ថ្មីៗនេះ​ ក្រុម​អ្នកស្រាវជ្រាវ​នៅក្នុង​ប្រទេស​ជប៉ុន​ បាន​បញ្ជាក់ថា​មីក្រូ​ប្លា​ស្ទិ​ក មាន​វត្តមាន​នៅក្នុង​ពពក ​និង​ថា​ពពួកមីក្រូ​ប្លា​ស្ទិ​ក​ទាំងនោះ​ ទំនងជា​ប៉ះពាល់​ដល់​អាកាសធាតុ​តាមរបៀប​មួយបែប ​ដែល​គេ​មិនទាន់​អាច​យល់ច្បាស់​នៅឡើយ។

នៅក្នុង​ការសិក្សា​មួយ​ដែល​ត្រូវបាន​ចេញផ្សាយ​នៅក្នុង Environmental Chemistry Letters បាន​រៀបរាប់​ឱ្យដឹងថា ​អ្នកវិទ្យាសាស្ត្រ​មួយក្រុម​បាន​ឡើង​ភ្នំ Fuji និង Mount Oyama ដើម្បី​ប្រមូល​ទឹក​ពី​អ័ព្ទ​ ដែល​គ្របដណ្តប់​លើ​កំពូលភ្នំ​ទាំងនោះ បន្ទាប់មក​ពួកគេ​បាន​បញ្ចូល​បច្ចេកទេស​រូប​ភាព​កម្រិត​ខ្ពស់​ទៅនឹង​គំរូ​ ដើម្បី​កំណត់​លក្ខណៈ​រូបវន្ត និង​គីមី​នៃ​វត្ថុ​ទាំងនោះ។

ជា​លទ្ធផល​ក្រុម​អ្នកវិទ្យាសាស្ត្រ​កំណត់​បាន​ប្រភេទ​ប៉ូលីម៊ែរ​ចំនួន ៩ ប្រភេទខុសៗគ្នា ​និង​កៅស៊ូ​មួយ​ប្រភេទ​នៅក្នុង​មីក្រូ​ប្លា​ស្ទីក​ក្នុង​ខ្យល់ ដែលមាន​ទំហំ​ចាប់ពី ៧,១ ដល់ ៩៤,៦ មីក្រូ​ម៉ែត្រ។ លើសពីនេះ​ក្នុង​មួយ​លីត្រ​នៃ​ទឹក​ពី​អ័ព្ទ​មាន ៦,៧ ទៅ ១៣,៩ បំណែក​នៃ​ប្លា​ស្ទិ​ក។

អ្វីដែល​សំខាន់​ជាងនេះទៅទៀត «hydrophilic» ឬ​ពពួក​ប៉ូលីម៊ែរ​មាន​ច្រើន​ក្រៃលែង​ដែល​នេះ​បង្ហាញថា ភាគល្អិត​ទាំងនេះ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បង្កើត​ពពក​យ៉ាង​ឆាប់រហ័ស​និង​ប្រព័ន្ធ​អាកាសធាតុ។

អ្នកដឹកនាំ​ផ្នែក​និពន្ធ​លោក Hiroshi Okochi នៃ​សាកលវិទ្យាល័យ​ Waseda បាន​ព្រមាន​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ កាលពី​ថ្ងៃ​ពុធ​ថា៖ «ប្រសិនបើ​បញ្ហា​នៃ​ការបំពុល​បរិយាកាស​ដោ​យ​ប្លា​ស្ទិ​ក ​មិន​ត្រូវបាន​ដោះស្រាយ​ដោយ​សកម្ម​ទេ​ការប្រែប្រួល​អាកាសធាតុ ​និង​ហានិភ័យ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​អាច​ក្លាយជា​ការពិត​ដែល​បណ្តាលឱ្យមាន​ការខូចខាត​បរិស្ថាន​ដែល​មិនអាច​ត្រឡប់ក្រោយ​បាន​ហើយ​វា​នឹង​កាន់​ធ្ងន់ធ្ងរ​ខ្លាំង​នាពេល​អនាគត»។

មីក្រូ​ប្លា​ស្ទិ​ក ត្រូវបាន​កំណត់ថា​ជា​ភាគល្អិត​ប្លា​ស្ទិ​ក​ក្រោម ៥ មី​លី​ម៉ែត្រ​ដែល​កើតចេញពី​កាកសំណល់​ឧស្សាហកម្ម​វាយនភ័ណ្ឌ​សំបក​កង់​រថយន្ត​សំយោគ​ផលិតផល​ថែរក្សា​ស្បែក​និង​ច្រើន​ទៀត។

គួររំឭកថា​បំណែក​មីក្រូ​ប្លា​ស្ទិ​កតូចៗទាំងនេះ​ធ្លាប់​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​សាច់​ត្រី​ដែល​រស់នៅ​តំបន់​ជ្រៅ​បំផុត​នៃ​មហាសមុទ្រ​លាយឡំ​ជាមួយ​ទឹកកក​សមុទ្រ​អាក​ទិ​ក​និង​គ្របដណ្តប់​ព្រិល​នៅលើ​ភ្នំ Pyrenees រវាង​ប្រទេស​បារាំង​និង​អេ​ស្ប៉ា​ញ។

គួរ​ជម្រាប​ដែរ​ថា​មកទល់ពេលនេះ​បើតាម​ភស្តុតាងថ្មីៗ សារធាតុ​មីក្រូ​ប្លា​ស្ទិ​ក​អាច​បង្ក​ផលប៉ះពាល់​ជាច្រើន​លើ​សុខភាព​បេះដូង​និង​សួត​ក៏ដូចជា​ជំងឺមហារីក​និ​ប៉ះពាល់​យ៉ាង​ធំធេង​ដល់​បរិស្ថាន៕