របប​យោធា​ដែលកំពុង​ដឹកនាំ​ប្រទេស​នីហ្សេ បានលុបចោល​ទិដ្ឋាការ​របស់​ឯកអគ្គ​រដ្ឋ​ទូត​បារាំង និងបាន​បញ្ជា​ឱ្យ​ក្រុម​ប៉ូលិស បណ្តេញ​ឯកអគ្គ​រដ្ឋទូត​បារាំង​ចេញ។ វិធានការ​នេះ​បានធ្វើ​ឡើងបន្ទាប់ពី​ពួក​យោធា ​បានបញ្ជា​ឱ្យ​អ្នកការទូត​រូប​នេះ ចាកចេញ​ពីប្រទេស​នីហ្សេ​កាលពី​សប្តាហ៍មុ​ន។

កាលពីថ្ងៃ​ព្រហស្បតិ៍ លិខិតមួយ​ត្រូវបាន​ចែកចាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​នីហ្សេ ដែល​ត្រូវបានគេ​ជឿ​ថា​ ជាលិខិត​បង្គាប់​បញ្ជា​ទៅកាន់​ក្រសួង​ការបរទេស​នីហ្សេ ដោយ​របបយោធា​ថា «នីហ្សេ​ត្រូវលុបចោល​ប័ណ្ណ​សម្គាល់​ការទូត និងទិដ្ឋាការ​របស់​មនុស្ស​ពាក់ព័ន្ធ រួមទាំង​សមាជិក​គ្រួសារ​របស់​អ្នកការទូត​ទាំងអស់នោះ​ផងដែរ ហើយ​ក្រុមប៉ូលិស​ត្រូវទទួល​បញ្ជា និង​អនុវត្តន៍​វិធានការ​បណ្ដេញ​ចេញ​មួយនេះ»។

កាលពី​សប្តាហ៍​មុន ក្រសួង​ការបរទេស​នីហ្សេ បានឱ្យដឹង​ថា របប​យោធា​បានប្រកាស​ប្រាប់​បេសកជន​បារាំង លោក ស៊ីលវ៉េន អ៊ីតេ (Sylvain Itte) ឱ្យចាកចេញ​ពីប្រទេស​នីហ្សេ ដោយសារ​តែលោកបាន​បដិសេធ​មិនចូលរួម​ក្នុងកិច្ចប្រជុំ​ដែលបាន​គ្រោងទុក​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​នីហ្សេ រួមទាំង​សកម្មភាព​ផ្សេងៗទៀត​របស់​រដ្ឋាភិបាល​បារាំង ដែលនេះ​គឺជាការប្រឆាំង​នឹងផល​ប្រយោជន៍​របស់​នីហ្សេ។

របប​យោធា​ក៏បានព្រមាន​កាលពី​ថ្ងៃព្រហស្បតិ៍​ផងដែរ​ថា «ឯកអគ្គរដ្ឋ​ទូត​បារាំង​លែងទទួល​បាន​បុព្វសិទ្ធិ និងអភ័យ​ឯកសិទ្ធិ ដែលភ្ជាប់​ជាមួយ​ឋានៈ​ជាសមាជិក​នៃបុគ្គលិក​ការទូត​របស់​ស្ថានទូត​បារាំង​ទៀត​ហើយ»។ ប៉ុន្តែ អ្នកនាំពាក្យ​របស់​ប្រធា​នា​ធិបតី​បារាំង​បាន​ប្រាប់អ្នកកាសែត​កាលពី​ថ្ងៃព្រហស្បតិ៍​ថា ឯកអគ្គរដ្ឋទូត​នៅតែស្ថិត​ក្នុងមុខ​តំណែង​ដដែល ដោយមិន​គោរពតាម​សំណើ​របស់​របប​យោធា​នោះទេ។

ទន្ទឹមនឹងនេះផងដែរ ទូរទស្សន៍ CNN បានទាក់ទង​ទៅកាន់​ក្រសួងការបរទេស​បារាំង ដើម្បីសុំ​ការអត្ថាធិ​ប្បាយ​ជុំវិញ​បញ្ហានេះ។

ក្រសួង​ការបរទេស​បារាំង​ក៏បាន​រំឭក​ឡើងវិញ​នូវ​សេចក្តីថ្លែង​ការណ៍​របស់​ពួកគេ​កាលពីថ្ងៃ​ទី២៥ ខែសីហា ដោយសង្កត់ធ្ងន់​ថា «ក្រុម​ក្បត់​ទាំងអស់​នោះ មិនមា​នសិទ្ធិ​អំណាច​ក្នុងការទាមទារ​ឱ្យ​យើង​ចេញពី​ប្រទេស​នោះទេ»។ សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​បានបន្ថែម​ថា «ឯកអគ្គ​រដ្ឋទូត​ទទួលបាន​ការទទួល​ស្គាល់​ពីសំណាក់​អាជ្ញាធរ​ជាប់​ឆ្នោត​ស្របច្បាប់​ក្នុង​ប្រទេស​នីហ្សេ មិនមែន​របប​យោធា​នោះទេ»។

គួរដឹងដែរ​ថា រដ្ឋាភិបាល​បារាំង​មិនទទួល​ស្គាល់​របបយោធា​របស់​នីហ្សេ​នោះទេ ហើយតែងតែ​បានទទូច​ថា លោក​ប្រធានាធិបតី ម៉ូហាំ បាហ្សោម (Mohamed Bazoum) ដែលត្រូវបាន​ផ្តួល​រំលំ​ដោយ​រដ្ឋប្រហារ​កាលពី​ខែមុន នៅតែជា​មេដឹកនាំ​ស្របច្បាប់​តែមួយ​គត់​របស់​ប្រទេសនេះ។

កាលពីថ្ងៃ​ចន្ទ ប្រធានាធិបតី​បារាំង លោក អេម៉ានូអែល ម៉ាក្រុន (Emmanuel Macron) បាននិយាយ​ថា លោក អ៊ីតេ នឹងមិន​ចាកចេញ​ពី​ប្រទេស​នីហ្សេ​ឡើយ បើទោះបី​ជាផុត​ថ្ងៃកំណត់​របស់​របបយោធា​ដែលបាន​កំណត់ថ្ងៃ​ឱ្យលោក​ចាកចេញ​ពីប្រទេស​នីហ្សេ​ក៏ដោយ។

គួរបញ្ជាក់​ថា ទាហាន​បារាំង​រហូត​ដល់​ទៅ ១៥០០ នាក់ កំពុង​ឈរជើង​នៅក្នុង​ប្រទេស​នីហ្សេ ហើយប្រទេស​នេះ​ផងដែរ​គឺធ្លាប់ជា​ដៃគូ​ដ៏សំខាន់​របស់​បារាំង​នៅក្នុង​តំបន់​សាហែល (Sahel)៕