​ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ ២​ នាក់ បន្ទាប់ពី​ពួកគេ​បាន​ប្រើ​ប្រាស់​អេស្កាវ៉ាទ័រ​ ដើម្បី​ឈូស​ឆាយ​ធ្វើ​ប្រឡោះ​ផ្លូវ​កាត់​លើ​មហា​កំផែង​ចិន​ក្នុង​ខេត្ត​ Shanxi នា​ភាគ​ខាងជើង​នៃ​ប្រទេស​។

​ការិយាល័យ​វប្បធម៌​នៃ​ខេត្ត ​Shanxi បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ចិន​កាលពីដើម​​សប្តាហ៍​នេះ​ថា ជនសង្ស័យ​ជា​បុរស និង​ស្ត្រី​ ២ ​នាក់ បានធ្វើឱ្យ​ខូច​រចនាសម្ព័ន្ធ​ដ៏​ល្បីល្បាញ ក្នុង​កំណាត់​នៅ​ស្រុក Youyu នៃ​ខេត្ត Shanxi ដែល​មិនអាច​ជួសជុល​បានឱ្យ​មាន​ទ្រង់ទ្រាយ​ដូចដើម​វិញ​។

​បណ្តាញសារព័ត៌មាន​ចិន China Daily ដែល​ចុះផ្សាយ កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅនេះ បានឱ្យដឹងថា ប៉ូលិស​ខេត្ត Shanxi ទទួលបាន​ដំណឹង​ពី​ហេតុការណ៍​នេះ​កាលពី​ថ្ងៃទី ​២៤​ខែសីហា ហើយ​បាន​ដើរ​តាម​គន្លង​ដាន​គ្រឿងចក្រ ដែល​ប្រើ​ក្នុងការ​ឈូសឆាយ​មហា​កំផែង​មួយកន្លែង​នោះ ដើម្បី​ស្វែងរក​ជនសង្ស័យ​។

​កាសែត​ដដែល​ផ្សាយ​បន្តថា ជនសង្ស័យ​ទាំង​ ២ ដែល​បាន​ចុះកិច្ចសន្យា​ធ្វើការ​លើ​គម្រោង​សំណង់​មួយ​នៅក្បែរនោះ បាន​សារភាពថា​ពួកគេ​បាន​ប្រើប្រាស់​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​ដើម្បី​ឈូស​ធ្វើ​ផ្លូវ​កាត់​នៅលើ​មហា​​កំផែង ដើម្បី​កាត់បន្ថយ​ពេល​វេលា​ធ្វើដំណើរ​ទៅកាន់​កន្លែងធ្វើការ​រប​ស់​ពួកគេ​។ អ្នក​ទាំង​ ២ ត្រូវបាន​ចោទប្រកាន់​ពីបទ​បំផ្លាញ​សម្បត្តិ​វប្បធម៌​។​

​យោងតាម​ការចេញផ្សាយ​នោះ​មហា​កំផែង​ចិន ដែល​ចាប់ផ្ដើម​សាងសង់ឡើង​ក្នុង​សតវត្សរ៍​ទី​ ៣ អធិរាជ​ចិន​ផ្សេងៗ​គ្នា​ដើម្បី​ទប់ស្កាត់​ការឈ្លានពាន​របស់​បរ​ទេស គឺជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​។ កន្លែង​ដែល​រង​ការ​ឈូសឆាយ មាន​ចម្ងាយ​ធ្វើដំណើរ​ប្រហែល ​៦​ ម៉ោង​ភាគ​ខាងលិច​នៃ​ទីក្រុង​ប៉េកាំង និង​ត្រូវបាន​សាងសង់​ក្នុង​សន្ដតិវង្ស Ming ចន្លោះ​ពី​សតវត្សរ៍​ទី​ ១៤-១៧៕