ប្រទេស​ឥណ្ឌា​បាន​បណ្តេញ​អ្នកការទូត​កំពូល​ម្នាក់​របស់​កាណាដា​កាលពី​ថ្ងៃ​អង្គារ ដោយ​បង្កើន​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ ២​​ ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​កាណាដា ដែលថា ឥណ្ឌា​អាចជា​ប់​ពាក់ព័ន្ធ​នឹង​ការបាញ់សម្លាប់​មេដឹកនាំ​អ្នក​​កាន់សាសនា​ស៊ិ​ខ (Sikh)​ នៅ ជាយក្រុង​វែ​ន​ឃូ​វើ​រកា​លពី​ខែ​​មិថុនា​។ តាម​ការរាយការណ៍រ​បស់​ទីភ្នាក់ងារ​ព័ត៌មាន AP​។

​ឥណ្ឌា​ដែល​ហៅ​ការ​ចោទ​​ប្រកាន់​របស់​កាណាដា​ថា​ជា​រឿង​មិន​សម​ហេតុផលបាន​និយាយថា ការបណ្តេញចេញ​នេះ​បាន​កើតឡើង​ចំពេល​មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង ចំពោះ​ការជ្រៀតជ្រែក​របស់​អ្នក​ការទូត​កាណាដា​លើ​បញ្ហា​ផ្ទៃ​ក្នុង​របស់​ឥណ្ឌា និង​ការចូលរួម​របស់​អ្នកការទូត​ទាំងនោះ​ក្នុង​សកម្មភាព​ប្រឆាំង​ឥណ្ឌា​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​ពី​ក្រសួង​កិច្ចការបរទេស​។

​ប្រឈម​ជម្លោះ​ការទូត​ជាមួយ​ប្រទេស​មហាអំណាច​នៅ​អាស៊ី​ខាងត្បូង នាយករដ្ឋមន្ត្រី​កាណាដា លោក ចា​ស្ទី​ន ទ្រូ​ដូ ហាក់ដូច​​ជា​ព្យាយាម​ធ្វើឱ្យ​ការប៉ះទង្គិច​គ្នា​ក្នុង​ផ្លូវ​ការទូត​នេះ​ចុះ​ត្រជាក់ ដោយ​លោក​ទ្រូ​ដូ​ប្រាប់​អ្នក​សារ​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គា​រថា ការ​សង្ស័យ​លើ​រដ្ឋាភិបាល​ឥណ្ឌា​មិនមែន​ជាការ​សម្លឹង​រក​ការបង្ក​ហេតុ ឬ​ដើម្បី​ធ្វើឱ្យ​ភាព​តានតឹង​កើនឡើង​នោះទេ​។

​លោក​ថ្លែងថា​៖«​យើង​គ្រាន់​តែ​ដាក់ចេញ​នូវ​ការពិត​ដូច​អ្វីដែល​យើង​យល់​ពី​រឿង​ទាំងនោះ ហើយ​យើង​ចង់​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ឥណ្ឌា ដើម្បី​កំណត់​អ្វី​គ្រប់យ៉ាង​ឱ្យបាន​ច្បាស់លាស់ និង​ធានាថា មានដំណើរ​ការ​ត្រឹម​​ត្រូវ​។ ឥណ្ឌា និង​រដ្ឋាភិបាល​​ឥណ្ឌា ចាំបាច់​ត្រូវ​គិតពី​បញ្ហា​នេះ​ឱ្យបាន​ហ្មត់ចត់​បំផុត​»​។

​កាលពី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ លោក ទ្រូ​ដូ បាន​និយាយថា ឥណ្ឌា​អាចមាន​ទំនាក់ទំនង​ជុំវិញ​ឃាតកម្ម​លើ​លោក Hardeep Singh Nijjar ដែលជា​មេដឹកនាំ​ក្រុម​អ្នក​កាន់សាសនា​​ស៊ិ​ខ និង​មាន​សញ្ជាតិ​កាណាដា កាលពី​ខែមិថុនា​។

​រដ្ឋាភិបាល​ឥណ្ឌា​ចាត់ទុក​មេ​​ដឹកនាំ​សាសនា​ស៊ិ​ខ​នោះ ថា​ជា​ភេរវ​ករ​ចំពោះ​ការគាំទ្រ​ក្រុម​​ផ្ដាច់ខ្លួន​របស់​អ្នក​កាន់សាសនា​ស៊ិ​ខ​ក្នុងប្រទេស​ឥណ្ឌា​។

​មកទល់ពេលនេះ កាណាដា ដែលមាន​ប្រជាជន​អ្នក​កាន់សាសនា​ស៊ិ​ខ​ជាង ៧៧០ ០០០​ នាក់ មិនទាន់​បានផ្តល់​ភ័ស្តុតាង​ណាមួយ​នៃ​ការជាប់​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ឥណ្ឌា​នៅឡើយ​ទេ ប៉ុន្តែ​ប្រសិនបើជា​ការពិត វា​នឹង​បង្ហាញ​ពីរ​បត់​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​ឥណ្ឌា​។

ទោះបីជា​យ៉ាងណាក៏ដោយ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ឥណ្ឌា​បាន​ចោទ​ប្រកាន់​កាណាដា ថា​ផ្តល់​សិទ្ធិ​​សេរីភាព​ដល់​ពួក​បំបែក​ខ្លួន​ស៊ិ​ខ រួមទាំង​លោក Nijjar ផង​ដែរ​។ លោក Nijjar ត្រូវបាន​បាញ់សម្លាប់​ក្នុង​រថយន្ត​ដែល​ចត​នៅក្នុង​សួនច្បារ​មុខ​វិហារ​ Guru Nanak Sikh Gurdwara កាលពី​ខែមិថុនា ក្នុង​តំបន់ Surrey សង្កាត់​ British Columbia ប្រទេស​កាណាដា​៕