ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​ជប៉ុន លោក Rahm Emanuel បានធ្វើ​ទស្សនកិច្ច​នៅតំបន់ ហ្វូគូស៊ីម៉ា (Fukushima) កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​ថ្មី​នេះ និងបាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោករំពឹង​ថា សហរដ្ឋ​អាមេរិក នឹងគាំទ្រ​ដល់​ប្រទេស​ជប៉ុន ប្រសិនបើ​ការហាមឃាត់​របស់​ចិន​លើ​អាហារសមុទ្រ​របស់​ជប៉ុន ក្លាយជា​ជម្លោះ​នៅអង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)។

ចិន ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏ធំ​បំផុត​របស់​ជប៉ុន បានដាក់​បម្រាម​លើ​ផលិតផល​ជលផល​ជប៉ុន ភ្លាមៗ​បន្ទាប់ពី​ជប៉ុន​បានបញ្ចេញ​ទឹក​វិទ្យុ​សកម្ម ពីរោងចក្រ​ថាមពល​នុយក្លេអ៊ែរ Fukushima ដែលបាន​បំផ្លាញ​កាលពី​ឆ្នាំ ២០១១ ចូលទៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន។

ទាក់ទិននឹង​ការដាក់បម្រាម​នេះដែរ មន្ត្រី​ជប៉ុន​នៅតែបន្ត​បង្ហាញ​សកម្មភាព​ការទូត​ដើម្បី​ជំរុញ​ឱ្យប្រទេស​ចិន​លុបចោល​ការហាមឃាត់​របស់​ខ្លួន ដោយ​ជប៉ុន​យល់​ថា ការធ្វើ​នេះ​មិនផ្អែក​លើ​ភ័ស្តុតាង​វិទ្យាសាស្ត្រ។ លើសពីនេះ ជប៉ុន​ក៏បាន​ប្តឹង​ទៅ​អង្គការពាណិជ្ជកម្ម​ពិភពលោក (WTO) ផងដែរ។

លោក Rahm Emanuel តំណាង​ភាគី​អាមេរិក ដែលជា​សម្ព័ន្ធមិត្ត​របស់​ជប៉ុន បាននិយាយ​ថា ប្រសិនបើ​ប្រទេស​ជប៉ុន​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​នោះ សហរដ្ឋ​អាមេរិក​នឹង​បន្ត​ឈរប្រកៀកស្មា វាមិនមែន​ដោយសារតែ​ប្រទេស​ទាំង ២ ជាសម្ព័ន្ធមិត្ត​ប៉ុណ្ណោះទេ ប៉ុន្តែ​ដោយសារ​តែមានភាព​ស្របច្បាប់​ចំពោះ​ករណីនេះ។

គួរជម្រាប​ថា កាលពី​ឆ្នាំ ២០២២ ប្រទេស​ជប៉ុន​បាននាំចេញ​ផលិតផល​ជលផល​ក្នុងរង្វង់​ទឹក​ប្រាក់​ប្រមាណ ៦០០ លានដុល្លារ​ទៅកាន់​ប្រទេស​ចិន ដោយវា​បានធ្វើ​ឱ្យ​ចិន​ក្លាយជា​ទីផ្សារ​ដ៏ធំ​បំផុត​សម្រាប់ការ​នាំចេញ​អាហារសមុទ្រ​របស់​ជប៉ុន។ បន្ទាប់ពី​ចិន​មកគឺ​ហុងកុង ក៏ប៉ុន្តែ​ថ្មីៗ​នេះ ហុងកុង​ក៏បានប្រកាស​ហាមឃាត់​របស់​ខ្លួន​លើការ​នាំចូល​អាហារសមុទ្រ​ពីតំបន់​ចំនួន ១០ នៃ​ប្រទេស​ជប៉ុន បន្ទាប់ពី​ការបញ្ចេញ​ទឹក​វិទ្យុ​សកម្ម​នេះ៕