អភិបាលតំបន់បាននិយាយនៅថ្ងៃពុធ (៣០ សីហា) ថា អាកាសយានដ្ឋាន រុស្ស៊ី Pskov នៅជិតព្រំដែនជាមួយប្រទេសអេស្តូនី បានរងការវាយប្រហារដោយដ្រូន ដែលធ្វើឱ្យមានការខូចខាតយន្តហោះមួយចំនួន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
អភិបាលតំបន់ Pskov លោក Mikhail Vedernikov ដែលនិយាយថា លោកនៅកន្លែងដែលរងការវាយប្រហារនោះ បានបង្ហោះវីដេអូមួយនៅលើបណ្ដាញសង្គមតេឡេក្រាម ដែលបង្ហាញពីភ្លើងឆេះដ៏សន្ធោសន្ធៅ ជាមួយនឹងសំឡេងផ្ទុះក៏ដូចជាឡានស៊ីរ៉ែន។ លោកបន្ថែមថា អាជ្ញាធរតំបន់ កំពុងវាយតម្លៃការខូចខាត ប៉ុន្តែថា ការវាយប្រហារនោះមិនបង្កឱ្យនរណាម្នាក់រងរបួសទេ។
គួរបញ្ជាក់ថា តំបន់ Pskov ស្ថិតនៅចម្ងាយ ប្រហែល ៨០០ គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន ហើយស្ថិតនៅមិនឆ្ងាយប៉ុន្មានពីព្រំប្រទល់ជាប់ជាមួយរដ្ឋសមាជិកសហភាពអឺរ៉ុប រួមមានប្រទេសឡេតូនី និងប្រទេសអេស្ដូនី។
ក្រសួងការពារជាតិរុស្ស៊ី មិនទាន់ចេញការអត្ថាធិប្បាយណាមួយភ្លាមៗយ៉ាងណានោះទេជុំវិញការវាយប្រហារលើព្រលានយន្តហោះ Pskov ខណៈមានសេចក្ដីរាយការណ៍ថា វាធ្វើឱ្យយន្តហោះដឹកជញ្ជូនធុនធ្ងន់ Ilyushin Il-76 ចំនួន ៤ គ្រឿងរងការខូចខាត។
បើតាមលោក Mikhail Vedernikov រាល់ជើងហោះហើរទាំងអស់នៅថ្ងៃពុធនេះ ត្រូវបានលុបចោលជាបណ្ដោះអាសន្នសិន។
កាលពីខែឧសភា តំបន់ Pskov ធ្លាប់ជាគោលដៅវាយប្រហារដោយដ្រូនរួចមកហើយ។ ជាមួយគ្នានោះ ទីក្រុងម៉ូស្គូ និងតំបន់ផ្សេងទៀតរបស់រុស្ស៊ី ក្លាយជាគោលដៅវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីទីក្រុងកៀវបានអះអាងថា «សង្គ្រាម» នឹងវិលចូលស្រុករុស្ស៊ីវិញ៕