ្ឋអាមេរិក និងអង់គ្លេស ដើម្បីបង្កើតកងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
លោករដ្ឋមន្ត្រី Marles បានឱ្យដឹងនៅថ្ងៃចន្ទទៀតថា ក្រៅតែពីមីស៊ីល Tomahawks អូស្ត្រាលី ក៏នឹងទិញមីស៊ីល ប្រឆាំងវិទ្យុសកម្មទំនើបជាង ៦០ ដែលប្រើដើម្បីកម្ទេចប្រព័ន្ធការពារ ដែនអាកាស បំពាក់រ៉ាដារបស់សត្រូវ ក៏ដូចជាមីស៊ីល ប្រឆាំងរថក្រោះរយៈចម្ងាយឆ្ងាយ ពីសហរដ្ឋអាមេរិកផងដែរ។
ការប្រកាសទិញ Tomahawk ធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណេះ បន្ទាប់ពីសហរដ្ឋអាមេរិក បានអនុម័តការលក់ឱ្យអូស្ត្រាលីនូវប្រព័ន្ធបាញ់រ៉ុក្កែត HIMARS ក្នុងតម្លៃ ៩៧៥ លានដុល្លារ អាមេរិក៕