មន្ត្រីជាន់ខ្ពស់ថៃមួយរូប បានលើកឡើងកាលពីថ្ងៃចន្ទ ថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចត្រូវបានដោះលែងឱ្យនៅក្រៅឃុំនៅដើមខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីលោកទទួលបានការលើកលែងទោសពីការដាក់ពន្ធនាគាររយៈពេល ៨ ឆ្នាំ មកនៅត្រឹមមួយឆ្នាំ ក្រោយពីការវិលត្រឡប់ចូលប្រទេសថៃពីការនិរទេសខ្លួនជាង ១៥ ឆ្នាំ។
អ្នកនយោបាយដ៏ល្បីបំផុតរបស់ប្រទេសថៃរូបនេះ បានវិលត្រឡប់ចូលប្រទេសវិញកាលពីខែមុន ពោលគឺ ១៥ ឆ្នាំបន្ទាប់ពីលោកបាននិរទេសខ្លួនដោយសារតែរដ្ឋប្រហារយោធាក្នុងឆ្នាំ២០០៦។
អំឡុងពេលដែលលោកនៅក្រៅប្រទេស លោកថាក់ស៊ីន ត្រូវបានតុលាការរកឃើញថាមានពិរុទ្ធភាព និងបានកាត់ទោសកំបាំងមុខក្នុងសំណុំរឿងចំនួន ៣ ករណី ពាក់ព័ន្ធនឹងការរំលោភបំពានអំណាច ជម្លោះផលប្រយោជន៍ និងការប្រព្រឹត្តខុសផ្សេងទៀត។
ការវិលត្រឡប់របស់លោក ថាក់ស៊ីន ចូលទៅកាន់ប្រទេសថៃ បានកើតឡើងស្របពេលជាមួយនឹងការបោះឆ្នោតសភា ជ្រើសរើសលោក ស្រេតថា ថាវីស៊ីន (Srettha Thavisin)ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ។ ការបោះឆ្នោតសភានេះបានប្រព្រឹត្តទៅដោយជោគជ័យ បន្ទាប់ពីបានជាប់គាំងជាង៣ច្រើនខែ ក្រោយពីការបោះឆ្នោតសកលកាលពីខែឧសភា ដែលកាលនោះ គណបក្សកាន់អំណាចបានចាញ់ឆ្នោត។
ចាប់តាំងពីឆ្នាំ២០០១ រហូតដល់ការបោះឆ្នោតនៅឆ្នាំនេះ គណបក្សដែលមានសម្ព័ន្ធភាពល្អជាមួយលោក ថាក់ស៊ីន បានឈ្នះរាល់ការបោះឆ្នោតទាំងអស់។ ជាក់ស្ដែង គណបក្សភឿថៃដែលជាគណបក្សគាំទ្រដោយគ្រួសាររបស់លោក ថាក់ស៊ីន បានជាប់ចំណាត់ថ្នាក់ទី២ បន្ទាប់ពីគណបក្សឈានទៅមុខ (Move Forward Party)។
មហាសេដ្ឋីផ្នែកទូរគមនាគមន៍លោក ថាក់ស៊ីន ដែលត្រូវបានគេស្គាល់ថាជាអ្នកប្រកាន់ខ្ជាប់គោលនយោបាយប្រជានិយម ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនក្រីក្រនៅក្នុងប្រទេសថៃនោះ ធ្លាប់បានប៉ះទង្គិចជាមួយក្រុមអ្នកមានស្តុកស្តម្ភរបស់ប្រទេសថៃ និងក្រុមយោធាដែលស្មោះត្រង់នឹងរាជានិយម។ ដូច្នេះហើយទើបបង្កឱ្យមានរដ្ឋប្រហារយោធាទម្លាក់លោកពីដំណែង និងធ្លាប់បានទម្លាក់រដ្ឋាភិបាលប្អូនស្រីរបស់លោកកាលពីឆ្នាំ២០១៤ ទៀតផង។
មានពាក្យចចាមអារ៉ាមជាច្រើនដែលបានលើកឡើងថា លោក ថាក់ស៊ីន បានមានកិច្ចព្រមព្រៀងសម្ងាត់មួយចំនួនជាមួយគណបក្សគូប្រជែងរបស់លោកពោលគឺបន្ទាប់ពីគណបក្សគាំទ្រយោធា បានយល់ព្រមបោះឆ្នោតគាំទ្របេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃ លោក ស្រេតថា ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។
យ៉ាងណាក៏ដោយ លោក ថាក់ស៊ីន និងលោក ស្រេតថា បានបដិសេធចំពោះការចោទប្រកាន់ទាំងនេះ។
នៅយប់ដំបូងដែលលោក ថាក់ស៊ីនត្រលប់ចូលដល់ប្រទេសថៃ លោកត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យប៉ូលីស ដោយសារតែលោកមានអាការៈឈឺទ្រូង និងលើសឈាម ដែលបច្ចុប្បន្នក៏លោកកំពុងត្រូវបានគ្រូពេទ្យតាមដានសុខភាព និងព្យាបាលផងដែរ។
ប៉ុន្មានថ្ងៃក្រោយមក ព្រះមហាក្សត្រ មហា វីជីរ៉ាឡុងកន (Maha Vajiralongkorn) ទ្រង់បានបន្ធូរបន្ថយទោសលោក ថាក់ស៊ីន ពី ៨ឆ្នាំ មកនៅត្រឹម ១ឆ្នាំ ប៉ុន្តែលោកអាចនឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំឆាប់ៗខាងមុខនេះ។
អគ្គនាយករងនៃនាយកដ្ឋានកែប្រែ លោក ស៊ីធី ស៊ូធិវង្ស (Sitthi Sutivong) បានប្រាប់សារព័ត៌មានរ៉យទ័រថា៖«បន្ទាប់ពីបានជាប់ពន្ធនាគាររយៈពេល ៦ខែ លោក ថាក់ស៊ីន នឹងមានសិទ្ធិទទួលបានការដោះលែង អនុលោមទៅតាមច្បាប់ស្ដីពីការសម្រាលទោសសម្រាប់អ្នកទោសដែលមានអាយុលើសពី ៧០ឆ្នាំ ឬអ្នកដែលមានជម្ងឺ»។
លោកបានពន្យល់បន្ថែមថា នាយកដ្ឋានរបស់លោកបានវាយតម្លៃទៅលើករណីនីមួយៗ ដោយមិនមានដំណើរការដាក់ញត្តិបន្ថែមនោះទេ។ រយៈពេលនៃការព្យាបាលនៅមន្ទីរពេទ្យរបស់អតីតនាយករដ្ឋមន្ត្រី គឺត្រូវកំណត់ដោយអ្នកជំនាញវេជ្ជសាស្ត្រ៕