យានអវកាសរបស់ប្រទេសឥណ្ឌា Chandrayaan-3 ឬ «យានព្រះចន្ទ» ជាភាសា Hindi និងសំស្ក្រឹតរបស់ឥណ្ឌា កាលពីថ្ងៃពុធកន្លងទៅនេះ បានចុះចតយ៉ាងជោគជ័យ នៅលើឋានព្រះចន្ទ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍបច្ចេកវិទ្យាលម្ហអាកាសក្រោយបរាជ័យយានអវកាស Chandrayaan-2 កាលពីឆ្នាំ ២០១៩។
ប្រទេសឥណ្ឌាបានមើលឃើញបេសកកម្មនេះថា មានសារៈសំខាន់ចំពោះការរុករកនៅលើឋានព្រះចន្ទ និងជាការឈរជើងរបស់ឥណ្ឌាក្នុងឋានៈជាមហាអំណាចលើវិស័យរុករកអវកាសត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីយានរបស់រុស្ស៊ីបានធ្លាក់។
នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារ៉េន ដ្រា ម៉ូឌី (Narendra Modi) ដែលកំពុងគ្រវីទង់ជាតិឥណ្ឌា ខណៈពេលមើលការចុះចតនៃយានអវកាសរបស់ខ្លួនពីអ្រាហ្វិកខាងត្បូងជាកន្លែងដែលលោកកំពុងចូលរួមក្នុងកិច្ចប្រជុំកំពូល Brics បាននិយាយថានេះគឺជាសម្រែកជ័យជម្នះថ្មីដ៏អស្ចារ្យរបស់ប្រទេសឥណ្ឌា។
ស្របពេលជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្ត្រ និងមន្ត្រីនៃអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានទះដៃអបអរសាទរ ឱបគ្នា និងស្រែកហ៊ោ នៅពេលដែលយានអវកាសបានចុះចតបានសម្រេច ខណៈរដ្ឋាភិបាលក៏កំពុងស្វះស្វែងរកវិធានជំរុញការវិនិយោគជុំវិញការបាញ់បង្ហោះលក្ខណៈឯកជន និងអាជីវកម្មដែលទាក់ទងនឹងផ្កាយរណប។
នេះគឺជាការប៉ុនប៉ងលើកទី២ របស់ឥណ្ឌាក្នុងការចុះចតយានអវកាសរបស់ខ្លួននៅលើឋានព្រះចន្ទហើយវាក៏សម្រេចបានជោគជ័យត្រឹម ១ សប្តាហ៍បន្ទាប់ពីបេសកកម្ម Luna-25 របស់រុស្ស៊ីបានបរាជ័យ។
បេសកកម្មទី១ របស់ប្រទេសឥណ្ឌាបានធ្វើឡើងក្នុងឆ្នាំ ២០១៩ ប៉ុន្តែអ្វីៗត្រូវរងបរាជ័យក្រោយធ្លាក់មុនពេលចុះចត។
លោកស្រី Carla Filotico ជានាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សា SpaceTec Partners បានលើកឡើងថា៖«ការចុះចតនៅលើប៉ូលខាងត្បូង (នៃឋានព្រះចន្ទ) ពិតជាអនុញ្ញាតឱ្យឥណ្ឌារុករកប្រសិនបើមានទឹកកកទឹកនៅលើព្រះចន្ទ ហើយវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការប្រមូលទិន្នន័យ និងវិទ្យាសាស្ត្រនៃឋានព្រះចន្ទ»។
ទីភ្នាក់ងារអវកាសឥណ្ឌាបានបាញ់បង្ហោះរ៉ុក្កែតនេះដែលចូលរួមអភិវឌ្ឍដោយសិង្ហបុរី កាលពីថ្ងៃទី ១៤ ខែកក្កដា ដោយបានបាញ់ចេញពីកំពង់ផែអវកាសដ៏សំខាន់របស់ប្រទេសក្នុងរដ្ឋ Andhra Pradesh ភាគខាងត្បូងប្រទេសឥណ្ឌាផ្ទាល់៕