
ប៉ូលិសអ៊ីស្រាអែលចាប់ក្រុមតវ៉ាដែលជាអ្នកសុំសិទ្ធិជ្រកកោនអេរីត្រេ។ AFP
ជនជាតិអេរីត្រេ (Eritrea) ដែលកំពុងរស់នៅក្នុងឋានៈជាជនភៀសខ្លួនក្នុងប្រទេសអ៊ីស្រាអែល បានប៉ះទង្គិចដោយហិង្សាជាមួយក្រុមគាំទ្ររដ្ឋាភិបាលដែលរៀបចំព្រឹត្តិការណ៍ «Eritrea Day» បណ្តាលឱ្យមនុស្សជាង ១០០ នាក់រងរបួសក្នុងរដ្ឋធានី តែល អាវីវ នៃប្រទេសអ៊ីស្រាអែល។
អំពើហិង្សាបានកើតឡើងរវាងក្រុមអ្នកគាំទ្ររដ្ឋាភិបាលអេរីត្រេដែលកំពុងប្រារព្ធព្រឹត្តិការណ៍ Eritrea Day តទល់នឹងក្រុមប្រឆាំងចំពោះលោកប្រធានាធិបតី Isaias Afwerki។
អ្នករាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងាររ៉យទ័រ (Reuter) ដែលនៅកន្លែងកើតហេតុបាននិយាយថា ប៉ូលិសអ៊ីស្រាអែលបានបាញ់គ្រាប់បែកដៃដើម្បីបំបែកការប៉ះទង្គិចគ្នា ក៏ប៉ុន្តែអ្នកតវ៉ាខ្លះបានគប់ដុំថ្មមកលើប៉ូលិសនិងដុតធុងសំរាមទៀតផង។
តាមរយៈវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គមបានបង្ហាញថា អ្នកគាំទ្ររដ្ឋាភិបាលអេរីត្រេឬអ្នកគាំទ្រប្រធានាធិបតី Isaias Afwerki បានវាយដំទៅលើក្រុមអ្នកតវ៉ាប្រឆាំងនឹងក្រុមរបស់ពួកគេ។
ជុំវិញការប៉ះទង្គិចគ្នានេះមន្ត្រីពេទ្យអ៊ីស្រាអែលបាននិយាយថាមនុស្សជាង ១១៤ នាក់ ត្រូវបានព្យាបាលរបួស ក្នុងនោះមានប៉ូលិសប្រហែល ៣០ នាក់ផងដែរ។ អំពើហិង្សាបានផ្ទុះឡើងជុំវិញព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយស្ថានទូតអេរីត្រេ ប្រចាំប្រទេសអ៊ីស្រាអែលដើម្បីប្រារព្ធទិវាបដិវត្តន៍នៅថ្ងៃទី ១ ខែកញ្ញាដែលរំឭកដល់ការចាប់ផ្តើមនៃសង្គ្រាមឯករាជ្យអេរីត្រេប្រឆាំងនឹងប្រទេសអេត្យូពី ដែលនៅក្បែរខាងក្នុងឆ្នាំ ១៩៦១។
ប្រធានាធិបតីអេរីត្រេ លោក Isaias Afwerki បានឡើងគ្រប់គ្រងប្រទេសចាប់តាំងពី អេរីត្រេទទួលបានឯករាជ្យនៅឆ្នាំ ១៩៩៣ មក។ បច្ចុប្បន្នេនេះក្រុមសិទ្ធិមនុស្សបានថ្កោលទោសយ៉ាងខ្លាំងទៅលើរដ្ឋាភិបាលរបស់លោក Isaias ខណៈប្រទេសនេះក៏ស្ថិតនៅក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបជុំវិញការ-រំលោភបំពានសិទ្ធិមនុស្ស។
អ្នកតវ៉ាម្នាក់នៅទីក្រុង Tel Aviv លោក Hagos Gavriot បានប្រាប់រ៉យទ័រដោយបង្ហាញអារម្មណ៍ខកចិត្តចំពោះកងកម្លាំងសន្តិសុខអ៊ីស្រាអែលដែលផ្តល់ការអនុញ្ញាតឱ្យក្រុមអ្នកគាំទ្ររដ្ឋាភិបាលប្រារព្ធព្រឹត្តិការណ៍ Eritrea Day ដែលក្រុមប្រឆាំងនឹងរដ្ឋាភិបាលប្រឆាំងជាដាច់ខាតចំពោះរឿងនេះ។
ជនជាតិអេរីត្រេប្រហែល ២៥ ៥០០ នាក់ បានទទួលសិទ្ធិជ្រកកោន និងបច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសអ៊ីស្រាអែល។ នេះបើយោងតាម Assaf ដែលជាអង្គការដែលផ្តល់ជំនួយដល់ជនភៀសខ្លួន។ ជនជាតិអេរីត្រេដែលបានភៀសខ្លួនទៅកាន់អ៊ីស្រាអែលតាមព្រំដែនរបស់ខ្លួនជាមួយអេហ្ស៊ីបទាំងនេះនិយាយថា ពួកគេមិនអាចធ្វើមាតុភូមិនិវត្តន៍បានទេក្នុងករណីដែលធ្វើមាតុភូមិនិវត្តន៍វិញពួកគេនឹងប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញ៕