យោងតាមការចេញផ្សាយរបស់រ៉យទ័រ មន្ត្រីម្នាក់មកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បាននិយាយថា ប្រទេសជប៉ុន រំពឹងថានឹងមានផលប៉ះពាល់ «យ៉ាងសំខាន់» ពីការហាមឃាត់ការនាំចូលអាហារសមុទ្រដោយហុងកុង និងម៉ាកាវ ដោយសារតែការគ្រោងបង្ហូរទឹកចេញពីរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា (Fukushima) នាពេលខាងមុខ។
ប្រទេសជប៉ុន នឹងចាប់ផ្តើមបញ្ចេញទឹក ដែលបានធ្វើប្រព្រឹត្តិកម្មរួចជាងមួយលានតោនម៉ែត្រគូបពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ដែលរងការខូចខាតដោយសារផ្ទុះស៊ូណាមិ កាលពីឆ្នាំ២០១១ ទៅក្នុងសមុទ្រនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ជាងមួយទសវត្សរ៍បន្ទាប់ពីឧបទ្ទវហេតុបានកើតឡើងនិងចំពេលមានការរិះគន់យ៉ាងចាស់ដៃពីប្រទេសចិន។
ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិន ដែលជាប្រទេសនាំចូលអាហារសមុទ្រដ៏ធំបំផុតរបស់ជប៉ុន នឹងចាត់វិធានការដើម្បីការពារបរិស្ថានសមុទ្រ សុវត្ថិភាពចំណីអាហារ និងសុខភាពសាធារណៈរបស់ខ្លួន។ ទីក្រុងប៉េកាំងបានហាមឃាត់ការនាំចូលពីតំបន់មួយចំនួនយ៉ាងហោចពីខេត្តចំនួន ១០ របស់ជប៉ុន រួចហើយ។
នៅក្នុងវិធានការចុងក្រោយបំផុត មជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីនៃទីក្រុងហុងកុង និងមជ្ឈមណ្ឌលល្បែងស៊ីសងនៃទីក្រុងម៉ាកាវ ដែលជាតំបន់ពិសេសរបស់ចិនទាំងពីរនឹងហាមឃាត់ការនាំចូលផលិតផលជលផលពីតំបន់របស់ជប៉ុនចំនួនដូចគ្នារួមទាំងទីក្រុងតូក្យូ និងហ្វូគូស៊ីម៉ា ចាប់ពីថ្ងៃព្រហស្បតិ៍ស្អែកនេះ។
មន្ត្រីនៅក្រសួង MAFF ដែលបដិសេធមិនបញ្ចេញឈ្មោះ បាននិយាយថា ផលប៉ះពាល់នៃការហាមប្រាមការនាំចូលអាហារសមុទ្រហុងកុង និងម៉ាកាវ មិនអាចគណនាបានភ្លាមៗទេ ប៉ុន្តែនឹងមាន «ផលប៉ះពាល់ខ្លាំង»។
យោងតាមទិន្នន័យរបស់ MAFF បានឱ្យដឹងថា ប្រទេសចិន ដែលជាអ្នកទិញខ្យងសមុទ្រ (scallop) យ៉ាងច្រើនពីប្រទេសជប៉ុន និងជាអ្នកប្រើប្រាស់ដ៏ធំនៃត្រសក់សមុទ្រ បាននាំចូលអាហារសមុទ្រជប៉ុនចំនួន ៨៧,១ ពាន់លានយ៉េន (ប្រមាណ ៧០០ លានដុល្លារ) ក្នុងឆ្នាំ ២០២២ ឬមួយភាគប្រាំនៃការនាំចេញអាហារសមុទ្រសរុបរបស់ប្រទេសជប៉ុន ទៅក្រៅប្រទេស។ នេះបើយោងតាមទិន្នន័យរបស់ MAFF ។
ទិន្នន័យបង្ហាញថា ហុងកុង ដែលជាទីផ្សារអាហារសមុទ្រធំជាងគេទីពីររបស់ជប៉ុន បន្ទាប់ពីចិនដីគោក ដែលក្រសួងបានគណនាដាច់ដោយឡែកនោះ បានទិញអាហារសមុទ្រតម្លៃ ៧៥,៥ ពាន់លានយ៉េន ពីប្រទេសជប៉ុន៕