តុលាការកំពូលថៃ បានកាត់ទោសលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្ត្រី ដែលអស់អំណាចដោយរដ្ឋប្រហារកាលពីឆ្នាំ២០០៦ ឱ្យ ជាប់ពន្ធធានាគាររយៈពេល ៨ ឆ្នាំ បន្ទាប់ពីបានវិលត្រឡប់មកដល់ប្រទេសកំណើតនៅថ្ងៃអង្គារនេះ ដោយបញ្ចប់ការនិរទេសខ្លួននៅក្រៅប្រទេសរយៈពេល ១៥ ឆ្នាំ។
យោងតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដែលដកស្រង់សេចក្តីថ្លែងការណ៍របស់តុលាការកំពូលបានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលបានត្រឡប់មកពីនិរទេសខ្លួនឯងវិញកាលពីថ្ងៃអង្គារនឹងជាប់ពន្ធនាគារសរុបចំនួនប្រាំបីឆ្នាំ។
ការជាប់ពន្ធនាគារគ្របដណ្តប់លើករណីចំនួនបីផ្សេងគ្នា គឺ ១ បទរំលោភអំណាច និងបទក្លែងបន្លំ ២.ការបញ្ជាឱ្យធនាគារគ្រប់គ្រងដោយរដ្ឋដោយខុសច្បាប់ឱ្យចេញប្រាក់កម្ចីបរទេស និង៣. ការកាន់កាប់ភាគហ៊ុនដោយខុសច្បាប់តាមរយៈអ្នកតែងតាំង។
បន្ទាប់ពីប្រកាសសាលក្រមភ្លាម លោក ថាក់ស៊ីន ត្រូវបាននាំខ្លួនទៅកាន់ពន្ធនាគារគណ្តាល «Klong Prem» នៅថ្ងៃអង្គារបន្ទាប់ពីលោកចុះចតនៅអាកាសយានដ្ឋាន ដុនមឿងកាលពីម៉ោង៩ ហើយប៉ុន្មានម៉ោងប៉ុណ្ណោះមុនសភានិងព្រឹទ្ធសភាថៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅរសៀលនេះ៕