ភ្លៀង​ធ្លាក់​យ៉ាងគំហុក​បានជន់​លិច​ទីក្រុង​ហុងកុង​នាថ្ងៃ​សុក្រ ទី៨ ខែកញ្ញា និងបណ្តាល​ឱ្យ​មានទឹកជំនន់​រាលដាល​ពាសពេញ​ទីក្រុង ផ្លូវ ផ្សារ​ទំនើប និងស្ថានីយ​រថភ្លើង​ធំ (MTR) ត្រូវ​ជន់លិច​ទាំងអស់ ខណៈ​អាជ្ញាធរ​បានបញ្ជា​ឱ្យ​បិទ​សាលារៀន និងសុំ​ឱ្យ​អ្នកធ្វើការ​ស្នាក់នៅ​ផ្ទះ។

តំបន់​រដ្ឋបាល​ពិសេស​របស់​ចិន បានប្រឈមនឹង​ភ្លៀង​ធ្លាក់ខ្លាំង​បំផុត​ជាច្រើន​ម៉ោង ដែលនេះ​ជាអ្វី​ដែលហួស​ពីកំណត់ត្រា​ចាស់​ដែលបាន​កើតឡើង​កាល​ពី ១៤០ ឆ្នាំ​មុន។ ទឹកបាន​ហូរបុក​មកទី​ក្រុង​តាម​តំបន់ភ្នំ ខណៈ​អាជ្ញាធរ​ក្រុង​ហុងកុង​ក៏បានចេញ​ការព្រមាន​អំពី​ហានិភ័យ​បាក់ដី​ផងដែរ។

ផ្លូវ​សម្រាប់​រថយន្ត​បានប្រែក្លាយ​ទៅជា​ផ្លូវ​ទឹកហូរ ហើយ​វីដេអូ​ដែលចែកចាយ​នៅលើ​បណ្តាញសង្គម​បានបង្ហាញ​ឱ្យ​ឃើញថា​គ្រប់​ផ្លូវ​ក្នុង​ទីក្រុង និងសូម្បី​តែស្ថានីយ​រថភ្លើង​ក្រោមដី​ពោរពេញ​ទៅដោយទឹក។

លើសពីនេះ​ផ្លូវ​ក្រោមដី Cross-Harbour Tunnel ដែលជា​សរសៃឈាម​ដ៏សំខាន់​សម្រាប់​តភ្ជាប់​ពីកោះ​ហុងកុង​ទៅកាន់​ទីក្រុង Kowloon ក៏ត្រូវបាន​ជន់លិច​ដោយទឹក ខណៈ​រូបថត​ក៏បង្ហាញ​ឱ្យ​ឃើញ​ថា​មជ្ឈមណ្ឌល​ទំនិញ​នៅក្នុង​ស្រុក Chai Wan ត្រូវបាន​លិច​ទាំងស្រុង។

ក្រុមអ្នកជំនាញ​របស់​ហុងកុង​បានឱ្យដឹង​ថា លក្ខខណ្ឌ​អាកាសធាតុ​ដ៏ធ្ងន់ធ្ងរ​នេះ​ត្រូវបាន​គេរំពឹង​ថា​នឹងបន្ត​ដល់​រសៀល​ថ្ងៃសុក្រ។ ជាមួយគ្នានេះ ផ្សារហ៊ុន​ទីក្រុង​ហុងកុង​នឹងមិនបើក​ដំណើរ​ការឡើយ​នៅព្រឹក​ថ្ងៃសុក្រ ហើយនឹង​បន្ត​បិទ ប្រសិនបើ​ព្យុះភ្លៀង​ខ្មៅងងឹត​នៅតែមាន។

មេដឹកនាំ​ទីក្រុង​លោក John Lee បាននិយាយ​ថា លោកមាន​ការព្រួយ​បារម្ភ​យ៉ាងខ្លាំង​អំពី​ទឹកជំនន់​ដ៏ធ្ងន់ធ្ងរ​នៅក្នុងទី​ក្រុង និង​បានណែនាំ​ដល់​នាយកដ្ឋាន​ទាំងអស់​ឱ្យ​ឆ្លើយតប​នឹងស្ថានភាព​នេះ​ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងអស់៕