ទីភ្នាក់ងារ ហ្រ្វេកង់ជាតិរបស់បារាំងបានធ្វើតេស្តសាកល្បង រកឃើញពីអត្រាស្រូបទាញនៃទូរស័ព្ទម៉ូដែល Iphone 12 ដែលខ្ពស់ជាងការតម្រូវរបស់ច្បាប់។ តាមរយៈការរកឃើញបែបនេះ បារាំងបានហាមឃាត់ការលក់ទូរស័ព្ទម៉ូដែលនេះ និងកំពុងតែរីករាលដាលលើការហាមឃាត់បន្តទៀតទៅកាន់ប្រទេសដទៃ នៅក្នុងសហគមន៍អឺរ៉ុប។
ក្រុមអ្នកឃ្លាំមើលសង្គមក៏បានអះអាងថា ខ្លួននឹងបញ្ជូនកម្លាំងទៅតាមហាងលក់ទូរស័ព្ទ ដើម្បីត្រួតពិនិត្យមើលទូរស័ព្ទ Iphone 12 ដែលមិនទាន់បានលក់ចេញហើយថា ប្រសិនបើមិនមានការសហការពីម្ចាស់ហាងទេ ខ្លួននឹងរឹបអូសយកសូម្បីតែទូរស័ព្ទដែលបានលក់ ទៅកាន់អតិថិជនរួចរាល់ក៏ដោយ។
ក្រោយការចោទប្រកាន់ពីសំណាក់អ្នកឃ្លាំមើលសង្គមបែបនេះ ក្រុមហ៊ុន Apple បានចេញមុខច្រានចោល និងអះអាងថា គ្រប់ម៉ូដែលទូរស័ព្ទរបស់ខ្លួនគឺសុទ្ធតែគោរពតាមច្បាប់វិទ្យុសកម្មស្តង់ដាពិភពលោក។
ក្រុមហ៊ុន Apple បាននិយាយម៉ូដែលនោះត្រូវបានបញ្ជាក់ដោយស្ថាប័នអន្តរជាតិជាច្រើនថា ពិតជាបានអនុលោមតាមស្តង់ដាវិទ្យុសកម្មសកលពិតមែន។ ក្រុមហ៊ុន Apple ក៏បានផ្តល់លទ្ធផលចេញពីមន្ទីរពិសោធន៍ទៅឱ្យភាគីបារាំងផងដែរ។
ទោះយ៉ាងណា មន្ទីរពិសោធន៍របស់ទីភ្នាក់ងារបារាំងបានរកឃើញការស្រូបថាមពលអេឡិចត្រូម៉ាញ៉េទិចចេញពីរាងកាយក្នុងកម្រិត ៥,៧៤ វ៉ាត់នៅពេលទូរស័ព្ទត្រូវបានកាន់ ឬដាក់ក្នុងហោប៉ៅ រីឯស្តង់ដាជាក់លាក់របស់អឺរ៉ុបគឺត្រឹមតែ ៤.០ វ៉ាត់ក្នុង ១ ម៉ោងដូចគ្នា។
ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ អ្នកស្រាវជ្រាវបានខិតខំសិក្សា និងវាយតម្លៃអំពីហានិភ័យសុខភាពបណ្ដាលមកពីទូរស័ព្ទដៃ ប៉ុន្តែអង្គការសុខភាពពិភពលោកមិនទាន់រកឃើញការប៉ះពាល់នៅឡើយ៕