ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​ក្នុងស្រុក​បាន​រាយការណ៍​ថា ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​សៅរ៍ បានបង្ហាញ​មេ​ដឹកនាំ​កូរ៉េខាងជើង លោក គីម​​ ជុង​អ៊ុន​ នូវ​ប្រភេទ​មី​ស៊ី​ល​លឿន​ជាង​សំឡេង Kinzhal ក៏ដូចជា​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធ​សាស្ត្រ ដែលមាន​សមត្ថភាព​ដឹក​គ្រាប់​នុយក្លេអ៊ែររបស់ខ្លួន ក្នុងអំឡុង​ទស្សនកិច្ច​ចុងក្រោយបង្អស់​របស់លោក ជុង​អ៊ុន ទៅកាន់​រោងចក្រ​អវកាស​យោធា និង​បច្ចេកវិទ្យា​ផ្សេងទៀត​នៅ​តំបន់​ចុង​បូព៌ា​របស់​រុស្ស៊ី​។

​អភិបាល​នៃ​តំបន់​ចុង​បូព៌ា Primorsky របស់​រុស្ស៊ី លោក Oleg Kozhemyako បានប្រកាស​ពី​ទស្សនកិច្ច​របស់លោក ជុង​អ៊ុន នៅ​ទីក្រុង Artyom ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល ៤០ គីឡូម៉ែត្រ​ភាគ​ឦសាន​នៃ​ទីក្រុង​វ្ល៉ា​ដី​វ៉ូ​ស្តុក​នៅ​ថ្ងៃ​សៅរ៍​។

​ក្រោយ​ទៅដល់​ក្រុង Artyom លោក ជុង​អ៊ុន បានធ្វើ​ដំណើរ​ទៅកាន់​អាកាសយានដ្ឋាន​វ្ល៉ា​ដី​វ៉ូ​ស្តុក ដែល​ស្ថិតនៅ​ភាគ​ខាងជើង​ក្រុង ហើយ​បាន​ពិនិត្យមើល​យន្តហោះ​ទម្លាក់​គ្រាប់​បែក​យុទ្ធសាស្ត្រ​ដែលមាន​សមត្ថភាព​ផ្ទុក​គ្រាប់​នុយក្លេអ៊ែរ​របស់​រុស្ស៊ី និង​យន្តហោះ​ចម្បាំង​ផ្សេងទៀត តាម​ការបង្ហាញ​របស់​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី លោក សឺ​ហ្គេ​យ ស៊ូ​ហ្គូ (Sergei Shoigu) និង​មន្ត្រី​យោធា​ជាន់ខ្ពស់​ផ្សេងទៀត​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​​រុស្ស៊ី Interfax លោក ជុង​អ៊ុន បាន​ទៅ​មើល​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ ​៣ ​ម៉ូ​ដែល រួមមាន Tu-160 Tu-95 និង Tu-22M3 ដែល​រុស្ស៊ី​ប្រើ​ជា​ប្រចាំ​ដើម្បី​បាញ់​មី​ស៊ី​ល​ក្នុង​សង្គ្រាម​ដែល​កំពុង​បន្ត​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​តាម​ការរាយការណ៍​ប​ន្ត​របស់​បណ្ដាញ​ព័ត៌មាន Al Jazeera លោក ស៊ូ​ហ្គូ ក៏បាន​បង្ហាញ​លោក ជុង​អ៊ុន អំពី​មី​ស៊ី​ល​ចុងក្រោយបង្អស់​របស់​រុស្ស៊ី គឺ Kinzhal ​ដែលជា​មី​ស៊ី​ល​ផ្លោង​បាញ់​តាម​អាកាស មាន​សមត្ថភាព​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ឬ​ក្បាល​​គ្រាប់​ធម្មតា​បាន និង​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​រហូត​ ១០ ​ដង​ក្នុង​ល្បឿន​ ១២ ពាន់​គីឡូម៉ែត្រ​/​ម៉ោង​។

​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​រុស្ស៊ី​ចុងក្រោយ​នេះ លោក ជុង​អ៊ុន បាន​ជួប​ដោយផ្ទាល់​ជាមួយ​សម​ភាគី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន​។ អ្នក​​ជំនាញ បាន​និយាយថា កិច្ច​សហ​ប្រតិបត្តិការ​យោធា​ដ៏​មាន​សក្តា​នុ​ពល​រវាង​រុស្ស៊ី និង​កូរ៉េខាងជើង បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ជុង​អ៊ុន អាច​រួមបញ្ចូល​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​ទំនើបកម្ម​កម្លាំង​ទ័ពអាកាស​ហួស​សម័យ​របស់​កូរ៉េខាងជើង ដែល​ពឹង​​ផ្អែកលើ​យន្តហោះ​ចម្បាំង​ដែល​បញ្ជូន​ពី​សហភាពសូវៀត​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៨០៕