បន្ទាប់​ពី​ជួ​ប​​ប្រធានាធិបតី​រុស្ស៊ី​និយាយ​ពី​រឿង​​រុស្ស៊ី​ ចង់​វិល​ចូល​​​កិច្ច​ព្រមព្រៀង​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​វិញ​ បាន​ប៉ុន្មាន​ថ្ងៃ​​នៅ​មុន​កិច្ច​ប្រជុំ​​​​ក្រុមប្រទេស​អភិវឌ្ឍន៍​សេដ្ឋកិច្ចហៅ​កាត់​ G-20 ប្រធានាធិបតី​តួកគី​លោក រីស៊ីប តាយយីប អឺដូហ្គាន (Recep Tayyip Erdogan)​ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​​នៃ G-20 ​នៅ​ប្រទេស​​ឥណ្ឌា កំពុង​ជំរុញ​ឱ្យ​មេដឹកនាំ​ក្រុម​​ប្រទេស​ G-20 មួយចំនួន​ឆ្លើយតប​នឹង​ការទាមទារ​មួយចំនួន​របស់​រុស្ស៊ី ដើម្បី​ព្យាយាម​ស្តារ​កិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិ​ឡើងវិញ។

​​សារព័ត៌មាន​​ Bloomberg បាន​និយាយ​ដោយ​ដកស្រង់​សម្តី​មន្ត្រី​តួកគី​ដែល​​​បាន​ដឹង​រឿង​​​​អំពី​កិច្ច​ប្រជុំ​របស់​មេដឹកនាំ​​នៃ​ក្រុម​​ប្រទេស​​​ G-20 ដោយ​បាន​​និយាយថា លោក អឺដូហ្គាន កំពុងធ្វើការ​ជំរុញ​នៅក្នុង​កិច្ចប្រជុំ​បិទទ្វារ​ជាមួយ​មេដឹកនាំ​ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល G20 នៅ​ទីក្រុងញូដេលី​ (New Delhi) នៅ​ចុង​សប្តាហ៍​នេះ។

​យោង​តាម​ការ​ចេញ​ផ្សាយ​នោះ មន្ត្រី​តួកគី​ដែល​ស្គា​ល់ពី​ការពិភាក្សា​​ក្នុង​កិច្ច​ប្រជុំ​កំពូល​នោះ​បាន​​និយាយថា​ តួកគី​កំពុង​ស្នើ​សុំឱ្យ​មេដឹកនាំ​ពិភពលោក «ជួយ​សម្រួល​ដល់​ការធានារ៉ាប់រង​លើ​ការនាំចេញ​អាហារ និង​ជីរ​បស់​រុស្ស៊ី​ដោយ​ធានា​ Lloyd''s ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍ និង​ដើម្បី​ភ្ជាប់​ទីក្រុង​​ម៉ូស្គូ​​ទៅនឹង​ប្រព័ន្ធ SWIFT​ឡើង​វិញ​សម្រាប់​ការទូទាត់​ជា​អន្តរជាតិ»។

​ទីភ្នាក់​ងារ​ព័ត៌មាន​រុស្ស៊ី​ TASS ​បាន​ផ្សាយ​ថា ​តួកគី​កំពុង​ប្រាប់​សម​ភាគី​លោកខាងលិច​របស់​ខ្លួន​​ថា មធ្យោបាយ​​ស្តារ​កិច្ចព្រមព្រៀង​ឡើងវិញ​គឺ​បន្ធូរបន្ថយ​ទណ្ឌកម្ម​មួយចំនួន ដែល​រារាំង​ទីក្រុង​ម៉ូស្គូ​ពី​ការ​នាំចូល​ឧបករណ៍​កសិកម្ម​។​

​កាល​ពី​ដើម​ខែ​មីនា​ឆ្នាំ​២០២២ គឺ​ប៉ុន្មា​ន​សប្តាហ៍​ក្រោយ​រុស្ស៊ី​​​លើក​ទ័ព​ឈ្លាន​ពាន​អ៊ុយក្រែន​ ​សហភាព​អឺរ៉ុប​​​បាន​​ដក​​​ធនាគារ​រុស្ស៊ី​​ចេញ​ពី​ប្រព័ន្ធ​ទូ​​ទាត់​ប្រាក់​អន្តរជាតិ ​ SWIFT ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​រុស្ស៊ី​ ដែល​មាន​បំណង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​រុស្ស៊ី​ចុះ​ខ្សោយ និង​គ្មាន​ធនធាន​ហិរញ្ញវត្ថុ​​​សម្រាប់​ផ្គត់ផ្គង់​ដល់​សង្គ្រាម​នៅ​អ៊ុយក្រែន៕