អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃអង្គារ ថា រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នៅថ្ងៃទី ៣០ ខែសីហា ដោយភាគីទាំងពីរ នឹងពិភាក្សាផ្លាស់ប្តូរលើបញ្ហាដែលគួរឱ្យព្រួយបារម្ភ។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយយ៉ាងខ្លាំងថា «ភាគីទាំងពីរនឹងមានការផ្លាស់ប្តូរស៊ីជម្រៅលើបញ្ហានៃការព្រួយបារម្ភ» នៅពេលត្រូវបានសួរអំពីដំណើរទស្សនកិច្ចនៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃធ្វើឡើងជាទៀងទាត់នោះ។
សារព័ត៌មាន AP ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសចិន ដូចដែលបាននិយាយថា៖«យើងសង្ឃឹមថាភាគីអង់គ្លេស នឹងធ្វើការជាមួយយើង ដើម្បីលើកកម្ពស់ស្មារតីនៃការគោរពគ្នាទៅវិញទៅមក ធ្វើឱ្យការផ្លាស់ប្តូរកាន់តែស៊ីជម្រៅ បង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងជំរុញការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃទំនាក់ទំនងចិន-អង់គ្លេស»។
លោករដ្ឋមន្ត្រី Cleverly ត្រូវបានគេរំពឹងថា នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន កាលពីចុងខែកក្កដា ប៉ុន្តែដំណើរទស្សនកិច្ចនាពេលនោះត្រូវបានផ្អាកទៅវិញ ដោយកាលនោះ ប្រទេសចិន ប្រឈមការមើលឃើញពីភាពមិនច្បាស់នៃអវត្តមានរបស់រដ្ឋមន្ត្រីការបរទេសលោក Qin Gang៕