អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) បានលើកឡើងនៅថ្ងៃអង្គារ ទី ១៩ ខែកញ្ញាថា អង់គ្លេសនឹងបន្តកិច្ចចរចាពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌា បើទោះបីជាមានការចោទប្រកាន់ពីប្រទេសកាណាដាថា រដ្ឋាភិបាលឥណ្ឌាមានជាប់ពាក់ព័ន្ធនឹងការសម្លាប់មេដឹកនាំផ្តាច់ខ្លួននៃនិកាយសាសនាស៊ីខ (Sikhism) នៅលើទឹកដីរបស់កាណាដាក៏ដោយ។
អ្នកនាំពាក្យខាងលើបានបន្តថា អង់គ្លេស បាននឹងកំពុងដោះស្រាយជាមួយកាណាដាពីការចោទប្រកាន់ដ៏ធ្ងន់ធ្ងរមួយនេះ ប៉ុន្តែបញ្ហានេះ នឹងមិនមានផលប៉ះពាល់ដល់កិច្ចពិភាក្សាពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌានោះទេ។
លោក ស៊ូណាក់ សង្ឃឹមថានឹងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយឥណ្ឌា ដើម្បីឱ្យអង់គ្លេសក្លាយខ្លួនជាប្រទេសដៃគូពាណិជ្ជកម្មឯករាជ្យមួយ បន្ទាប់ពីបានចាកចេញពីសហភាពអឺរ៉ុប។
ភាគីទាំងពីរបានលើកឡើងអំពីវឌ្ឍនភាពក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីមានភាពយឺតយ៉ាវក្នុងការចាប់ផ្តើមកិច្ចពិភាក្សា ក៏ដូចជាការពន្លឿនកិច្ចព្រមព្រៀងដើម្បីបញ្ចប់ទៅនៅមុនការបោះឆ្នោតនៅក្នុងប្រទេសទាំងពីរនៅឆ្នាំក្រោយ។អ្នកនាំពាក្យបានប្រាប់អ្នកសារព័ត៌មានថា «ការចរចាពាណិជ្ជកម្មនឹងនៅតែបន្តដូចមុនធម្មតា»។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា៖«នៅពេលដែលយើងមានការព្រួយបារម្ភជាមួយប្រទេស ដែលយើងកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ យើងនឹងលើកឡើងទៅជជែកគ្នាដោយផ្ទាល់ជាមួយរដ្ឋាភិបាល ដែលពាក់ព័ន្ធ។ ប៉ុន្តែទាក់ទងនឹងការចរចាបច្ចុប្បន្នជាមួយប្រទេសឥណ្ឌានេះគឺជាការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហើយយើងមិនអាចយកបញ្ហាផ្សេងមកច្រឡូកច្រឡំគ្នានោះទេ»។
កាលពីថ្ងៃចន្ទ ប្រទេសកាណាដា បានឱ្យដឹងថា ខ្លួនកំពុងបន្តតាមដានបញ្ហាការចោទប្រកាន់ដ៏សំខាន់នេះ ដោយសារតែវាមានជាប់ពាក់ព័ន្ធរវាងរដ្ឋាភិបាលឥណ្ឌា ទៅនឹងឃាតកម្មរបស់ លោក ហាឌីប ស៊ីងនីចា (Hardeep Singh Nijjar) នៅទីក្រុងប្រ៊ីធីស កូឡុមប៊ែរ (British Columbia) កាលពីខែមិថុនា។
យ៉ាងណាក៏ដោយ ប្រទេសឥណ្ឌាបានហៅការចោទប្រកាន់នេះថា៖ «គួរឱ្យអស់សំណើច និងមានភាពលម្អៀង» ហើយបានស្នើថា ប្រទេសកាណាដាគួរតែចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងក្រុមដែលប្រឆាំងនឹងប្រទេសឥណ្ឌាដែលកំពុងរស់នៅក្នុងទឹកដីរបស់ខ្លួនជំនួសវិញ។
គួរដឹងដែរថា ឃាតកម្ម និងការបណ្ដេញចេញខាងការទូតទៅវិញទៅមក បានធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រុមអ្នកកាន់សាសនាស៊ីកនេះបានទាមទារឯករាជ្យនៅតំបន់មួយដាច់ដោយឡែកដែលស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា ប៉ុន្តែត្រូវបានអ្នកនយោបាយឥណ្ឌាធ្វើការប្រឆាំងយ៉ាងដាច់ខាត។
នៅពេលដែលមានការសាកសួរថាតើរដ្ឋាភិបាលអង់គ្លេសនឹងលើកយកការចោទប្រកាន់របស់កាណាដា ទៅជជែកជាមួយរដ្ឋាភិបាលឥណ្ឌាដែរឬទេ អ្នកនាំពាក្យរបស់លោក ស៊ូណាក់ បានឆ្លើយតបថា លោកនឹងមិនលូកដៃចូលទៅក្នុងការពិភាក្សាឯកជននោះទេ។ បន្ថែមលើនេះ គេក៏មិនឃើញមានការតាមដានត្រួតពិនិត្យឡើងវិញ នូវមូលហេតុនៃការស្លាប់របស់ លោក អាវតា ស៊ីង ខាន់ដា (Avtar Singh Khanda) ដែលតែងតែបានធ្វើយុទ្ធនាការគាំទ្រដល់ចលនាបំបែកខ្លួនពីប្រទេសឥណ្ឌាផងដែរ។
លោក ខាន់ដា បានស្លាប់នៅក្នុងមន្ទីរពេទ្យក្នុងទីក្រុងបឺមីងហាំ (Birmingham) ប្រទេសអង់គ្លេសកាលពីខែមិថុនា បន្ទាប់ពីឆ្លងជំងឺភ្លាម។ ក្រោយពីពិនិត្យរួច ប៉ូលិសមូលដ្ឋានបានសន្និដ្ឋានថា បានស្លាប់នេះមិនមានករណីគួរឱ្យសង្ស័យឡើយ ។
រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់អង់គ្លេស លោក កេមី បាដេណូច (Kemi Badenoch) បានប្រាប់គណៈកម្មាធិការសភាកាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀងជាមួយឥណ្ឌា អាចនឹងសម្រេចបាននៅឆ្នាំនេះ ប៉ុន្តែចំណុចចុងក្រោយនៃការចរចាគឺតែងតែពិបាកទៅរួចជាងគេ។
ប្រទេសកាណាដា និងអង់គ្លេសគឺជាជម្រកនៃជនភៀសខ្លួនរបស់ក្រុមសាសនាស៊ីកដ៏ធំបំផុត។ ភាគច្រើននៃក្រុមសាសនានេះបានធ្វើចំណាកស្រុកដើម្បីភៀសខ្លួនពីការទទួលរងនូវអំពើហិង្សាក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និងឆ្នាំ១៩៨០ នៅក្នុងរដ្ឋពូនចាប(Punjab)របស់ប្រទេសឥណ្ឌា ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។
គួររំឭកថា ប្រទេសឥណ្ឌាបានត្អូញត្អែរទៅកាន់រដ្ឋាភិបាលអង់គ្លេសកាលពីដើមឆ្នាំនេះ បន្ទាប់ពីពួកបំបែកខ្លួនស៊ីក បានដកទង់ជាតិឥណ្ឌាចេញពីគណៈកម្មាការជាន់ខ្ពស់របស់ប្រទេសឥណ្ឌានៅកណ្តាលទីក្រុងឡុងដ៍តែម្ដង៕