មេដឹកនាំប្រស៊ីលដែលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រទេសអភិវឌ្ឍន៍សេដ្ឋកិច្ចរីកលួតលាស់ ហៅកាត់ថា G-20 នៅឆ្នាំ២០២៤ បានអះអាងថា វត្តមានចូលរួមប្រជុំរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងមិនត្រូវបានចាប់ខ្លួននៅក្នុងប្រទេសរបស់លោកឡើយ។
ដោយប្រឈមការចាប់ខ្លួនតាមដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលបានចេញកាលពីខែមីនាឆ្នាំនេះដោយការចោទប្រកាន់លោកពាក់ព័ន្ធជុំវិញឧក្រិដ្ឋកម្មសង្គ្រាម លោក វ៉្លាឌីមៀរ ពូទីន បានរំលងកិច្ចប្រជុំកំពូលអន្តរជាតិជាច្រើន រួមទាំងកិច្ចប្រជុំកំពូល BRICS នៅប្រទេសអាហ្រិ្វកខាងត្បូង កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីនៅប្រទេសឥណ្ឌូនេស៊ី និងកិច្ចប្រជុំកំពូល G-20នៅប្រទេសឥណ្ឌាដែលបិទបញ្ចប់នៅថ្ងៃអាទិត្យនេះ។
នៅឯកិច្ចប្រជុំ G-20 នៅប្រទេសឥណ្ឌា ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បាននិយាយកាលពីថ្ងៃសៅរ៍ថា មេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងមិនត្រូវបានគេចាប់ខ្លួននៅក្នុងប្រទេសប្រេស៊ីលទេ ប្រសិនបើគាត់ចូលរួមកិច្ចប្រជុំG-20 នៅទីក្រុងរីយ៉ូ ដឺ ហ្សាណេរ៉ូ ក្នុងឆ្នាំ២០២៤។
សម្ភាសនៅខាងក្រៅកិច្ចប្រជុំ G-20 នៅទីក្រុងដេលីដោយកម្មវិធីព័ត៌មាន Firstpost លោក Lula បាននិយាយថាលោកពូទីននឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍ឆ្នាំ ២០២៤ ដោយបន្ថែមថាលោកផ្ទាល់មានគម្រោងទៅចូលរួមកិច្ចប្រជុំ BRICS នៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដែលនឹងកំណត់ធ្វើឡើងនៅប្រទេសរុស្ស៊ីមុនពេលកិច្ចប្រជុំG-20ដែលនឹងត្រូវធ្វើឡើងនៅទីក្រុងរីយ៉ូ។
ប្រធានាធិបតីប្រេស៊ីលបាននិយាយថា៖«ខ្ញុំជឿថាពូទីនអាចទៅប្រទេសប្រេស៊ីលបានយ៉ាងងាយស្រួល»។ អ្វីដែលខ្ញុំអាចនិយាយទៅកាន់អ្នកបាននោះគឺថា ប្រសិនបើខ្ញុំជាប្រធានាធិបតីប្រេស៊ីល ហើយគាត់មកប្រទេសប្រេស៊ីល វាគ្មានផ្លូវដែលគាត់នឹងត្រូវចាប់ខ្លួននោះទេ»។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក ពូទីន កាលពីខែមីនា ដោយចោទប្រកាន់លោកពីបទឧក្រិដ្ឋកម្មសង្គ្រាម ក្នុងការនិរទេសកុមាររាប់រយនាក់ចេញពីប្រទេសអ៊ុយក្រែនដោយខុសច្បាប់ ប៉ុន្តែ រុស្ស៊ីបានបដិសេធថា កងកម្លាំងរបស់ខ្លួនមិនបានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាម ឬបានបង្ខំកុមារអ៊ុយក្រែន៕