ប៉ុន្មានថ្ងៃបន្ទាប់ពីក្លាយជាប្រទេសដំបូងគេបង្អស់ ដែលចុះចតបានដោយជោគជ័យនៅក្បែរប៉ូលខាងត្បូង នៃឋានព្រះចន្ទដែលជាផ្នែកមួយដែលមិនទាន់មានការរុករក ពេលនេះទីភ្នាក់ងារអវកាសរបស់ប្រទេសឥណ្ឌា បាននិយាយថា ខ្លួននឹងបាញ់បង្ហោះផ្កាយរណបមួយបន្ថែមទៀតដើម្បីស្ទង់ ឬសិក្សាពីព្រះអាទិត្យ។
អង្គការស្រាវជ្រាវអវកាសឥណ្ឌា (Isro) បានឱ្យដឹងនៅលើកម្មវិធី X ថា ការបាញ់បង្ហោះ Aditya-L1 ដែលជាយានសង្កេតការណ៍ឥណ្ឌាដំបូងគេទៅដាក់មូលដ្ឋានលើទីអវកាស គឺធ្វើឡើងក្នុងគោលបំណងសិក្សាអំពីព្រះអាទិត្យ ហើយការបាញ់បង្ហោះយាននេះត្រូវបានកំណត់ពេលរួចរាល់ហើយគឺនៅថ្ងៃទី ២ ខែកញ្ញា។
Aditya ជាភាសាហិណ្ឌូដែលមានន័យថា «ព្រះអាទិត្យ» នឹងត្រូវបានបាញ់ចូលទៅក្នុងគន្លង halo ដែលមានចម្ងាយប្រមាណ ១.៥ លានគីឡូម៉ែត្រពីផែនដី។ ប្រសិនបើការបាញ់នេះប្រព្រឹត្តទៅដោយជោគជ័យនោះវានឹងបង្ហាញទិដ្ឋភាពច្បាស់ៗបន្ថែមជាបន្តបន្ទាប់ពីព្រះអាទិត្យ។
Isro បាននិយាយថា៖ «ការបាញ់នេះនឹងផ្តល់នូវអត្ថប្រយោជន៍កាន់តែច្រើនជុំវិញការសង្កេតមើលសកម្មភាពព្រះអាទិត្យ និងឥទ្ធិពលរបស់វាទៅលើអាកាសធាតុក្នុងលំហតាមពេលវេលាជាក់លាក់»។
យានអវកាស Aditya នឹងផ្ទុក payloads ចំនួន ៧ ដើម្បីសង្កេតមើលស្រទាប់ខាងក្រៅបំផុតរបស់ព្រះអាទិត្យ ដែលត្រូវបានគេស្គាល់ថា ជាហ្វូតូស្វ៊ែរ និងក្រូម៉ូសូម រួមទាំងឧបករណ៍ចាប់សញ្ញាអេឡិចត្រូម៉ាញេទិក និងភាគល្អិត។
សូមជម្រាបថា ប្រទេសឥណ្ឌា មានកម្មវិធីអវកាស ដែលមានតម្លៃទាបបំផុតមួយបើប្រៀបធៀបនឹងបណ្តាលប្រទេសដទៃ ហើយចាប់តាំងពីការបញ្ជូនយានអវកាសលើកដំបូង ទៅកាន់គន្លងព្រះចន្ទក្នុងឆ្នាំ ២០០៨ វិស័យអវកាសឥណ្ឌាផ្តើមមានសន្ទុះខ្លាំងឡើងៗ។
អ្នកជំនាញនិយាយថា ប្រទេសឥណ្ឌានឹងអាចរក្សាការចំណាយទាបទៅលើការរុករកទីអវកាស តាមរយៈការចម្លង និងច្នៃបច្ចេកវិទ្យាដែលមានស្រាប់ ប៉ុន្តែគេក៏មិនត្រូវភ្លេចដែរ វិស្វករជំនាញខ្ពស់ៗក្នុងវិស័យអវកាសរបស់ឥណ្ឌា៕