ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េខាងជើង (KCNA) បានផ្សព្វផ្សាយខ្លឹមសារថ្កោលទោសប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ុល (Yoon Suk Yeol) ចំពោះការរិះគន់កិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយទីក្រុងម៉ូស្គូ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅប្រទេសរុស្ស៊ី កាលពីសប្តាហ៍មុន ដោយអះអាងថា ដំណើរទស្សនកិច្ចនោះជា «លក្ខណៈធម្មជាតិ និងធម្មតា» សម្រាប់ប្រទេសជិតខាងក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធ។
នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុនលោក យូន បាននិយាយថា ប្រសិនបើរុស្ស៊ី ជួយកូរ៉េខាងជើង បង្កើនកម្មវិធីអាវុធរបស់ខ្លួនជាថ្នូរនឹងជំនួយ សម្រាប់សង្គ្រាមនៅអ៊ុយក្រែន នោះវានឹងជា «ទង្វើបង្កហេតុដោយផ្ទាល់»។
ទីភ្នាក់ងារសារព័ត៌មាន KCNA កូរ៉េខាងជើង បានបរិហារលោក ប្រធានាធិបតីកូរ៉េខាងត្បូងដែលគ្មាននយោបាយទន់ភ្លន់ដាក់កូរ៉េខាងជើងចាប់តាំងពីលោកឡើងកាន់អំណាច ដោយចាត់ទុកជាការបង្កាច់បង្ខូចកិច្ចសហប្រតិបត្តិការមិត្តភាពរបស់ខ្លួនជាមួយរុស្ស៊ី និងបាននិយាយថាលោក យូន ជាអាយ៉ង ឬជាអ្នកនិយាយសម្រាប់ការផ្គាប់ចិត្តសហរដ្ឋអាមេរិក។
KCNA រៀបរាប់ថា៖«វាជាលក្ខណៈធម្មជាតិ និងជារឿងធម្មតាសម្រាប់ប្រទេសជិតខាងក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធរវាងគ្នា ហើយគ្មានហេតុផលណាមួយដើម្បីហៅការធ្វើបែបនេះទៅជាការបង្កហេតុនោះទេ»។
មេដឹកនាំកូរ៉េខាងជើងជំនាន់ទី៣នេះ ទើបបានត្រឡប់ទៅដល់កូរ៉េខាងជើងវិញ កាលពីសប្តាហ៍មុន ក្រោយបានចំណាយពេលដំណើរទស្សនកិច្ចផ្លូវការអស់រយៈពេលជិត១សប្តាហ៍នៅប្រទេសរុស្ស៊ីជាទីដែលលោកមានឱកាសបានទស្សនាដោយផ្ទាល់នូវកម្មវិធីផលិតអាវុធទំនើបរបស់រុស្ស៊ី។
ក្នុងជំនួបដែលកើតមានឡើងក្រោយរយៈពេល ៤ ឆ្នាំ លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានព្រមព្រៀងគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ច។ មន្ត្រីអាមេរិក និងកូរ៉េខាងត្បូងបានសម្តែងការព្រួយបារម្ភថារុស្ស៊ីអាចព្យាយាមទិញគ្រាប់រំសេវពីកូរ៉េខាងជើង ដើម្បីបន្ថែមឃ្លាំងអាវុធរបស់ខ្លួនដែលធ្លាក់ចុះក្នុងសង្គ្រាមនៅអ៊ុយក្រែន ខណៈកូរ៉េខាងត្បូងបារម្ភថា ទីក្រុងព្យុងយ៉ាងស្វែងរកជំនួយផ្នែកបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយដែលតែងបង្កការបារម្ភនៅក្នុងតំបន់៕