អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានឱ្យដឹងនៅព្រឹកថ្ងៃពុធនេះថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនស្គាល់អត្តសញ្ញាណយ៉ាង ហោចណាស់ ១ គ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ខណៈមេដឹកនាំលោក គីម ជុងអ៊ុន ត្រៀមជួបពិភាក្សាជាមួយលោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន Al Jazeera។
អគ្គសេនាធិការមិនទាន់អាចបញ្ចេញព័ត៌មានលម្អិតភ្លាមៗស្ដីពីការបាញ់បង្ហោះនៅថ្ងៃពុធនេះបានទេ ដោយនិយាយថា ខ្លួនត្រូវការពេលវិភាគបន្ថែមទៀត។
ចំណែកឯឆ្មាំសមុទ្ររបស់ប្រទេសជប៉ុនវិញ បាននិយាយថា កូរ៉េខាងជើងអាចនឹងបានបាញ់មីស៊ីលចំនួន ២ គ្រាប់ ហើយបានធ្លាក់ចូលទៅក្នុងសមុទ្រ។
ប្រមុខខុទ្ទកាល័យជប៉ុន លោក HirokazuMatsuno បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសជប៉ុនបានដាក់ការតវ៉ាប្រឆាំងនឹងកូរ៉េខាងជើង តាមរយៈបណ្តាញការទូតប្រចាំទីក្រុងប៉េកាំង។
ការបាញ់បង្ហោះចុងក្រោយនេះ ធ្វើឡើងចំពេលដែលប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងស្ថិតនៅក្នុងប្រទេសរុស្ស៊ី ដើម្បីជួបពិភាក្សាគ្នាជាមួយលោក ពូទីន ដោយផ្ទាល់។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមរបស់ប្រទេសកុម្មុយនីស្តកូរ៉េខាងជើង (KCNA) បានរាយការណ៍នៅថ្ងៃពុធថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសរុស្ស៊ី គឺជាការបង្ហាញយ៉ាងច្បាស់អំពី «សារៈសំខាន់ជាយុទ្ធសាស្ត្រ» នៃទំនាក់ទំនងរបស់ប្រទេសទាំង ២។
មានការព្រមានជាពិសេសពីសហរដ្ឋអាមេរិកថា មេដឹកនាំទាំង ២ អាចនឹងពិភាក្សាគ្នាអំពីការផ្គត់ផ្គង់អាវុធឱ្យរុស្ស៊ីដើម្បីយកទៅប្រើនៅក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន។
អ្នកវិភាគផ្នែកសន្តិសុខនៅសហរដ្ឋអាមេរិក លោក Ankit Panda បានសរសេរនៅលើបណ្ដាញសង្គម X (អតីតធ្វីតធើរ) ថាវាគឺជារឿងគួរឱ្យចាប់អារម្មណ៍ខ្លាំង ដែលការបាញ់បង្ហោះមីស៊ីលនេះត្រូវបានធ្វើឡើង ដោយគ្មានវត្តមានរបស់មេដឹកនាំ លោក គីម នៅក្នុងប្រទេស ប៉ុន្តែមិនបានគូសបញ្ជាក់ថា វាជាសញ្ញាយ៉ាងណានោះទេ។
នៅក្នុងមួយរយៈចុងក្រោយនេះ កូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលជាច្រើនលើកច្រើនសា ដែលជាការផ្គើនលើសេចក្ដីសម្រេចរបស់ក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់ចេញក្នុងឆ្នាំ ២០១៧។ ជាការតាមដាន ចាប់តាំងពីដើមឆ្នាំ ២០២២ មក កូរ៉េខាងជើង បានធ្វើការបាញ់សាកល្បងមីស៊ីលច្រើនជាង ១០០ លើកទៅហើយ៕