រដ្ឋមន្ត្រីក្រសួងអប់រំបារាំងបាននិយាយថា ៖ «ក្រសួងនឹងមិនអនុញ្ញាតឱ្យសិស្សានុសិស្សស្លៀកសំលៀកបំពាក់ប្រភេទអាបាយ៉ាស (Abayas) ដែលជាប្រភេទអាវរលុងវែងៗ សម្រាប់ស្ត្រីមូស្លីម នៅក្នុងសាលារដ្ឋបារាំង ទាំងអស់»។ ច្បាប់នេះនឹងត្រូវបានដាក់ចេញឱ្យអនុវត្តភ្លាមៗ ពោលគឺនៅពេលដែលឆ្នាំសិក្សាថ្មីនឹងចាប់ផ្តើមនៅថ្ងៃទី៤ ខែកញ្ញា ខាងមុខនេះ។
ប្រទេសបារាំងបានធ្វើការហាមប្រាមយ៉ាងតឹងរ៉ឹងចំពោះការពាក់និមិត្តសញ្ញាសាសនាណាមួយ។ ជាក់ស្ដែង ការទទូរក្រមាលើក្បាលនៅសាលារដ្ឋ និងនៅបរិវេណអគាររដ្ឋាភិបាលត្រូវបានហាមឃាត់តាំងពីឆ្នាំ២០០៤ មកម៉្លេះ។ នេះគឺដោយសារតែពួកគេជឿថា និមិត្តសញ្ញាទាំងអស់នោះជាការផ្ទុយទៅនឹងច្បាប់អាណាចក្រ។
រដ្ឋមន្ត្រីក្រសួងអប់រំបារាំង លោក ហ្កាប្រៀល អាតាល (Gabriel Attal) បានប្រាប់ទៅកាន់ទូរទស្សន៍ប៉ុស្ដិ៍ TF1 របស់ប្រទេសបារាំងថា «នៅពេលដែលអ្នកដើរចូលទៅក្នុងថ្នាក់រៀន អ្នកមិនគួរអាចកំណត់អត្តសញ្ញាណថាសិស្សម្នាក់ណា កាន់សាសនាណាមួយ ដោយគ្រាន់តែមើលរូបខាងក្រៅរបស់ពួកគេនោះទេ»។ លោកបានបន្ថែមថា ៖ «ខ្ញុំបានសម្រេចចិត្តថា សំលៀកបំពាក់ អាបាយ៉ាស មិនអាចពាក់នៅសាលាបានទៀតទេ»។
វិធានការហាមប្រាមថ្មីនេះបានដាក់ចេញបន្ទាប់ពីមានការជជែកដេញដោលជាច្រើនខែជុំវិញការពាក់អាវអាបាយ៉ាស នៅក្នុងសាលារដ្ឋបារាំង។ សម្លៀកបំពាក់បែបនេះ ត្រូវបានពាក់កាន់តែច្រើននៅក្នុងសាលារៀន ដែលនាំឱ្យមានការបែងចែកបក្សពួក និងនិន្នាការនយោបាយ ដោយគណបក្សស្តាំនិយមបានជំរុញឱ្យមានការហាមឃាត់ ខណៈដែលគណបក្សឆ្វេងនិយមបានសម្តែងការព្រួយបារម្ភចំពោះសិទ្ធិស្ត្រី និងកុមារីមូស្លីម»។
រដ្ឋមន្ត្រីក្រសួងអប់រំបានសង្កត់ធ្ងន់ថា ៖ «អាណាចក្រនិយមមានន័យថា សេរីភាពក្នុងការរំដោះខ្លួន ចេញពីសាសនានិយម តាមរយៈសាលារៀន»។ លោកបានលើកហេតុផលថា ៖ «សម្លៀកបំពាក់អាបាយ៉ាសគឺជាអត្តសញ្ញាណមួយដែលរំខានដល់គុណតម្លៃអាណាចក្រនិយមនៅក្នុងសាលារៀន»។
លោកបានរំលេចថា លោកនឹងដាក់ចេញច្បាប់នេះឱ្យបានជាក់លាក់សម្រាប់អនុវត្តនៅទូទាំងប្រទេសទាំងមូល ឱ្យបានមុនពេលសាលាបើកបវេសនកាលឡើងវិញបន្ទាប់ពីវិស្សមកាលរដូវក្តៅ។ គួររំឭកថា កាលពីឆ្នាំ២០១០ ប្រទេសបារាំងបានចេញច្បាប់មិនឱ្យពាក់ស្បៃមុខនៅទីសាធារណៈ ដែលកាលនោះ បានធ្វើឱ្យសហគមន៍មូស្លីមចំនួន ៥ លាននាក់នៅប្រទេសបារាំងមានការខឹងសម្បារយ៉ាងខ្លាំង។
ជាការកត់សម្គាល់ ប្រទេសបារាំងបានអនុវត្តការហាមឃាត់យ៉ាងតឹងរ៉ឹងទៅលើសញ្ញាសាសនាណាមួយនៅតាមសាលារៀន រាប់ចាប់តាំងពីសតវត្សទី១៩ មកក្នុងនោះក៏មានទាំងនិមិត្តសញ្ញាគ្រីស្ទានដូចជាឈើឆ្កាងធំៗជាដើម ក្នុងគោលបំណងទប់ស្កាត់ឥទ្ធិពលនិកាយកាតូលិកនៅក្នុងប្រព័ន្ធអប់រំសាធារណៈ។
ប៉ុន្មានឆ្នាំកន្លងមកនេះ បារាំងបានធ្វើបច្ចុប្បន្នភាពច្បាប់ជាច្រើន ដើម្បីបត់បែនទៅតាមការផ្លាស់ប្តូរចំនួនប្រជាជនរបស់ខ្លួន ដែលឥឡូវនេះ បារាំងបានហាមឃាត់កន្សែងរុំក្បាលរបស់មូស្លីម និងមួកមួយប្រភេទរបស់ជនជាតិជ្វីហ្វ (Kippa) ប៉ុន្តែសម្លៀកបំពាក់អាបាយ៉ាសនេះ នៅមិនទាន់ត្រូវបានហាមឃាត់ទាំងស្រុងនៅឡើយទេ។
នៅប្រទេសបារាំង ការជជែកវែកញែកអំពីនិមិត្តសញ្ញាឥស្លាមបានកើនឡើងគួរឱ្យកត់សម្គាល់ ពោលគឺចាប់តាំងពីជនភៀសខ្លួនជនជាតិ ឆិនឆិន (Chechen) ម្នាក់បានកាត់ក្បាលគ្រូបង្រៀនម្នាក់ឈ្មោះថាសាមូល ផាទី (Samuel Paty)ដែលគ្រូបង្រៀនម្នាក់នេះបានបង្ហាញរូបសិស្សរបស់ព្យាការីម៉ូហាម៉ាដ (Mohammed) ក្បែរសាលារៀននៅជាយក្រុងប៉ារីសក្នុងឆ្នាំ២០២០។
នេះគឺជាការសម្រេចចិត្តដ៏សំខាន់លើកដំបូងរបស់លោក អាតាល ដែលមានវ័យទើបតែ ៣៤ ឆ្នាំ។ លោកបានក្លាយជារដ្ឋមន្ត្រីក្រសួងអប់រំបារាំងកាលពីរដូវក្តៅ ក្រោមការតែងតាំងរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុន(Emmanuel Macron)។ ដោយឡែក ក្រុមប្រឹក្សាបារាំងនៃជំនឿអ៊ីស្លាម ឬហៅកាត់ថា CFCM បានលើកឡើងថា សម្លៀកបំពាក់តែម៉្យាងមិនអាចចាត់ទុកថាជាសញ្ញាសាសនានោះទេ៕