អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្ រាដែលត្រូវបានបណ្តេញចេញពីអំណាចដោយរដ្ឋប្រហារមិនបង្ហូរឈាមមួយ កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០០៦ ពេលដែលលោកចូលរួមប្រជុំសន្និបាតអង្គការសហប្រជាជាតិនៅបុរីញូយ៉កសហរដ្ឋអាមេរិក បានវិលចូលប្រទេសវិញក្រោយពីនិរទេសអស់រយៈពេល ១៥ ឆ្នាំ ហើយប្រឈមជាប់ពន្ធនាគារ៨ឆ្នាំតាមអំណាចសាលក្រមចុងក្រោយនៃតុលាការកំពូល។
លោក ថាក់ស៊ីន ដែលនៅរក្សាឥទ្ធិពលនយោបាយលេចត្រដែតក្នុងឆាកនយោបាយថៃអស់រយៈពេលជាង ២ ទសវត្សរ៍ ចាប់តាំងពីលោកបង្កើតគណបក្សនយោបាយដោយដំបូងមួយឈ្នោះថា Thai Rak Thai ដែលមានន័យជាភាសាខ្មែរថា «ថៃស្រឡាញ់ថៃ» និងបានឈ្នះការបោះឆ្នោតឡើងកាន់អំណាចក្នុងឆ្នាំ ២០០១។
យោងតាមសារព័ត៌មាន ABC របស់អូស្ត្រាលីដែលចុះផ្សាយពីប្រវត្តិរបស់លោក សារនយោបាយសំខាន់ដែលនាំឱ្យគណបក្សថៃស្រឡាញ់ថៃឈ្នះនាពេលនេះ គឺផ្តោតលើសេវាសុខាភិបាលដែលធូរថ្លៃ និងការបន្ធូរបន្ថយបំណុល។
លោកបានជាប់ឆ្នោតជាលើកទី២ សម្រាប់អាណត្តិបន្ទាប់ ប៉ុន្តែជាអកុសលលោកត្រូវធ្វើរដ្ឋប្រហារ និងរងការចោទប្រកាន់ពីការរំលោភអំណាច ហើយត្រូវនិរទេសខ្លួនដោយបង្ខំទៅកាន់បរទេសចាប់តាំងពីឆ្នាំ ២០០៨ ដោយគ្មានឱកាសវិលចូលស្រុកវិញសូម្បីម្តង ទោះបីមានការកត់សម្គាល់ថា លោកបានបង្ហាញបំណងវិលចូលស្រុកយ៉ាងហោច ២០ ដង។
ប៉ុន្តែថ្ងៃទី ២២ សីហានេះ ជាពេលវេលាចុងក្រោយដែលលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចបំបែកភាពនឹកស្រុករបស់លោកអស់រយៈពេល ១៥ ឆ្នាំដោយការរស់នៅប្រទេស ហើយភាគច្រើនរស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត នៅតំបន់មជ្ឈិមបូព៌ា។
លោក ថាក់ស៊ីន តាមរយៈកូនស្រីពៅរបស់លោក គឺលោកស្រី ភែថងថាន ស៊ីណាវ៉ាត្រា ដែលជាអ្នកនយោបាយកំពូលមួយរូបនៃគណបក្សភឿថៃដែលត្រៀមខ្លួនសម្រាប់ដឹកនាំរដ្ឋាភិបាលថៃនៅអាណត្តិបន្ទាប់នេះ បានលាតត្រដាងពីការវិលចូលប្រទេសវិញជាញឹកញាប់ ទោះបីជាត្រូវប្រឈមផ្លូវច្បាប់ដែលបានប្តឹងលោកកន្លងមក។
នៅពេលចុះចតនៅអាកាសយានដ្ឋានបាងកកដុនមឿង នៅថ្ងៃទី ២២ ខែសីហា ដូចការសន្យាចុងក្រោយ លោក ថាក់ស៊ីន ត្រូវបានស្វាគមន៍ដោយក្រុមអ្នកគាំទ្រពាក់អាវក្រហមជាច្រើនម៉ឺននាក់មកពីបណ្តាខេត្ត ហើយក៏រួមមានក្រុមនគរបាលព្រហ្មទណ្ឌដែលចាំលោកដើម្បីទៅប្រឈមសាលក្រមដែលនឹងត្រូវប្រកាសដោយតុលាការកំពូលផងដែរ។
ក្រោយសំចតនៅព្រលានយន្តហោះដុនមឿងជា ១ ម៉ោង ប៉ូលិសព្រហ្មទណ្ឌបានដឹកលោកថាក់ស៊ីនទៅកាន់តុលាការកំពូលថៃ ដើម្បីស្តាប់សាលក្រមដែលកាត់ទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំ ហើយបន្ទាប់ពីប្រកាសសាលក្រមភ្លាម លោក ថាក់ស៊ីន ត្រូវបាននាំខ្លួនទៅកាន់ពន្ធនាគារកណ្តាល «Klong Prem» ក្នុងទីក្រុងបាងកក។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ការជាប់ពន្ធនាគាររបស់លោកថាក់ស៊ីន គ្របដណ្តប់លើករណីចំនួន ៣ ផ្សេងគ្នា គឺ ១) បទរំលោភអំណាច និងបទក្លែងបន្លំ ២) ការបញ្ជាឱ្យធនាគារគ្រប់គ្រងដោយរដ្ឋដោយខុសច្បាប់ឱ្យចេញប្រាក់កម្ចីបរទេស និង៣) ការកាន់កាប់ភាគហ៊ុនដោយខុសច្បាប់តាមរយៈអ្នកដែលត្រូវតែងតាំង។
យោងតាម ABC លោក ថាក់ស៊ីន មានស្រុកកំណើតទីក្រុង Chang Mai ភាគឧត្តរនៃប្រទេសថៃ។ លោកថាក់ស៊ីន កាលពីដំបូងឡើយ បានបម្រើការជាប៉ូលិសអស់រយៈពេល ១៤ ឆ្នាំ ហើយបានសិក្សានៅសហរដ្ឋអាមេរិក មុនពេលចេញរកស៊ីដោយខ្លួនឯង។
លោក ថាក់ស៊ីន មានប្រពន្ធឈ្មោះ Pojaman na Pombejra បានចាប់ផ្តើមអាជីវកម្មលក់កុំព្យូទ័រតូចមួយនៅឆ្នាំ ១៩៨៣ ដោយទទួលបានប្រាក់ចំណេញយ៉ាងច្រើនពីការរីកចម្រើននៃបច្ចេកវិទ្យានាពេលនោះ៕