ធនាគារកណ្តាលរបស់ប្រទេសចិន បានលើកឡើងកាលពីថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២៣ ថា ខ្លួននឹងកែសម្រួលគោលនយោបាយមួយចំនួន និងអនុវត្តគោលនយោបាយរូបិយវត្ថុ ដែលមានលក្ខណៈចាប់បង្ខំជាងមុនដើម្បីជួយពង្រឹងដល់សេដ្ឋកិច្ចរបស់ប្រទេសចិន ឱ្យងើបឡើងវិញ ខណៈដែលពេលនេះ ស្ថានភាពសេដ្ឋកិច្ចចិនហាក់ដូចជាមានភាពប្រសើរឡើងជាងមុន។
ធនាគារកណ្ដាលចិន បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំប្រចាំត្រីមាសនៃគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ខ្លួនថា«ធនាគារប្រជាជនចិន (PBOC) នឹងធ្វើយ៉ាងណា ធានាថាប្រទេសចិនមានថវិកាគ្រប់គ្រាន់នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុនិងបន្តការផ្ដល់ប្រាក់កម្ចីបន្ថែមទៀត»។
ធនាគារដដែលបានរំលេចថា «ស្ថានភាពសេដ្ឋកិច្ចនៅខាងក្រៅប្រទេសបច្ចុប្បន្នកាន់តែមានភាពស្មុគស្មាញនិងធ្ងន់ធ្ងរជាមុន ដូចជាបញ្ហាពាណិជ្ជកម្មនិងការវិនិយោគអន្តរជាតិកំពុងធ្លាក់ចុះអតិផរណានៅតែកើនឡើងខ្ពស់ហើយអត្រាការប្រាក់នៅក្នុងប្រទេសអភិវឌ្ឍន៍ក៏នៅតែខ្ពស់ដូចគ្នា»។
ធនាគារបានបន្ថែមថា «សេដ្ឋកិច្ចក្នុងស្រុកកំពុងបន្តងើបឡើងវិញនិងប្រសើរឡើងបន្តិចម្ដងៗ ជាមួយ នឹងសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ប៉ុន្តែវានៅតែប្រឈមមុខនឹងបញ្ហាមួយចំនួន ដូចជាតម្រូវការនៅមិនទាន់មានការកើនឡើងគ្រប់គ្រាន់នៅឡើយជាដើម»។
ធនាគារកណ្ដាលបានប្ដេជ្ញាថា «យើងត្រូវបន្តការខិតខំប្រឹងប្រែងនិងទាញយកអត្ថប្រយោជន៍ពីសម្ទុះសេដ្ឋកិច្ច ដែលកំពុងមានភាពប្រសើរឡើង ព្រមទាំងត្រូវបង្កើនការកែសម្រួលគោលនយោបាយក្នុងក្របខ័ណ្ឌម៉ាក្រូអនុវត្តគោលនយោបាយរូបិយវត្ថុប្រកបដោយការប្រុងប្រយ័ត្ន ច្បាស់លាស់ និងដោយចាប់បង្ខំ»។
ការអត្ថាធិប្បាយនៅក្នុងសេចក្ដីថ្លែងការណ៍ចុងក្រោយរបស់ធនាគារកណ្តាលចិននេះ គឺស្រដៀងគ្នាទៅនឹងអ្វីដែលពួកគេបានលើកឡើងកាលពីពេលមុនប៉ុន្តែលើកនេះ ពួកគេហាក់ដូចជាមានសុទិដ្ឋិនិយមជាងមុនបន្តិចជុំវិញបញ្ហាសេដ្ឋកិច្ចរបស់ចិនទាំងមូល។កាលពីខែមេសា កន្លងទៅធនាគារកណ្ដាលចិនបានសម្តែងការព្រួយបារម្ភថា ការងើបឡើងវិញនៃសេដ្ឋកិច្ចចិនហាក់មិនទាន់មានមូលដ្ឋានគ្រឹះរឹងមាំនៅឡើយ។
សេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចធំទីពីរនៅលើពិភពលោកហាក់កំពុងចាប់ផ្តើមមានស្ថិរភាពឡើងវិញបន្ទាប់ពីមានការកែសម្រួលគោលនយោបាយតូចៗមួយចំនួន។យ៉ាងណាក៏ដោយបញ្ហាប្រឈមនៅតែមាន ដូចជាការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យប្រជាជនវ័យចំណាស់កាន់តែកើនឡើងនិងភាពតានតឹងផ្នែកនយោបាយពិភពលោក។
ធនាគារកណ្តាលចិននឹងធ្វើការណែនាំទៅកាន់ធនាគារនៅក្នុងស្រុកទាំងអស់ ឱ្យកាត់បន្ថយអត្រាការប្រាក់កម្ចីរបស់ក្រុមហ៊ុននិងកម្ចីជាលក្ខណៈបុគ្គល។ ប្រទេសចិន នឹងបង្កើនការវិនិយោគរបស់រដ្ឋាភិបាល និងការបង្កើតគោលនយោបាយលើកទឹកចិត្តឱ្យបានច្រើន ដើម្បីជំរុញការវិនិយោគឯកជន និងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចទាំងមូល នេះបើយោងតាមសេចក្ដីថ្លែងការណ៍ដដែលខាងលើ។
ធនាគារកណ្ដាលចិន ក៏បានបញ្ជាក់សារជាថ្មីនូវជំហររបស់ខ្លួន ក្នុងការរក្សាស្ថិរភាពប្រាក់យ័ន (Yuan) និងព្យាយាមការពារហានិភ័យនៃអតិផរណានៃតម្លៃរូបិយប័ណ្ណចិន។ បន្ថែមលើនេះ ធនាគារកណ្តាលក៏បានសន្យាលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចរីភាព និងស្ថិរភាពនៃទីផ្សារអចលនទ្រព្យតាមរយៈការអនុវត្តគោលនយោបាយកាត់បន្ថយអត្រាការប្រាក់និងអត្រាកម្ចីទិញផ្ទះ សម្រាប់អ្នកទិញផ្ទះមួយចំនួន។
ធនាគារកណ្តាលចិន ក៏នឹងបង្កើនការគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សម្រាប់ទាំងការប្រើប្រាស់ធម្មតា និងនៅគ្រាអាសន្ននៅក្នុងទីក្រុងធំៗ ក៏ដូចជាគាំទ្រដល់ការអនុវត្តគម្រោងអភិវឌ្ឍន៍ភូមិឬតំបន់មិនទាន់មានការអភិវឌ្ឍ និងលំនៅដ្ឋានដែលមានតម្លៃសមរម្យ។ យោងតាមគណៈរដ្ឋមន្ត្រីចិន គោលការណ៍ណែនាំទាំងអស់នេះ នឹងជួយជំរុញការវិនិយោគនៅក្នុងវិស័យនេះ ហើយវាជាផ្នែកមួយក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចចិនទាំងមូល៕