អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃព្រហស្បតិ៍​កន្លងទៅថ្មីៗ​នេះបានឱ្យដឹង​ថា​ចំនួន​អ្នកស្លាប់​សរុប​ដែលទាក់ទង​នឹងជំងឺ Legionnaires កើនដល់​ចំនួន ២៣ នាក់​ត្រូវបាន​រាយការណ៍​ពី​ប្រទេស​ប៉ូឡូញ​គិតត្រឹម​ថ្ងៃទី ១១ ខែកញ្ញា។

WHO បានឱ្យដឹងទៀត​ថា ករណីជំងឺ Legionnaires សរុប​មាន​ចំនួន ១៦៦ ករណី​ត្រូវបាន​រាយការណ៍ តែយ៉ាងណា គ្មានករណីថ្មី​ណាមួយ​ត្រូវបាន​រាយការណ៍​ឡើយ​ចាប់តាំង​ពីថ្ងៃទី៧ ខែកញ្ញា។

ជំងឺ Legionnaires គឺជាជំងឺ​មួយ​ប្រភេទ​ដែលបង្ក​ឡើង​ដោយ​បាក់តេរី legionella ដោយវា អាចនឹង​បង្ក ឱ្យមាន ជំងឺ​រលាក​សួត​ក្នុង​កម្រិត​ធ្ងន់ធ្ងរ។ បើយោងតាម​អង្គការ​សុខភាព​ពិភពលោក ទម្រង់​នៃការឆ្លង​ទូទៅ​បំផុត​នៃជំងឺ Legionnaires គឺ​ការស្រូប​សារធាតុ aerosols កខ្វក់​ដែលចេញ​មកពី​ដបបាញ់​ទឹក យន្តហោះ ឬអ័ព្ទក​ខ្វក់។

កាលពី​ខែសីហា អាជ្ញាធរ​បាននិយាយ​ថា ទីភ្នាក់ងារ​សន្តិសុខ​ក្នុងស្រុក​របស់​ប្រទេស​ប៉ូឡូញ​កំពុង​ស៊ើប​អង្កេត​ថា​តើការផ្ទុះ​ឡើង​នៃជំងឺ Legionnaires អាច​ជាលទ្ធផល​នៃការប៉ុនប៉ង​ដោយចេតនា​ពីសំណាក់​ភាគី​ណាមួយ​នៅក្នុង​ប្រព័ន្ធ​ទឹក។

ជាមួយគ្នា​នេះដែរ WHO បាននិយាយ​ថា ប្រភព​នៃការឆ្លង​មិនទាន់​អាចកំណត់​អត្តសញ្ញាណ​បាននៅ​ឡើយទេ ហើយ​ការស៊ើបអង្កេត​កំពុងបន្ត​ដើម្បី​ស្វែងរក​ប្រភព​នៃការផ្ទុះ​ឡើង៕