ភ្ញៀវទេសចរ​ចិន​ដែល​បានធ្វើការ​ចុះចត​នៅ​ទីក្រុង​បាងកក ត្រូវ​បានទទួល​ការស្វាគមន៍​ជាពិសេស ដោយមាន​លោកនាយក​រដ្ឋមន្ត្រី ស្រេ​តថា ថា​វី​ស៊ីន ជា​អ្នក​ជួប​ស្វាគមន៍​ដោយផ្ទាល់ ដោយសារតែ​ពួកគេ​ជា​ភ្ញៀវទេសចរ​នៃ​ជើងហោះហើរ​ដំបូង​ដែល​បាន​ទៅដល់​ប្រទេស​ថៃ បន្ទាប់​ថៃ​បានសម្រេច​លើកលែង​​ទិដ្ឋាការ​ចំពោះ​ជនជាតិ​ចិន ក្នុង​គោលបំណង​ដើម្បី​ធ្វើឱ្យ​ឧស្សាហកម្ម​ទេសចរណ៍​ថៃ​កាន់តែ​ប្រសើរឡើង។

អំឡុង​ពេលដែល​ភ្ញៀវទេសចរ​ទាំងនោះ​បាន​ចុះ​ទៅដល់​ព្រលានយន្តហោះ​ភ្លាម គេ​សង្កេតឃើញ​មាន​អ្នករាំ​របាំ​ក្នុង​ឈុត​ប្រពៃណី​ថៃ​និង​អ្នក​សម្ដែង​បានធ្វើ​ការប្រគុំ​តន្ដ្រី​ស្វាគមន៍​ភ្ញៀវ​ទាំងអស់នោះ ដែល​បានធ្វើ​ដំណើរ​ក្នុង​ជើងហោះហើរ​មកពី​ទីក្រុង​សៀង​ហៃ។ បន្ថែម​លើ​នេះ មនុស្សម្នា​ជាច្រើន​ក៏បាន​ធ្វើ​ការសុំ​ថតរូប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ស្រេត​ថា ផងដែរ។

វិស័យ​ទេសចរណ៍​គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​របស់​ប្រទេស​ថៃ​ដែលជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ទី២នៅ​អាស៊ីអាគ្នេយ៍ និង​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រទេស​ដែលមាន​ឆ្នេរ​ដ៏​ស្រស់ស្អាត និង​ជីវិត​ពេល​រាត្រី​ដ៏​រស់​រវើក។ ការស្តារ​ឡើងវិញ​នូវ​ឧស្សាហកម្ម​ទេសចរណ៍​ដែល​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយ​ជំងឺ​រាតត្បាត​កូ​វីដ១៩ គឺជា​អាទិភាព​មួយ​ក្នុងចំណោម​អាទិភាពផ្សេងៗទៀត របស់លោក ស្រេ​ថា ដែល​ទើបនឹង​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ។

យ៉ាងណាក៏ដោយ វិបត្តិ​សេដ្ឋកិច្ច​នៅ​ប្រទេស​ចិន​បន្ទាប់ពី​វិបត្តិ​កូ​វីដ១៩ បាន​នាំឱ្យមាន​ការធ្លាក់ចុះ​នៃ​ភ្ញៀវទេសចរ​ចិន​ដែល​ធ្លាប់​ធ្វើដំណើរ​កម្សាន្ត​នៅ​ប្រទេស​ថៃ ដូច្នេះហើយ លោក ស្រេ​ថា សង្ឃឹមថា ការលើកលែង​មិន​ទាមទារ​យក​ទិដ្ឋាការ​ពី​ជន​ជាតិចិន អាចជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន។

លោកនាយក​រដ្ឋមន្ត្រី​ថៃ​រូបនេះ​បាន​ប្រាប់​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ​ថា៖ «យើង​មាន​ទំនុកចិត្ត​ថា​គោលនយោបាយ​នេះ​នឹង​ជំរុញ​សេដ្ឋកិច្ច​ថៃ​ឱ្យ​កាន់តែ​រីកចម្រើន»។ លោក​ក៏បាន​បន្ថែមថា «សុវត្ថិភាព​ភ្ញៀវទេសចរ​គឺជា​អាទិភាព​ដែល​យើង​ត្រូវ​យកចិត្តទុកដាក់»។

គោលនយោបាយ​លើកលែង​ទិដ្ឋាការ​នេះ បានចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី២៥ ខែកញ្ញា រហូតដល់​ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។ រដ្ឋាភិបាល​ថៃ​រំពឹងថា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​ចិន​ចំនួន ២,៨៨ លាន​នាក់​ក្នុងអំឡុងពេល ៥ខែ​នៃ​ការលើកលែង​ទិ​ដ្ឋ​ការ​នេះ​ពោលគឺ​ខ្ពស់ជាង​បន្តិច​នូវ​ចំនួន​ជនជាតិ​ចិន​ដែល​បាន​ទៅ​ទស្សនា​នៅ​ប្រទេស​ថៃ​នៅ​ឆ្នាំនេះ ដែលមាន​ចំនួន ២,៣៤ លាន​នាក់៕