ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រីអ៊ីតាលី ដែលហាក់មិនទុកចិត្តចំពោះទំនាក់ទំនងក្នុងវិស័យពាណិជ្ជកម្មជាមួយចិន រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi)នៅតែកោតសរសើរចំពោះទំនាក់ទំនងរបស់ប្រទេសទាំង ២ ក្នុងគម្រោងគំនិតផ្តួចផ្តើមផ្លូវសូត្រ។
លោក វ៉ាង យី បាននិយាយថា កិច្ចសហប្រតិបត្តិការជាមួយប្រទេសអ៊ីតាលី ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវដែលដឹកនាំដោយទីក្រុងប៉េកាំង ទទួលបានផ្លែផ្កា ដោយផលិតផលអ៊ីតាលីដែលមានគុណភាពខ្ពស់បានចូលដល់ «រាប់ពាន់គ្រួសារ» នៅក្នុងប្រទេសចិន។
រដ្ឋមន្ត្រីការបរទេសចិន បានប្រាប់ឧបនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Antonio Tajani ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃចន្ទថា៖ «មិត្តភាពរាប់ពាន់ឆ្នាំដែលទទួលបានពីវិថីសូត្របុរាណនៅបន្តកើតមានតទៅមុខទៀត »។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តីលោក វ៉ាង យី ដូចដែលបាននិយាយ ថា «ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មរវាងចិន និងអ៊ីតាលីបានកើនឡើងពី ៥០ ពាន់លានដុល្លារដល់ជិត ៨០ ពាន់លានដុល្លារ ហើយការនាំចេញរបស់អ៊ីតាលីទៅកាន់ប្រទេសចិនបានកើនឡើងប្រហែល៣០ភាគរយ» ។
នៅឆ្នាំ ២០១៩ ប្រទេសអ៊ីតាលីបានក្លាយជាប្រទេសលោកខាងលិចដ៏សំខាន់ដំបូងគេដែលចូលរួមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន ដែលជាគំនិតផ្តួចផ្តើមពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធសកលដែលយកគំរូតាមគំនិតនៃផ្លូវសូត្រចាស់ដែលបានតភ្ជាប់ចក្រភពចិន និងលោកខាងលិចរាប់ពាន់ឆ្នាំមុន។
ប៉ុន្តែប្រទេសអ៊ីតាលី ដែលជាក្រុមតែមួយគត់នៃមហាអំណាចទាំងប្រាំពីរហៅកាត់ថា G-7 ដែលបានចុះហត្ថលេខាចាប់តាំងពីគំនិតផ្តួចផ្តើមពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធដែលផ្តួចផ្តើមដោយប្រធានាធិបតីចិនលោក ស៊ី ជីនភីង (Xi Jinping) ពេលលោកឡើងកាន់អំណាចកាលពីមួយទសវត្សរ៍មុននោះ បានសម្តែងការសង្ស័យលើសមាជិកភាពរបស់ខ្លួនក្នុងប៉ុន្មានខែថ្មីៗនេះ។
ឧបនាយករដ្ឋមន្ត្រីTajani បាននិយាយកាលពីថ្ងៃសៅរ៍មុនពេលចាកចេញទៅកាន់ប្រទេសចិនថាពាណិជ្ជកម្មទ្វេភាគីមិនមានភាពប្រសើរឡើងទេ។ នេះបើតាមការរាយការណ៍របស់រ៉យទ័រ។
Tajani បាននិយាយថា «ផ្លូវសូត្រមិនបាននាំមកនូវលទ្ធផលដែលយើងរំពឹងទុកនោះទេ។ យើងនឹងត្រូវវាយតម្លៃ សភានឹងត្រូវសម្រេចថាតើគួរបន្តការចូលរួមរបស់យើងឬអត់»។
ទីក្រុងរ៉ូមមានពេលរហូតដល់ខែធ្នូ ដើម្បីដកខ្លួនចេញពីកិច្ចព្រមព្រៀងជាផ្លូវការ ដែលផុតកំណត់នៅខែមីនា ឆ្នាំ ២០២៤។ បើមិនដូច្នេះទេ សមាជិកភាពនេះនឹងត្រូវបន្តរយៈពេលប្រាំឆ្នាំទៀត។
ការបាត់បង់រាល់ការបញ្ចប់នៃផ្លូវសូត្រចាស់នឹងជាការអាម៉ាស់ខាងការទូតសម្រាប់ប្រទេសចិន ដែលរំពឹងថានឹងកត់សម្គាល់សមិទ្ធិផលនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនៅក្នុងវេទិកាអន្តរជាតិនៅទីក្រុងប៉េកាំងក្នុងខែតុលាខាងមុខនេះ។
លោក វ៉ាង បានប្រាប់ Tajani ថា ប្រទេសចិន និងអ៊ីតាលី គួរតែប្រកាន់ខ្ជាប់នូវវិធីត្រឹមត្រូវក្នុងការរួមរស់ជាមួយគ្នាតាមរយៈការគោរពគ្នាទៅវិញទៅមក ការបើកចំហ និងកិច្ចសហប្រតិបត្តិការ។
លោក វ៉ាង បានសង្កត់ធ្ងន់ថា នៅចំពោះមុខ «ស្ថានភាពថ្មី និងឱកាសថ្មី» ប្រទេសចិនមានឆន្ទៈក្នុងការប្រកាន់ខ្ជាប់នូវការបើកចំហរ និងឈ្នះ-ឈ្នះជាមួយភាគីទាំងពីរ។