ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានអះអាងថា យន្តហោះអាមេរិកមួយគ្រឿង បានដឹកជនជាតិអាមេរិកចំនួន ៥ នាក់ ដែលត្រូវបានដោះលែងដោយអ៊ឺរ៉ង់ ទៅកាន់សហរដ្ឋអាមេរិកវិញនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ដែលការដោះដូរនេះ ត្រូវបានគេរាយការណ៍ថាជាថ្នូរនឹងការដោះលែងពលរដ្ឋអ៊ីរ៉ង់ ៥ នាក់ ដែលអាមេរិកបានចាប់ឃុំខ្លួន។
មិនត្រឹមតែប៉ុណ្ណោះ អាមេរិក ក៏បានជួយសម្រួលឱ្យមានការផ្ទេរប្រាក់ចំនួន ៦ពាន់លានដុល្លារ ដែលជាមូលនិធិរបស់អ៊ីរ៉ង់ នៅបរទេសផងដែរ។ នេះគឺជាកិច្ចព្រមព្រៀងដ៏កម្រមួយមិនធ្លាប់មានពីមុនរវាងប្រទេសបច្ចាមិត្តនឹងគ្នាជាយូរមកហើយ។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«ថ្ងៃនេះ ជនជាតិអាមេរិកចំនួន ៥នាក់ដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់នៅក្នុងប្រទេសអ៊ីរ៉ង់ ទីបំផុតបានត្រលប់មកផ្ទះវិញហើយ»។
សេតវិមានបានបញ្ជាក់ថា៖«យន្តហោះដឹកអ្នកទាំង ៥នាក់ រួមទាំងសមាជិកគ្រួសារអាមេរិក២នាក់ដែលបានចាកចេញពីក្រុងតេហេរ៉ង់នៅមុននេះ កំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកហើយ។ ពួកគេនឹងទទួលបានការព្យាបាលដោយយោធាអាមេរិក និងសម្របខ្លួនទៅនឹងសេរីភាពដែលពួកគេធ្លាប់មានពីមុន»។
ទូរទស្សន៍រដ្ឋ Press TV របស់ប្រទេសអ៊ីរ៉ង់ក៏បានរាយការណ៍ថា ជនជាតិអ៊ីរ៉ង់ទាំង ៥នាក់ដែលសហរដ្ឋអាមេរិកឃុំខ្លួន និងចោទប្រកាន់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្ម ត្រូវបានដោះលែងហើយ។ ទូរទស្សន៍នេះបានបញ្ជាក់ថា ពួកគេត្រូវបានផ្តល់ការលើកលែងទោស។ ២នាក់ក្នុងចំណោម ៥នាក់បានធ្វើដំណើរមកដល់ទីក្រុងតេហេរ៉ង់ហើយ។ ដោយឡែក សម្រាប់ ៣នាក់ទៀតនឹងមិនត្រឡប់ទៅប្រទេសអ៊ីរ៉ង់វិញនោះទេ។
ប្រធានាធិបតីអ៊ីរ៉ង់ លោក អេប្រាហ៊ិម រ៉ាយស៊ី (Ebrahim Raisi) បានយល់ឃើញថា ការដោះលែងនេះគឺជាទង្វើមនុស្សធម៌ដែលជាគំរូល្អមួយ សម្រាប់កិច្ចព្រមព្រៀងនាពេលអនាគត។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ច្បាស់នោះទេ ថាតើការដោះដូរនេះនឹងនាំឱ្យមានវឌ្ឍនភាពលើបញ្ហាសំខាន់ៗដែរឬក៏យ៉ាងណានោះទេ ដែលក្នុងនោះរួមមានដូចជាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ការគាំទ្រក្រុមប្រដាប់អាវុធក្នុងតំបន់ វត្តមានកងទ័ពអាមេរិកនៅឈូងសមុទ្រ និងការដាក់ទណ្ឌកម្មជាដើម។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលជាសត្រូវនឹងគ្នាអស់រយៈពេលជាង៤០ឆ្នាំមកនេះ បានជួបនឹងភាពជូរចត់ ជាពិសេសចាប់តាំងពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ(Donald Trump) បានដកខ្លួនចេញពីកិច្ចព្រមព្រៀងទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅឆ្នាំ២០១៨និងបានដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញ។
លោក ហេនរី រ៉ូម (Henry Rome) មកពីវិទ្យាស្ថានវ៉ាស៊ីនតោនសម្រាប់គោលនយោបាយតំបន់ក្បែរបូព៌ា (WINEP) បាននិយាយថា ៖ «ការដោះដូរអ្នកទោសទំនងជាអាចបើកផ្លូវការទូតបន្ថែមទៀត ជុំវិញកម្មវិធីនុយក្លេអ៊ែរ បើទោះបីជាក្ដីសង្ឃឹមនៅមានតិចតួច និងត្រូវចំណាយពេលយូរទៀតក៏ដោយ»។
លោក បៃដិន បានថ្លែងអំណរគុណចំពោះប្រទេសកាតា អូម៉ង់ ស្វីស និងកូរ៉េខាងត្បូង សម្រាប់ការជួយដល់ដំណើរការដោះលែងនេះ។ លោកបានថ្លែងថា៖«យើងនឹងជំរុញឱ្យប្រទេសអ៊ីរ៉ង់ទទួលខុសត្រូវចំពោះសកម្មភាពបង្កហេតុរបស់ពួកគេនៅក្នុងតំបន់»។
កាតាជាប្រទេសដែលបានជួយសម្របសម្រួលកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទាក់ទងនឹងអ្នកជាប់ឃុំ ខណៈដែលប្រទេសស្វីស បានដើរតួក្នុងនាមតំណាងឱ្យសហរដ្ឋអាមេរិកក្នុងការជួយផ្ទេរមូលនិធិពីកូរ៉េខាងត្បូងទៅកាន់ប្រទេសកាតា។
ជំនួយការរបស់លោក បៃដិន បានអះអាងថា មូលនិធិនេះជារបស់ប្រទេសអ៊ីរ៉ង់ ហើយកំពុងត្រូវបានផ្ទេរពីគណនីរបស់ប្រទេសកូរ៉េខាងត្បូងទៅកាន់គណនីរបស់ប្រទេសកាតា។ យ៉ាងណាមិញអ៊ីរ៉ង់អាចប្រើប្រាស់មូលនិធិនេះក្នុងការចំណាយទៅលើតែស្បៀងអាហារ ថ្មាំពេទ្យ និងរបស់របរមនុស្សធម៌ផ្សេងទៀត ដោយមានការត្រួតពិនិត្យចំណាយពីសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។
ជនជាតិអាមេរិកទាំង ២នាក់ជាអ្នកជំនួញ ហើយម្នាក់ទៀតគឺជាអ្នកបរិស្ថានដែលកាន់សញ្ជាតិអង់គ្លេស។ ដោយឡែក អត្តសញ្ញាណរបស់ ២នាក់ទៀតត្រូវបានរក្សាការសម្ងាត់ ស្របតាមសំណើសុំឱ្យរក្សាឯកជនភាពរបស់ពួកគេ៕