អាជ្ញាធរកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទបានឱ្យដឹងថា វ៉ាក់សាំងដំបូងរបស់ Pfizer សម្រាប់វីរ៉ុសកូវីដ១៩XBB.1.5 ដែលជាប្រភេទមួយនៃវីរុសអូមីក្រុង ទើបបានមកដល់អាកាសយានដ្ឋាន Incheon។
ទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (KDCA) បាននិយាយថាវ៉ាក់សាំង Pfizer ចុងក្រោយបង្អស់ចំនួន៤.០៤លានដូសបានមកដល់នៅពេលរសៀលនេះ គឺជាវ៉ាក់សាំងបង្គ្រប់ចំនួនសរុប១៥លានដូសដែលបានកំណត់ទុកសម្រាប់កម្មវិធីចាក់វ៉ាក់សាំងរដូវរងាក្នុងឆ្នាំនេះ។
បើតាមមន្ត្រីម្នាក់មកពី KDCA បាននិយាយថា៖«ការស្រាវជ្រាវជាច្រើនបានបង្ហាញថាអ្នកដែលបានទទួលយកវ៉ាក់សាំងកូវីដ១៩ដែលត្រូវបានធ្វើបច្ចុប្បន្នភាពនេះនឹងមានប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំនិងប្រឆាំងនឹងវីរុសបំប្លែងថ្មីភាគច្រើនដោយហេតុថាវ៉ាក់សាំងថ្មីនេះបានរួមបញ្ចូលធាតុផ្សំដែលមានលក្ខណៈស្រដៀងទៅនឹងវីរ៉ុសត្រកូល XBB»។
លោកបន្តថាបន្ទាប់ពីការទទួលវ៉ាក់សាំងថ្មីនេះអង់ទីកររបស់ពួកគេនឹងកើនឡើងខ្ពស់ជាងមុន១០ដងបើប្រៀបធៀបទៅនឹងមុនពេលចាក់វ៉ាក់សាំងនិងវីរុស XBB 1.5។
KDCA និងក្រសួងសុវត្ថិភាពចំណីអាហារនិងឱសថបានផ្តល់ការអនុញ្ញាតពិសេសសម្រាប់ការផលិតនិងលក់វ៉ាក់សាំងដើម្បីណែនាំនិងចែកចាយឱ្យបានយ៉ាងឆាប់រហ័សតាមដែលអាចធ្វើទៅបាន។
KDCA បាននិយាយទៀតថាវ៉ាក់សាំងចំនួន៦លានដូសទៀតគ្រោងនឹងមកដល់ផងដែរប៉ុន្តែទីភ្នាក់ងារដដែលមិនបានផ្តល់កាលបរិច្ឆេទជាក់លាក់នោះទេ។
KDCA បាននិយាយទៀតថាខ្លួនគ្រោងនឹងចាប់ផ្តើមគ្រប់គ្រងវ៉ាក់សាំងនៅខែក្រោយហើយកាលបរិច្ឆេទជាក់លាក់សម្រាប់កម្មវិធីចាក់វ៉ាក់សាំងមុនរដូវរងានៅឆ្នាំនេះនឹងត្រូវបានប្រកាសនៅពេលណាមួយនៅសប្តាហ៍ក្រោយ។
ទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺកូរ៉េដដែលនេះបានបញ្ជាក់បន្ថែមដោយផ្តល់អនុសាសន៍ដល់ក្រុមមនុស្សដែលមានហានិភ័យខ្ពស់ ដូចជាមនុស្សចាស់ជាដើមឱ្យទៅទទួលវ៉ាក់សាំងឱ្យបានឆាប់រហ័ស៕