មានការវិភាគខ្លះលើកឡើងថាការផ្ទុះអាវុធរយៈពេលខ្លីដែលកងទ័ពអាស៊ែបៃហ្សង់ធ្វើឡើងលើតំបន់ផ្តាច់ខ្លួន «Nagorno-Karabakh» ដែលមានប្រជាជនអាមេនីប្រមាណ ១២ ម៉ឺននាក់រស់នៅ អ្នកដែលចាញ់ធំបំផុត គឺប្រទេសរុស្ស៊ី ដែលជាអ្នកសម្របសម្រួលឱ្យមានបទឈប់បាញ់មួយកាលពីឆ្នាំ ២០២០ ហើយមានកងទ័ពខ្លួនឈរជើងនៅទីនោះរហូត ២ ០០០ នាក់ ប៉ុន្តែភាគីដែលឈ្នះធំបំផុតគឺប្រទេសតួកគីដែលគាំទ្រប្រទេសអាស៊ែបៃហ្សង់។
ប្រតិបត្តិការយោធារបស់អាស៊ែបៃហ្សង់កាលពីថ្ងៃអង្គារកន្លងទៅ បណ្តាលឱ្យមនុស្ស ២៥ នាក់ស្លាប់និងរបួសជិត ១៤០ នាក់ ដែលហាក់ដូចជាសង្គ្រាមធំទី២ បន្ទាប់ពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលអូសបន្លាយរយៈពេល ៥៤៥ ថ្ងៃដល់ថ្ងៃនេះ បានធ្វើឱ្យអន្តរជាតិចាប់អារម្មណ៍ជាខ្លាំង ហើយក៏ឆ្លុះបញ្ចាំងពីឥទ្ធិពលដឹកនាំរុស្ស៊ីនៅតំបន់នោះធ្លាក់ចុះ។
យោងតាមការផ្សាយរបស់ Polittico ប្រទេសអាមេនីដែលពឹងផ្អែករុស្ស៊ីសម្រាប់ការរក្សាសន្តិសុខឱ្យខ្លួន បានអំពាវនាវឱ្យកងរក្សាសន្តិភាពរុស្ស៊ីធ្វើអន្តរាគមន៍បន្ទាប់ពីអាស៊ែបៃហ្សង់បានចាប់ផ្តើមប្រតិបត្តិការ លើតំបន់ផ្តាច់ខ្លួន Nagorno-Karabakh ដោយហៅពួកគេថាជា«ប្រឆាំងភេរវករ» ប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) បានសរសេរជាសម្ងាត់នៅលើ Telegram ដោយចំអកឱ្យអាមេនីដែលជាប្រទេសបងប្អូនចង់ចូលណាអង្គការណាតូ។Polittico បានស្រង់សម្តី ម៉េដវ៉េដេវ អតីតប្រធានាធិបតីរុស្ស៊ី បានបន្ថែមថា៖«ទាយមើលថាជោគវាសនាកំពុងរង់ចាំគាត់...»។
ប្រទេសអាមេនីដែលស្ថិតនៅអាស៊ីកណ្តាលនិងជាមាត់ច្រករវាងអាស៊ី-អឺរ៉ុបផងនោះ បានងាកពីការទុកចិត្តរុស្ស៊ីដែលមានកងទ័ពរក្សាសន្តិភាព ២ ០០០ នាក់នៅតំបន់ផ្តាច់ខ្លួនក្រោយពីការផ្ទុះអាវុធកើតឡើងជាញឹកញាប់ ហើយរុស្ស៊ីមិនអើពើចំពោះសកម្មភាពរបស់យោធាអាស៊ែបៃហ្សង់ដែលគាំទ្រដោយប្រទេសតួកគីនិងអឺរ៉ុប។
តាមសេចក្តីរាយការណ៍របស់ The Straits Times រុស្ស៊ីមានទាហានប្រមាណ ១២ ០០០ នាក់ ត្រូវបានដាក់ពង្រាយក្នុងតំបន់រដ្ឋដែលជាអតីតសហភាពសូវៀត ប៉ុន្តែវត្តមានរបស់រុស្ស៊ីបានធ្លាក់ចុះខ្សោយចាប់តាំងពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើង។
ប្រទេសបុរាណនៃអាមេនី និងអាស៊ែបៃហ្សង់ បានទទួលឯករាជ្យឡើងវិញជាមួយនឹងការដួលរលំនៃសហភាពសូវៀតក្នុងឆ្នាំ ១៩៩១ ប៉ុន្តែពួកគេនៅតែជាប់គាំងក្នុងការប្រឈមមុខដាក់គ្នាតាំងពីពេលនោះមក។
ការប្រឈមមុខដាក់គ្នារហូតដល់មានសង្គ្រាមបង្ហូរឈាមរវាងប្រទេសជិតខាងទាំង ២ នេះជាញឹកញាប់ កើតមានឡើង ដោយសារតំបន់ Nagorno-Karabakh ដែលជាតំបន់ហ៊ុមព័ទ្ធដោយជួរភ្នំ នៅក្នុងដែនដីអាស៊ែបៃហ្សង់ដែលទទួលស្គាល់ដោយអន្តរជាតិ ដែលមានជនជាតិអាមេនីប្រហែល ១២ ម៉ឺននាក់តាំងលំនៅ។
ក្នុងជម្លោះជាង ៣០ ឆ្នាំកន្លងមកនេះ ពួកបំបែកខ្លួនអាមេនីដោយមានការគាំទ្រយ៉ាងតឹងរ៉ឹងរបស់រុស្ស៊ី បានបដិសេធរាល់ការសម្របសម្រួលជាមួយអាស៊ែបៃហ្សង់និងបង្កើនការកាន់កាប់ទឹកដីនៅ Azeri។
តួកគីបានសម្រេចចិត្តជ្រៀតចូលក្នុងភាពច្របូកច្របល់របស់តំបន់អាស៊ីកណ្តាលនិងបានផ្លាស់ប្តូរតុល្យភាពយុទ្ធសាស្ត្រ។ Azeris គឺនៅជិតជនជាតិតួកគីក្នុងភាសា និងជាតិសាសន៍ ដូច្នេះមជ្ឈដ្ឋាននយោបាយតួកគីទាំងមូលបានគាំទ្រការសម្រេចចិត្តរបស់ប្រធានាធិបតីតួកគី Recep Tayyip Erdogan ក្នុងការបណ្តុះបណ្តាល និងបំពាក់អាវុធរបស់អាស៊ែបៃហ្សង់។
ចាប់តាំងពីសង្គ្រាមអ៊ុយក្រែន-រុស្ស៊ីផ្ទុះឡើង តួកគីដើរតួអង្គសំខាន់ក្នុងការសម្របសម្រួលភាគីពាក់ព័ន្ធ និងបង្កើនឥទ្ធិពលតំបន់៕