ប្រធានាធិបតីកូរ៉េខាងត្បូងលោក យួន សុក យ៉ុល (Yoon Suk Yeol) បាននិយាយថា សង្គ្រាមក្នុងឧបទ្វីបកូរ៉េដែលរម្ងាប់បានរយៈពេល ៧០ ឆ្នាំទៅហើយនោះអាចផ្ទុះឡើងវិញ នៅពេលដែលរុស្ស៊ីបង្ហាញការគាំទ្រកាន់តែខ្លាំងលើរបបទីក្រុងព្យុងយ៉ាងដែលទើបបញ្ចប់ទស្សនកិច្ចកម្រិតខ្ពស់បំផុតទៅកាន់ប្រទេសរុស្ស៊ីកាលពីសប្តាហ៍មុននេះ។
ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិដែលជាកិច្ចប្រជុំបណ្តាមេដឹកនាំនិងតំណាងប្រទេសនានាជុំវិញពិភពលោកប្រចាំឆ្នាំកាលពីថ្ងៃពុធ លោក យួន បាននិយាយថា ប្រសិនបើរុស្ស៊ីជួយកូរ៉េខាងជើងក្នុងការបង្កើនកម្មវិធីអាវុធរបស់ខ្លួនជាថ្នូរនឹងជំនួយសម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន នោះវាស្មើនឹងការចូលរួមបង្កាត់ភ្លើងសង្គ្រាម។
ទន្ទឹមនឹងការលើកឡើងនូវលក្ខខណ្ឌបែបនេះ ប្រធានាធិបតីកូរ៉េខាងត្បូងដែលមិនប្រើការទូតទន់ភ្លន់ដូចអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន (Moon Jaein) ដោយលោកលើកឡើងថា ប្រសិនបើរុស្ស៊ីចាប់ធ្វើសកម្មភាពចូលជួយកូរ៉េខាងជើងពិតមែននោះទីក្រុងសេអ៊ូលនិងសម្ព័ន្ធមិត្តក៏នឹងមិនឈរដោយស្ងៀមស្ងាត់ឡើយ។
ជាមួយនឹងការព្រួយបារម្ភនេះលោក យួន បានគូសបញ្ជាក់ថា សេណារីយោខាងលើនឹងគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខរបស់កូរ៉េខាងត្បូង។
យ៉ាងណាមិញការអត្ថាធិប្បាយរបស់លោក យួន សុក យ៉ុល បែបនេះធ្វើឡើងខណៈពេលដែលមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានត្រឡប់មកទីក្រុងព្យុងយ៉ាងវិញបន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍ទៅកាន់ប្រទេសរុស្ស៊ី ដោយភាគីទាំង ២ យល់ព្រមបង្កើននូវចំណងទំនាក់ទំនងកាន់តែទូលំទូលាយលើវិស័យយោធា និងបច្ចេកវិទ្យាក្នុងវិស័យយោធា។
ក្នុងដំណើរទស្សនកិច្ចនោះលោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ដែលកំពុងបាត់បង់សម្ព័ន្ធមិត្តជាច្រើននៅលើពិភពលោក បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការយោធា ដែលប្រទេសលោកខាងលិចមើលឃើញថា រុស្ស៊ីកំពុងស្នើអាវុធពីប្រទេសកូរ៉េខាងជើងសម្រាប់សង្គ្រាមនៅប្រទេសអ៊ុយក្រែន រីឯកូរ៉េខាងជើងវិញក៏ស្នើរុស្ស៊ីនូវបច្ចេកវិទ្យាថ្មីៗសម្រាប់វិស័យយោធា។
លោក យួន បាននិយាយថា កម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចរបស់កូរ៉េខាងជើង មិនត្រឹមតែជាការគំរាមកំហែងដែលមានស្រាប់សម្រាប់កូរ៉េខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែជាការប្រឈមដ៏ធ្ងន់ធ្ងរចំពោះសន្តិភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងនៅទូទាំងពិភពលោកតែម្ដង។
ក្នុងករណីនេះប្រសិនបើកូរ៉េខាងជើងទទួលបានព័ត៌មាន និងបច្ចេកវិទ្យាចាំបាច់ ដើម្បីបង្កើនសមត្ថភាពអាវុធប្រល័យលោក (World Mass Destruction) របស់ខ្លួនជាថ្នូរនឹងការគាំទ្រដល់រុស្ស៊ីជាមួយនឹងអាវុធធម្មតាវានឹងក្លាយជាហេតុផលដ៏សំខាន់មួយក្នុងការជំរុញសង្គ្រាមឧបទ្ធីបកូរ៉េឱ្យឆាបឆេះជាថ្មី ជាពិសេសទៅទៀតនឹងធ្វើឱ្យសង្គ្រាមនៅអ៊ុយក្រែនបន្តអូសបន្លាយដោយរកទីបញ្ចប់មិនឃើញ៕