ការចាប់ខ្លួនអ្នកជំនាញក្នុងវិស័យថាមពល នៅក្នុងប្រទេសវៀតណាម ដែលធ្លាប់ធ្វើការងារ និងកំពុងកាន់គម្រោងឱ្យស្ថាប័នអន្តរជាតិសំខាន់ៗ កំពុងតែផ្ទុះការព្រួយបារម្ភរបស់ស្ថាប័នអន្តរជាតិសំខាន់ៗ។
សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅថ្ងៃទី២៥ កញ្ញា បានរាយការណ៍ថា ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភអំពីការចាប់ខ្លួន អ្នកជំនាញថាមពលបៃតងវៀតណាម អ្នកនាង Ngo Thi To Nhien ដែលបានសហការជាមួយទីភ្នាក់ងារអង្គការ-សហប្រជាជាតិ និងសហរដ្ឋអាមេរិក និងសូម្បីគម្រោងថាមពលដែលផ្តល់មូលនិធិដោយក្រុមប្រទេសអភិវឌ្ឍន៍សេដ្ឋកិច្ចជឿនលឿន ហៅថា G7 ផងដែរ។
ការចាប់ខ្លួនអ្នកនាង Ngo Thi To Nhien នាយិកាប្រតិបត្តិនៃគំនិតផ្តួចផ្តើមវៀតណាម សម្រាប់ការផ្លាស់ប្តូរថាមពល (VIET) បានធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន (Joe Biden) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងសិទ្ធិមនុស្សជាមួយទីក្រុងហាណូយក្នុងដំណើរទស្សន-កិច្ចមួយកាលពីថ្ងៃទី១០ ខែកញ្ញានេះ។
អ្នកនាង Ravina Shamdasani អ្នក-នាំពាក្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានប្រាប់រ៉យទ័រថា «យើងដឹងពីការចាប់ខ្លួននេះ ហើយកំពុងតាមដានការវិវឌ្ឍដោយក្តីបារម្ភ»។
អ្នកនាង Nhien បានធ្វើការឱ្យធនាគារពិភពលោក ជាមួយនឹងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ និងទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក (USAID)។ នេះបើយោងតាមប្រវត្តិរូបរបស់នាងនៅលើ LinkedIn ដែលរាយការណ៍ដោយរ៉យទ័រ។
យោង The 88 Project ដែលជាក្រុមតស៊ូមតិ សម្រាប់សេរីភាពនៃការបញ្ចេញមតិ (freedom of expression) នៅអាស៊ី-អាគ្នេយ៍ អ្នកនាង Nhien គឺជាអ្នកស្រាវជ្រាវ ដែលបានធ្វើការជាមួយអង្គការអន្តរជាតិមួយចំនួន រួមមានធនាគារពិភពលោក សហភាពអឺរ៉ុប អង្គការសហប្រជាជាតិ និងធនាគារអភិវឌ្ឍន៍អាស៊ី។
នៅពេលចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែកញ្ញា នាងកំពុងធ្វើការលើផែនការអនុវត្តន៍ សម្រាប់ភាពជាដៃគូផ្លាស់ប្តូរថាមពល ដោយយុត្តិធម៌របស់វៀតណាម (JETP) ដែលជាគម្រោងផ្តល់មូលនិធិ ដោយ G7 ដែលមានទឹកប្រាក់១៥ពាន់លានដុល្លារ ដើម្បីជួយប្រទេសវៀតណាម កាត់បន្ថយឥន្ធនៈហ្វូស៊ីល។
លោក Ben Swanton នៃ The 88 Project បាននិយាយថា៖«ការឃុំឃាំង អ្នកនាង Nhien គឺច្បាស់ណាស់ ជាសញ្ញាថា ការស្រាវជ្រាវលើគោលនយោបាយថាមពលឥឡូវនេះត្រូវបានបិទ»។
លោក បន្ថែមថា៖«នេះជាការវិវឌ្ឍចុងក្រោយបំផុតក្នុងនិន្នាការដ៏គួរឱ្យព្រួយបារម្ភរបស់រដ្ឋាភិបាលវៀតណាមដែលធ្វើឱ្យមានការស្រាវជ្រាវគោលនយោបាយ និងសកម្មភាពមានឧក្រិដ្ឋកម្ម»។
ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ប្រទេសវៀតណាម បានចាប់ខ្លួនអ្នកការពារសិទ្ធិ-មនុស្សផ្នែកបរិស្ថានចំនួន ៥ នាក់ដោយចោទប្រកាន់ពួកគេពីបទគេចពន្ធ។
អ្នកនាំពាក្យ OHCHR បាននិយាយកាលពីខែមិថុនា ដោយកត់សម្គាល់ថា ការចាប់ខ្លួនបានកើតឡើង ខណៈពេលដែលប្រទេសនេះ កំពុងចរចាផ្តល់មូលនិធិអន្តរជាតិ សម្រាប់ការផ្លាស់ប្តូរថាមពលចេញពីធ្យូងថ្ម។
រដ្ឋាភិបាលវៀតណាមមិនបានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈអំពីការចាប់ខ្លួនអ្នកនាង Nhien ទេ ហើយក៏មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយជុំវិញរឿងនេះ។ នេះបើតាមរ៉យទ័រ។
ប៉ូលិសវៀតណាមក៏បានសម្រុកចូលឆែកឆេរការិយាយល័យរបស់VIET៕