សារព័ត៌មាន​ THE JAKARTA POST បាន​ផ្សាយ​ថា ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ​ (Joko Widodo) ដែល​គេ​និយម​ហៅ ចូកូវី (Jokowi) បាន​ចេញ​មុខ​​បដិសេធ​ការ​ចោទ​ប្រកាន់​ដែល​កំពុង​ល្បី​ក្នុង​បណ្តាញ​សង្គម​ដែល​ថា រដ្ឋមន្ត្រី​មួយរូប​បាន​ប្រើ​អំពើ​ហិង្សា​ក្នុង​អំឡុងពេល​ជម្លោះ​គោល​នយោបាយ​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋ​មន្ត្រី របស់​លោក​។

ការ​ជជែក​យ៉ាង​ទូលំទូលាយ​លើ​បណ្តាញ​សង្គម ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ដោយ​លើក​ឡើង​ថា រដ្ឋមន្ត្រី​ការពារជាតិ Prabowo Subianto ដែល​ជា​បេក្ខភាព​មួយ​រូប​សម្រាប់​ប្រជែង​តំណែង​​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ដែល​នឹង​ត្រូវ​បោះឆ្នោត​នៅ​ដើម​ឆ្នាំ​ ២០២៤ បាន​ប្រើ​អំពើ​ហិង្សា ដោយ​ការ​ចាប់​ច្របាច់ក​ និង​ទះ​កំផ្លៀង​អនុរដ្ឋ​មន្ត្រី​កសិកម្ម លោក Harvick Hasnul Qolbi មុនពេល​កិច្ចប្រជុំ​គណៈរដ្ឋ​មន្ត្រី​ នៅ​វិមាន​ប្រធានាធិបតី​បាន​ចាប់​ផ្តើម។ នេះ​យោង​តាមការ​ផ្សាយ​ដដែល។​

អ្នកសារព័ត៌មាន​បាន​ចោទ​សួរ​ប្រធានាធិបតី ចូកូវី កាលពី​ថ្ងៃ​អង្គារ ក្នុង​អំឡុងពេល​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីផ្សារ​ប្រពៃណី​មួយ​ក្នុង​ទីក្រុង Jatinegara ភាគ​ខាងកើត​ទីក្រុង​ហ្សា​ការ​តា ប្រធានាធិបតី​ជិតផុត​អាណត្តិ​បាន​និយាយ​ដោយ​សើច​ចំអក​ថា «តាម​ដែល​ខ្ញុំ​ដឹង មិន​មាន​ឧបទ្ទវហេតុ​បែបនេះ​ទេ។ ម៉េច​បាន [មាន] ច្របាច់ក?»

ប្រធានាធិបតី​បាន​រំឭកថា​ សាធារណជន​គួរតែ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​មុន​នឹង​ធ្វើការ​សន្និដ្ឋាន​ដោយ​ខ្លួនឯង ជាពិសេស​នៅមុន​ការបោះឆ្នោត​សកល​ឆ្នាំ ២០២៤។

លោក​បាន​មានប្រសាសន៍ថា៖ «ក្នុង​ឆ្នាំ​នយោបាយ ពិត​ជា​មាន​ព័ត៌មាន [មិន​ពិត]​ប្រភេទ​នេះ​ច្រើន​ណាស់។ ដូច្នេះ​សូម​ពិនិត្យ [ព័ត៌មាន] ​ជាមុន​សិន កុំ​ឱ្យ​តម្លៃ​​ព័ត៌មាន​ទាំង​អស់​ដែល​គ្រាន់តែ​ដឹង»។

THE JAKARTA POST បាន​លើក​ឡើង​នូវ​ការ​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​​លើ​បណ្តាញ​សង្គម ​បន្ទាប់ពី​ឃ្លី​ប​វីដេអូ​មួយ​ដែល​ត្រូវ​បាន​ដាក់​​ចំណងជើង​ថា «តើ​បេក្ខជន​ប្រធានាធិបតី​បាន​ទះកំផ្លៀង​អនុរដ្ឋមន្ត្រី​ក្នុង​បន្ទប់​ប្រជុំ​ទេ? ហើយ​វីដេអូន​នោះ​ត្រូវ​បាន​សាធារណៈជន​ចាប់អារម្មណ៍​និង​បញ្ចេញ​មតិ​យ៉ាង​ច្រើន៕