បន្ទាប់ពីអនុប្រធានាធិបតីតៃវ៉ាន់បានបញ្ចប់ទស្សនកិច្ចនៅប្រទេសប៉ារ៉ាហ្គាយនៅតំបន់អាមេរិកឡាទីនមិនដល់ ១ សប្តាហ៍ផង សភានៃប្រទេសកណ្ដាលអាមេរិកនៅថ្ងៃចន្ទបានបោះឆ្នោតដកភាគីតៃវ៉ាន់ ដែលជាអ្នកសង្កេតការណ៍អចិន្រៃ្តយ៍អស់រយៈពេលជាង ២ ទសវត្សរ៍មកហើយនោះ ដោយជំនួសមកវិញនូវអ្នកសង្កេតការណ៍អចិន្រៃ្តយ៍ចិនវិញម្តង។ ព្រឹត្តិការណ៍នេះបានបង្ហាញថា ការកើនឡើងឥទ្ធិពលសេដ្ឋកិច្ចរបស់ចិននៅតំបន់អាមេរិកឡាទីន បានធ្វើឱ្យវត្តមានរបស់តៃវ៉ាន់នៅក្នុងតំបន់នោះមិនសូវសំខាន់សម្រាប់បណ្ដាប្រទេសទាំងអស់នៅតំបន់នោះទៀតទេ។
សភាប្រទេសទាំង ៦ ឬហៅកាត់ថា សភាអាមេរិកកណ្ដាល បានជួបប្រជុំគ្នានៅរដ្ឋធានីម៉ាណាហ្គោអា (Managua) នៃប្រទេសនីការ៉ាហ្គា ហើយក្នុងអំឡុងពេលកិច្ចប្រជុំ សមាជិកសភាក្នុងតំបន់បានស្នើឱ្យដាក់បញ្ចូលភាគីប្រទេសចិនដែលតែងតែចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន បើទោះបីជាតៃវ៉ាន់មានរដ្ឋាភិបាលប្រជាធិបតេយ្យដាច់ដោយឡែកក៏ដោយ។
ក្រសួងការបរទេសរបស់កោះតៃវ៉ាន់បានលើកឡើងថា ខ្លួនបានសម្រេចចិត្តដកខ្លួនចេញពីសភាអាមេរិកកណ្តាលភ្លាមៗក្នុងគោលបំណងរក្សាសេចក្តីថ្លៃថ្នូររបស់ជាតិ ហើយបានថ្កោលទោសទង្វើនេះថា ជាកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការគាបសង្កត់មិនឱ្យតៃវ៉ាន់អាចចូលរួមជាមួយឆាកអន្តរជាតិ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ សភាអាមេរិកកណ្ដាលបានលើកឡើងអំពីការបណ្តេញភាគីតៃវ៉ាន់នៅក្នុងឆ្នាំ ១៩៧១ របស់អង្គការសហប្រជាជាតិ ហើយទទួលយកប្រទេសចិនវិញ។ សភានេះបានបន្តថា ដូច្នេះតៃវ៉ាន់គឺជាខេត្តមួយរបស់ប្រទេសចិនដីគោក ដែលមិនមានលក្ខណៈគ្រប់គ្រាន់ក្នុងការចូលរួមជាប្រទេសឯករាជ្យនោះទេ។
បន្ថែមលើនេះ ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិនក៏បានសម្តែងការយល់ស្របចំពោះការសម្រេចចិត្តរបស់សភាអាមេរិកកណ្ដាលនេះផងដែរ។
ទីក្រុងប៉េកាំងបានពង្រីកឥទ្ធិពលរបស់ខ្លួននៅតំបន់អាមេរិកកណ្តាល ជាពិសេសសមាជិករបស់សភាអាមេរិកកណ្ដាល ក្នុងនោះរួមមាន នីការ៉ាហ្កា អែលសាល់វ៉ាឌ័រ ហុងឌូរ៉ាស ប៉ាណាម៉ា និងសាធារណរដ្ឋដូមីនិក។ ប្រទេសទាំងអស់នេះក៏បានផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
សម្រាប់ប្រទេសបេលី (Belize) និងប្រទេសប៉ារ៉ាហ្គាយ (Paraguay) វិញក៏នៅតែរក្សាទំនាក់ទំនងជាមួយតៃវ៉ាន់ដដែលប៉ុន្តែក្រុមមន្ត្រីអាមេរិកបានយល់ឃើញថាប្រទេសប៉ារ៉ាហ្គាយអាចជាប្រទេសបន្ទាប់ដែលនឹងផ្លាស់ប្ដូរគោលជំហររបស់ខ្លួនងាកចេញពីតៃវ៉ាន់៕