
រ៉ុក្កែត H-2A របស់ប្រទេសជប៉ុន បាញ់បង្ហោះនៅមជ្ឈមណ្ឌលអវកាស Tanegashima នៅកោះ Tanegashima ក្នុងខេត្ត Kagoshima កាលពីខែវិច្ឆិកា ឆ្នាំ ២០១៦។ AFP
ប្រទេសជប៉ុន នឹងក្លាយជាប្រទេសចុងក្រោយគេដែលមានបំណងទៅឋានព្រះច័ន្ទគិតត្រឹមចុងសប្តាហ៍នេះ ពោលគឺត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីយានអវកាសរុស្ស៊ីបានបរាជ័យបុកជាមួយផ្ទៃព្រះច័ន្ទ ហើយយាន Chandrayaan-3 របស់ឥណ្ឌាបានចុះចតយ៉ាងជោគជ័យនៅជិតប៉ូលខាងត្បូងនៃភពមួយនេះ។
រ៉ុក្កែត H2-A របស់ទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) គ្រោងនឹងបាញ់បង្ហោះចេញ ពីមជ្ឈមណ្ឌលអវកាស Tanegashima ភាគខាងត្បូងនៃប្រទេសជប៉ុន នៅព្រឹកថ្ងៃអាទិត្យដ៏ឆាប់ខាងមុខនេះ។ រ៉ុក្កែតមួយនេះមានភ្ជាប់ផ្កាយរណបថតរូបកម្រិតខ្ពស់មួយ និងយានចុះចតទម្ងន់ស្រាល ដែលគេរំពឹងថាវានឹងចុះមកលើព្រះច័ន្ទក្នុងខែមករា ឬកុម្ភៈ ឆ្នាំ ២០២៤។
ការបាញ់បង្ហោះជាថ្មីនេះ គឺជាការជំរុញយ៉ាងខ្លាំងរបស់ JAXA ដើម្បីស្វែងរកភាពជោគជ័យដូចប្រទេសមួយក្តាប់តូច និងចាប់ផ្តើមកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនឡើងវិញផងដែរ បន្ទាប់ពីការបរាជ័យ និងខាតបង់ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ ជប៉ុនបានបរាជ័យ ការបាញ់បង្ហោះជាច្រើនដង បូករួមទាំងការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបពាណិជ្ជកម្ម និងធ្វើការកែប្រែគ្រាប់រ៉ុក្កែតជំនាន់ថ្មីជាច្រើនដងផងដែរ។
លោក Jiro Kasahara ជាសាស្ត្រាចារ្យនៅនាយកដ្ឋានវិស្វកម្មអវកាសនៃសាកលវិទ្យាល័យ Nagoya បាននិយាយថា កំហុសទាំងនោះបានដាក់សម្ពាធបន្ថែមលើ JAXA ដើម្បីខិតខំស្វែងរកភាពជោគជ័យជូនជាតិឱ្យទាល់តែបាននៅពេលនេះ។
លោក Jiro Kasahara បានបន្តថា ការចុះចតនៅសេឡេស្ទាលដែលកំពុងផ្លាស់ទីទាមទារបច្ចេកវិទ្យាដ៏អស្ចារ្យ ហើយពិបាក។ ខណៈពេលដែលទីភ្នាក់ងារអវកាសផ្សេងទៀតបានជាសះស្បើយពីការបរាជ័យហើយ នោះ JAXA នឹងកាន់តែលំបាកទៅទៀតដើម្បីដើរឱ្យទាន់គេ ក្នុងករណីបាញ់បង្ហោះលើកនេះបរាជ័យម្តងទៀត។
ទីភ្នាក់ងាររុករកអវកាសជប៉ុន JAXA រងសម្ពាធខ្លាំងគឺនៅខែតុលា ឆ្នាំ ២០២២។ វាគឺជាការបាញ់បង្ហោះលើកទី៦ និងជាបាញ់បង្ហោះផ្កាយរណបពាណិជ្ជកម្មដំបូង ក្រោមកិច្ចសន្យាដែលខ្លួនទទួលបាន តែអ្វីៗមិនដូចផែនការ ពោលគឺ JAXA រងបរាជ័យ៕