យោធា​ជើង​ទឹក​របស់​ទីក្រុង​ម៉ានីល​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា នាវា​កងទ័ព​ជើងទឹក​មកពី​ប្រទេស​ហ្វីលីពីន និង​សហរដ្ឋ​អាមេរិក បាន​ធ្វើ​នាវាចរ​ រួមគ្នា​ឆ្លង​កាត់​ផ្នែក​ខ្លះ​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍។​ នេះ​បើយើង​តាម​រ៉យទ័រ​។

កង​កម្លាំង​ប្រដាប់​អាវុធ​នៃ​ទីបញ្ជាការ​ខាងលិច​របស់​ប្រទេស​ហ្វីលីពីន​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា ​សកម្មភាព​នេះ​គឺជា​លើក​ទីមួយ​ហើយ​ដែល​ហ្វីលីពីន ​និង​ក្រុង​វ៉ាស៊ីនតោន​បាន​អនុវត្ត​នាវាចរ​រួមគ្នា​នៅ​ក្នុង​ដែនទឹក​ភាគ​ខាងលិច​នៃ​កោះ Palawan ។

ការ​បង្ហាញ​កិច្ច​សហ​ប្រតិ​បត្តិការ​រ​វាង​អាមេរិក និង​ហ្វីលីពីន ​កើតឡើង​ចំពេល​ដែល​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​រវាង​ទីក្រុង​ម៉ានីល និង​ទីក្រុង​ប៉េកាំង ដែល​ទាមទារ​ភាគច្រើន​នៃ​សមុទ្រ​ចិន​ខាងត្បូង តាមរយៈ​ការ​បញ្ចេញ​ផែន​ទី​​ស្តង់ដា​ថ្មី​មួយ​កាល​ពីថ្ងៃទី​២៨​ខែ​សីហា។

BRP Jose Rizal ​ដែល​ជា​ប្រភេទ​នាវា​ចម្បាំង​មាន​បំពាក់ ​មី​ស៊ីល ​របស់​កងទ័ព​ជើង​ទឹក​ហ្វីលីពីន ​ និង​នាវា​ចម្បាំង USS Ralph Johnson ដែល​ជា​នាវាពិឃាត​​របស់​កង​ទ័ព​ជើងទឹក​អាមេរិក​បាន​ចូលរួម​ជាមួយ​គ្នា ក្នុង​អំឡុង​ពេលដែល​ក​ប៉ាល់​ធ្វើ​សមយុទ្ធ​នៅក្បែរ​នាវា​ផ្សេងទៀត។

បញ្ជាការ​ខាងលិច​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា «ព្រឹត្តិការណ៍​នេះ​មាន​គោលបំណង​ផ្តល់​ឱកាស​មួយ​សម្រាប់​កងទ័ព​ជើង​ទឹក​ហ្វីលីពីន និង​កងទ័ព​ជើងទឹក​ឥណ្ឌូ​ប៉ាស៊ីហ្វិក​អាមេរិក ដើម្បី​សាកល្បង និង​កែលម្អ​គោល​ទ្រឹស្តី ​ដែន​សមុទ្រ​ដែល​មាន​ស្រាប់»។

ទីក្រុង​ម៉ានីល​បាន​ត្អូញត្អែរ​ម្តង​ហើយ​ម្តងទៀត​ប្រឆាំង​នឹង​អ្វីដែល​ខ្លួន​បាន​ពិពណ៌នា​ថា​ជា​សកម្មភាព «ឈ្លានពាន» របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ រួមទាំង​ការប្រើប្រាស់​កាណុង​បាញ់​ទឹក​ដោយ​ឆ្មាំ​ឆ្នេរសមុទ្រ​របស់​ខ្លួន​ប្រឆាំង​នឹង​នាវា​ហ្វីលីពីន​ដែល​ចូលរួម​ក្នុង​បេសកកម្ម​ផ្គត់ផ្គង់​ឡើងវិញ​កាលពី​ថ្ងៃ​ទី​៥​ ខែសីហា។

ចិន​បាន​សាងសង់​កោះ​យោធា ​នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយ​ការទាមទារ​អធិបតេយ្យ​ភាពជា​ប្រវត្តិសាស្ត្រ​ត្រួត​លើ​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ហ្វីលីពីន ​វៀតណាម ​ម៉ាឡេស៊ី ​ប្រ៊ុយណេ និង​ឥណ្ឌូនេស៊ី។

ប្រទេស​ហ្វីលីពីន​បាន​ឈ្នះ​ការ​សម្រេច​ពី ​មជ្ឈត្តករ ​អន្តរជាតិ​ប្រឆាំង​នឹង​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០១៦​ បន្ទាប់​ពី​សាលាក្តី​មួយ​បាន​និយាយថា​ការទាមទារ​ដ៏​ទូលំទូលាយ​របស់​ទីក្រុង​ប៉េកាំង​ចំពោះ​អធិបតេយ្យភាព​លើ​ភាគច្រើន​នៃ​សមុទ្រ​ចិន​ខាងត្បូង​មិនមាន​មូលដ្ឋាន​ច្បាប់​នោះទេ៕​