លោក ថាក់ស៊ីន បានចាប់ផ្តើមអាជីពដំបូងជាមន្ត្រីនគរបាលអស់រយៈពេល ១៤ ឆ្នាំ មុននឹងលោកក្លាយជាអ្នកធុរកិច្ច និងមានស្តុកស្តម រួចចុងក្រោយក្លាយជាអ្នកនយោបាយដ៏មានប្រជាប្រិយភាពនៅក្នុងព្រះរាជាណាចក្រថៃ ដែលអំណាចព្រះមហាក្សត្របានចាក់ឫសយ៉ាងជ្រៅក្នុងសង្គមថៃ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន ABC លោក ស៊ីណាវ៉ាត្រា គឺជាមហាសេដ្ឋីទូរគមនាគមន៍ដ៏មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ហើយក្រោយមកបានក្លាយជាអ្នកនយោបាយ ដែលមានប្រជាប្រិយភាពក្នុងចំណោមអ្នកក្រ និងវណ្ណៈកម្មករពេលលោកកាន់អំណាចចាប់ពីឆ្នាំ២០០១ រហូតដល់ឆ្នាំ២០០៦ ។
លោក ថាក់ស៊ីន បានកើតនៅទីក្រុង Chang Mai ភាគឧត្តរនៃប្រទេសថៃ។ លោកថាក់ស៊ីនកាលពីដំបូងឡើយ បានបម្រើការជាប៉ូលីសអស់រយៈពេល ១៤ឆ្នាំ ហើយបានសិក្សានៅសហរដ្ឋអាមេរិក មុនពេលចេញរកស៊ីដោយខ្លួនឯង។
លោកថាក់ស៊ីន និងប្រពន្ធរបស់គាត់ ឈ្មោះ Pojaman na Pombejra បានចាប់ផ្តើមអាជីវកម្មលក់កុំព្យូទ័រតូចមួយនៅឆ្នាំ ១៩៨៣ដោយទទួលបានប្រាក់ចំណេញពីការរីកចំរើននៃបច្ចេកវិទ្យាជាបន្តបន្ទាប់ដែលកំណត់រយៈពេលពីរទសវត្សរ៍ខាងមុខ។
នៅទសវត្សរ៍ឆ្នាំ១៩៩០ ក្រុមហ៊ុន Shin Corp របស់លោកថាក់ស៊ីន គឺជាក្រុមហ៊ុនជោគជ័យមួយ ដែលប្រតិបត្តិការសេវាកម្មទូរស័ព្ទចល័ត ទូរទស្សន៍ខ្សែកាបដែលតម្រូវឱ្យបង់ប្រាក់ និងប្រព័ន្ធផ្កាយរណប។
លោក ថាក់ស៊ីន បានឈានជើងចូលក្នុងឆាកនយោបាយក្នុងឆ្នាំ ១៩៩៨ ដោយដំបូងឡើយបានបង្កើតគណបក្សនយោបាយមួយឈ្នោះថា Thai Rak Thai ដែលមានន័យជាភាសាខ្មែរថា «ថៃស្រឡាញ់ថៃ» និងបានធ្វើយុទ្ធនាការលើសារនយោបាយដែលផ្តល់ សេវាសុខាភិបាលដែលធូរថ្លៃជាងគេ និងការបន្ធូរបន្ថយបំណុល មុនពេលទទួលបានតំណែងនៅឆ្នាំ២០០១។
ក្នុងចំណោមកេរដំណែលកំណត់របស់លោក ក្នុងអំឡុងពេលកាន់អំណាចគឺជាក្បូននៃគោលនយោបាយសេដ្ឋកិច្ចដែលត្រូវបានគេដាក់ឈ្មោះថា «Thaksinomics» និងគំនិតផ្តួចផ្តើមការថែទាំសុខភាពជាសកលឆ្នាំ ២០០២។
នេះបានពង្រឹងការគាំទ្រគណបក្សរបស់លោកក្នុងចំណោមអ្នកបោះឆ្នោតវណ្ណៈកម្មករដែលបន្តរហូតដល់សព្វថ្ងៃនេះ ប៉ុន្តែលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ក៏បានខឹងសម្បារដល់អ្នកមានដែលបានចោទលោកពីបទពុករលួយ បក្ខពួកនិយម និងខ្វះការគោរពចំពោះនីតិរដ្ឋ។
លោកថាក់ស៊ីន ត្រូវបានបណ្តេញចេញពីអំណាចដោយរដ្ឋប្រហារក្នុងឆ្នំា ២០០៦ ក្រោយការជាប់ឆ្នោតជាលើកទី២ ដោយដឹកនាំប្រទេសបានមួយរយៈក្នុងអាណត្តិទី២នោះ។ មុនកើតមានរដ្ឋប្រហារនោះ មានភាពចម្រូងចម្រាស់មួយជុំវិញការលក់នៃក្រុមហ៊ុនរបស់លោកទៅឱ្យក្រុមហ៊ុន Temasek របស់ប្រទេសសិង្ហបុរីក្នុងតម្លៃជិត ២ពាន់លានដុល្លារ។
កិច្ចព្រមព្រៀងចុងក្រោយនោះហើយ ដែលជាឫសគល់នៃការចាប់ផ្តើមធ្លាក់ចុះនូវអំណាចរបស់គាត់ក្នុងព្រះរាជាណាចក្រថៃ ដោយក្រុមប្រឆាំងចោទប្រកាន់រូបលោកថាបានប្រើអំណាចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានភៀសខ្លួនទៅរស់នៅក្នុងស្ថានភាពនិរទេសខ្លួនដោយខ្លួនឯងនៅបរទេសចាប់តាំងពីឆ្នាំ ២០០៨ដើម្បីជៀសវាងការកាត់ទោសពីបទរំលោភអំណាច។
ចាប់តាំងពីការនិរទេសខ្លួន តាមការកត់សម្គាល់នានាដែលចុះផ្សាយលើពិភពលោក លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបង្ហាញបំណងវិលចូលស្រុកយ៉ាងហោចណាស់ជិត២០ដងក្នុងរយៈពេល១៥ឆ្នាំមកនេះ។ ប៉ុន្តែទីបំផុត លោកនៅតែអាចវិលចូលប្រទេសវិញប្រកបដោយកិត្តិយសនៅថ្ងៃនេះ ខណៈដែលគណបក្សភឿថៃដែលមានឥទ្ធិពលក្រុមគ្រួសារលោកថាក់ស៊ីននៅជាមួយផង ត្រៀមដឹកនាំរដ្ឋាភិបាលអាណត្តិថ្មី ដែលជាប់គាំងអស់រយៈពេលជាង៣ខែ៕