ទីភ្នាក់ងារស៊ើបការណ៍យោធាអ៊ុយក្រែន (GUR) បាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងអ៊ុយក្រែនបានគ្រប់គ្រងឡើងវិញពីប្រទេសរុស្ស៊ី នូវទីកន្លែងខួងយកឧស្ម័ន និងប្រេងជាច្រើនកន្លែងនៅជិតតំបន់គ្រីមា។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក្នុងកម្មវិធីផ្ញើសារនៅក្នុងប្រព័ន្ធ Telegram ទីភ្នាក់ងារស៊ើបការណ៍យោធាអ៊ុយក្រែន បានអះអាងថា កងកម្លាំងរបស់ទីក្រុងកៀវបានយកមកវិញនូវទីតំាងខួងដែលគេស្គាល់ថា «Boiko Towers» នៅក្នុង «ប្រតិបត្តិការដ៏សំខាន់មួយ»។
សារនៅក្នុងតេឡេក្រាមនោះ បានអះអាងថា ទីតាំងទាំងនេះត្រូវបានកាន់កាប់តាំងពីឆ្នាំ២០១៥ ដោយប្រទេសរុស្ស៊ី ដែលបានរឹបអូសនិងបញ្ចូលឧបទ្វីបគ្រីមេក្នុងឆ្នាំ២០១៤ ហើយត្រូវបានប្រើប្រាស់ដោយទីក្រុងម៉ូស្គូសម្រាប់គោលបំណងយោធាចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ ២០២២។
រុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយភ្លាមៗលើរបាយការណ៍នេះទេ ហើយ រ៉យទ័រក៏មិនទាន់អាចផ្ទៀងផ្ទាត់ព័ត៌មានរបស់ GUR ដោយឯករាជ្យបានទេ។
GUR បាននិយាយនៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើ Telegram ថា៖«សម្រាប់អ៊ុយក្រែន ការទទួលបានការគ្រប់គ្រងឡើងវិញនូវប៉ម Boiko គឺមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ហើយជាលទ្ធផល រុស្ស៊ីបានបាត់បង់សមត្ថភាពក្នុងការប្រើប្រាស់ពួកវាសម្រាប់គោលបំណងយោធា»។
វាបាននិយាយថា៖«រុស្ស៊ីត្រូវបានដកហូតនូវសមត្ថភាពក្នុងការគ្រប់គ្រងដែនទឹកនៃសមុទ្រខ្មៅទាំងស្រុង ហើយនេះធ្វើឱ្យអ៊ុយក្រែនមានជំហានជាច្រើនខិតទៅជិតការដណ្តើមយកគ្រីមាមកវិញ»។
ក្នុងអំឡុងពេលប្រតិបត្តិការនេះ GUR បាននិយាយថា មានការប៉ះទង្គិចគ្នារវាងកងកម្លាំងពិសេសរបស់អ៊ុយក្រែននៅលើទូក និងយន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿង ដែលរងការខូចខាត និងបង្ខំឱ្យដកថយ។
GUR ក៏ទទួលបាននូវរបស់ជ័យភ័ណ្ឌជាច្រើន ដែលមានតម្លៃផ្សេងទៀត ដូចជាគ្រាប់បែកឧទ្ធម្ភាគចក្រ និងប្រព័ន្ធរ៉ាដា ដែលអាចតាមដានចលនារបស់កប៉ាល់នៅក្នុងសមុទ្រខ្មៅ។
មុនពេលរុស្ស៊ីដណ្តើមយកឧបទ្វីបគ្រីមានៅឆ្នាំ២០១៤ អ៊ុយក្រែនបានទាញយកផ្នែកសំខាន់មួយនៃឧស្ម័នធម្មជាតិរបស់ខ្លួនពីបាតសមុទ្រខ្មៅ ដោយផ្តល់ឧស្ម័នមិនត្រឹមតែសម្រាប់ គ្រីមាប៉ុណ្ណោះទេ ថែមទាំងដល់តំបន់ដីគោកនៃអ៊ុយក្រែនទៀតផង៕