នាយករដ្ឋមន្ត្រីជប៉ុន បានបរិភោគត្រីមកពីហ្វូគូស៊ីម៉ា កាលពីថ្ងៃពុធ ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ចម្រូងចម្រាស ដែលកំពុងកើតឡើងជុំវិញការបញ្ចេញ ទឹកវិទ្យុសកម្មដែលត្រូវបានជម្រុះដោយជប៉ុន ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហើយបង្ហូរចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

វីដេអូឃ្លីប ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម បានបង្ហាញថា លោក Fumio Kishida នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន កំពុងបរិភោគត្រីមកពីហ្វូគូស៊ីម៉ា។ ការប្រជុំអាហារថ្ងៃត្រង់នេះ បានធ្វើ ឡើងបន្ទាប់ពីប្រទេសចិនបានហាមឃាត់ការនាំចូលអាហារសមុទ្រទាំងអស់ពីប្រទេសជប៉ុន ហើយការបង្ហាញ របស់នាយករដ្ឋមន្ត្រីជប៉ុន គឺដើម្បីលុបបំបាត់ក្តីបារម្ភអំពីផលប៉ះពាល់អវិជ្ជមាន ដែលអាចកើត មានពីទឹកមកលើសុខភាពមនុស្ស និងការខូចខាត កេរ្តិ៍ឈ្មោះចំពោះផលិតផលនេសាទពីតំបន់ជុំវិញខេត្តភាគឦសាននៃប្រទេសជប៉ុន។

ខណៈពេលកំពុងទំពារសាច់ត្រីមួយចំណែកលោក Kishida បាននិយាយថា វាមានសុវត្ថិភាព និងឆ្ងាញ់ និងអំពាវនាវ ដល់អ្នកទស្សនាដែលចូលចិត្តអាហារសមុទ្រជប៉ុន គាំទ្រផលិតផលនេសាទពីតំបន់ជុំវិញខេត្តភាគឦសានវិញ។

គួរជម្រាបថា ទឹកវិទ្យុសកម្ម ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលត្រូវបានបំផ្លិចបំផ្លាញ ដោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ កាលពីអំឡុងខែមីនា ឆ្នាំ២០១១ ត្រូវបានប្រទេសជប៉ុន ចាប់ផ្តើមបញ្ចេញកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បើទោះបីជាមានការតវ៉ាពីក្រុមជលផល ក្នុងស្រុក និងប្រទេសចិន យ៉ាងណាក៏ដោយ។

ការបញ្ចេញទឹកវិទ្យុសកម្មនេះ ត្រូវបានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិបានអះអាងថា វិធីសាស្ត្របញ្ចេញទឹករបស់ប្រទេសជប៉ុន ស្របតាម ស្តង់ដាសុវត្ថិភាពសកល ហើយនឹងមានផលប៉ះពាល់វិទ្យុសកម្ម តិចតួច លើមនុស្ស និងបរិស្ថាន។

ទោះជាមានការទទួលស្គាល់ ប៉ុន្តែប្រទេសចិន ដែលជាប្រទេសជិតខាងជប៉ុន បានរិះគន់យ៉ាងខ្លាំងចំពោះការបង្ហូរទឹកនោះ និងបានដាក់បម្រាមការនាំចូលអាហារសមុទ្រភ្លាមៗ លើផលិតផលនេសាទរបស់ជប៉ុន បន្ទាប់ពីការបញ្ចេញទឹកបានចាប់ផ្តើម។ ជាមួយគ្នា នេះនៅកូរ៉េខាងត្បូងក៏មានផ្ទុះបាតុកម្មឡើងរហូតដល់មានក្រុមអ្នកតវ៉ាមួយចំនួនឡើង ទៅដល់ការិយាល័យស្ថានទូតជប៉ុនប្រចាំកូរ៉េខាងត្បូង៕