លោក ដូណាល់ ត្រាំ (Donald Trump) ដែលធ្លាប់ឈ្នះកៅអីនៅសេតវិមាន ១ អាណត្តិ និងកំពុងប្រកួតប្រជែងក្នុងបក្សសាធារណៈរដ្ឋ ដើម្បីបានការតែងតាំងពីគណបក្សសម្រាប់ការប្រកួតប្រជែងកៅអីសេតវិមានជាថ្មី បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងមិនចូលរួមការជជែកដេញដោលប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋជាលើកដំបូងនៅសប្តាហ៍នេះ ដោយលើកហេតុផលថា ប្រជាជនអាមេរិកស្គាល់គាត់ច្បាស់ណាស់ ដែលមិនចាំបាច់មានការបង្ហាញជាសាធារណៈជាមួយគូប្រកួតប្រជែងរបស់គាត់សម្រាប់កៅអីនៅសេតវិមាននោះទេ។
តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ដែលបានដកស្រង់សារមួយនៅលើថ្នាលបច្ចេកវិទ្យារបស់លោកត្រាំផ្ទាល់ «Truth Social» លោក ត្រាំ បានលើកឡើងនូវអ្វីដែលលោកហៅថាជាកំណត់ត្រាដ៏ជោគជ័យខ្លាំងក្នុងនាមជាប្រធានាធិបតី និងអ្វីដែលលោកបានពិពណ៌នាថាជាប្រជាប្រិយភាពរបស់លោកក្នុងចំណោមប្រជាជនអាមេរិក។
លោកបានមានប្រសាសន៍ថា «ដូច្នេះ ខ្ញុំនឹងមិនធ្វើការពិភាក្សានោះទេ»។
ការជជែកដេញដោលលើកដំបូងនៅក្នុងការប្រជែងកៅអីសម្រាប់ការតែងតាំងប្រធានាធិបតីសាធារណរដ្ឋឆ្នាំ ២០២៤ ត្រូវបានកំណត់ពេលសម្រាប់ថ្ងៃពុធនៅទីក្រុង Milwaukee រដ្ឋ Wisconsin ។
នៅក្នុងការប្រកាសរបស់ខ្លួន លោក ត្រាំ បានកត់សម្គាល់ចុងក្រោយបំផុតនៅក្នុងរលកនៃការស្ទង់មតិដែលបង្ហាញឱ្យឃើញលោកត្រាំនៅវាដាច់ឆ្ងាយពីបេក្ខជនផ្សេងទៀតក្នុងបក្សសាធារណៈរដ្ឋ ដោយការស្ទង់មតិនោះផ្សព្វផ្សាយតាមបណ្តាញព័ត៌មាន CBS News កាលពីថ្ងៃអាទិត្យ។
លទ្ធផលស្ទង់មតិនោះ បង្ហាញថា ៦២ភាគរយនៃអ្នកដែលត្រូវបានបោះឆ្នោតសម្រាប់ការស្ទង់មតិនឹងបោះឆ្នោតឱ្យលោកត្រាំ ទោះបីជាគាត់ត្រូវបានគេចោទប្រកាន់ចំនួន៤ដងក្នុងឆ្នាំ ២០២៣ រួមទាំងការចោទប្រកាន់ថាគាត់បានព្យាយាមបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកដោយគ្រោងនឹងផ្តួលរំលំការបោះឆ្នោតឆ្នាំ២០២០ និងបន្តកាន់អំណាច។ បើទោះជារូបលោក បានចាញ់អ្នកប្រជាធិបតេយ្យ លោក ចូ បៃដិនក៏ដោយ។
គូប្រជែងជិតស្និទ្ធបំផុតរបស់លោកត្រាំនៅក្នុងការស្ទង់មតិរបស់ CBS គឺ លោក Ron DeSantis ដែលបច្ចុប្បន្នជាអភិបាលរដ្ឋ Florida ដែលមាន ១៦ភាគរយ។ បេក្ខជនមកពីបក្សសាធារណៈរដ្ឋផ្សេងទៀតមានចំនួនគាំទ្រត្រឹមតែលេខ១ខ្ទង់ប៉ុណ្ណោះ។
លោកត្រាំ បាននិយាយថា៖«សាធារណជនដឹងថាខ្ញុំជានរណា និងអ្វីដែលខ្ញុំធ្វើជាប្រធានាធិបតីដ៏ជោគជ័យ» ដោយលើកឡើងពីសេដ្ឋកិច្ច និងបញ្ហារួមទាំងថាមពល សន្តិសុខព្រំដែន និងយោធា៕