រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី (Wang Yi) បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសរុស្ស៊ីសម្រាប់រយៈពេល ៤ ថ្ងៃ ដើម្បីជួបពិភាក្សាជាមួយសមភាគីរុស្ស៊ី ដែលគេជឿថា ប្រមុខការទូតនៃប្រទេសមហាអំណាចទាំង ២ នឹងផ្តោតលើកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅ កិច្ចការសន្តិសុខ និងជាការត្រួសត្រាយផ្លូវសម្រាប់ប្រមុខដឹកនាំប្រទេសរបស់ពួកគេជួបគ្នានៅក្នុងខែតុលា។
លោក វ៉ាង យី ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសចិន និងជាការិយាល័យកិច្ចការបរទេសរបស់បក្សកុម្មុយនីស្តចិនដែលកំពុងកាន់អំណាចនឹងជួបជាមួយលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Nikolai Patrushev សម្រាប់កិច្ចពិភាក្សាលើរបៀបសន្តិសុខប្រចាំឆ្នាំ ក៏ដូចជារដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov)។ នេះបើយោងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។
កាលពីសប្តាហ៍មុន ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ការពិភាក្សារបស់អ្នកការទូតជើងចាស់ជាមួយសមភាគីលោក សឺហ្គេ ឡាវរ៉ូវ នឹងគ្របដណ្តប់លើ «បញ្ហាជាច្រើន» រួមទាំង «ទំនាក់ទំនងនៅកម្រិតខ្ពស់ និងកម្រិតខ្ពស់បំផុត»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
តាមសេចក្តីរាយការណ៍នោះ ប្រមុខការទូតចិនត្រូវបានគេរំពឹងថា នឹងផ្តោតលើមូលដ្ឋានសំខាន់ៗសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ទៅកាន់រដ្ឋធានីប៉េកាំងរបស់ប្រទេសចិនសម្រាប់ការចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី ៣ បន្ទាប់ពីការអញ្ជើញរបស់ប្រធានាធិបតី ស៊ី ជីនភីង (Xi Jinping) ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំចិនទៅកាន់ទីក្រុងម៉ូស្គូកាលពីខែមីនា។
ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ត្រូវបានគេដឹងថា បានចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» ចំនួន ២ លើកដំបូងរួចមកហើយដែលបានប្រារព្ធធ្វើនៅក្នុងឆ្នាំ ២០១៧ និង ២០១៩ ហើយក៏ត្រូវផ្អាកនៅឆ្នាំក្រោយៗមក ដោយសារវិបត្តិនៃការរីករាលដាលកូវីដ ១៩ និងការញាំញីដោយសារវិបត្តិសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី។
រហូតមកដល់ពេលនេះ យ៉ាងហោចណាស់ប្រទេសចំនួន ៩០ ត្រូវបានបញ្ជាក់អះអាងថា នឹងចូលរួមវេទិកា«ខ្សែក្រវាត់ និងផ្លូវ» ដែលជាការរំឭកខួប ១០ ឆ្នាំ នៃការដាក់ចេញគំនិតផ្តួចផ្តើមផ្លូវសូត្រនេះបន្ទាប់ពីការចូលកាន់អំណាចរបស់ប្រធានាធិបតី ស៊ី ជីនភីង។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានផ្សាយកាលពីសប្តាហ៍មុនថា លោក ពូទីន បានបញ្ជាក់ថា ខ្លួននឹងទៅចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវនៅប្រទេសចិនក្នុងខែតុលាខាងមុខនេះ។
លោកពូទីនត្រូវបានគេដឹងថាបានផ្អាកការធ្វើដំណើរទៅកាន់បរទេសចាប់តាំងពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនរបស់លោកនៅក្នុងខែមីនា ឆ្នាំនេះពីបទនិរទេសកុមាររាប់រយនាក់ដោយខុសច្បាប់ពីអ៊ុយក្រែន។
នៅថ្ងៃទី ១ ខែកញ្ញា លោក ពូទីន បាននិយាយថា លោករំពឹងថា នឹងជួបលោក ស៊ី ក្នុងពេលឆាប់ៗនេះ។ មហាអំណាចចិននៅតែជាមិត្តជិតស្និទ្ធរបស់រុស្ស៊ីដោយរក្សាភាពល្អូកល្អិន និងបន្តសកម្មភាពពាណិជ្ជកម្មជាមួយរុស្ស៊ីដែលរងការដាក់ទណ្ឌកម្មយ៉ាងខ្លាំងពីសំណាក់បស្ចិមប្រទេស ក្រោយលោកសម្រេចលើកទ័ពចូលឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២។
គេនៅចាំបានថា ដីកាចាប់ខ្លួនលោកពូទីនរបស់ ICC ដែលចេញប៉ុន្មានថ្ងៃមុនដំណើរទស្សនកិច្ចរបស់លោកស៊ីទៅកាន់រុស្ស៊ី កាតព្វកិច្ចរបស់តុលាការជាសមាជិកទាំង ១២៣ ក្នុងការចាប់ខ្លួនលោក ពូទីន និងផ្ទេរលោកទៅទីក្រុងឡាអេ ដើម្បីកាត់ទោស ប្រសិនបើលោកចូលក្នុងទឹកដីរបស់ពួកគេ។
ទោះជាយ៉ាងណា ប្រទេសចិនមិនមែនជាភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូម ដែលនាំទៅដល់ការបង្កើត ICC ក្នុងឆ្នាំ ២០០២ ទេ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយកាលពីសប្តាហ៍មុនថា ដំណើរទស្សនកិច្ចនេះ ក៏នឹងឃើញការផ្លាស់ប្តូរទស្សនៈលម្អិតលើបញ្ហានានា រួមទាំងអ៊ុយក្រែនផងដែរ។
ប្រទេសចិននៅមុនខួប ១ ឆ្នាំនៃសង្គ្រាមអ៊ុយក្រែន ធ្លាប់បានស្នើដំណោះស្រាយសន្តិភាព៕