កងទ័ពអាកាសអ៊ុយក្រែន និយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក (ដ្រូន) ធុន Shahed ចំនួន ៣៤ គ្រឿង ក្នុងចំណោមដ្រូន ៤៤ គ្រឿង ដែលរុស្ស៊ីប្រើដើម្បីវាយប្រហារកាលពីយប់ថ្ងៃពុធ។
ក្រុមមន្រ្តីយោធា និងមូលដ្ឋានអ៊ុយក្រែន បាននិយាយថា ការវាយប្រហារពេញមួយយប់របស់រុស្ស៊ី មិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។
យោធាអ៊ុយក្រែនបាននិយាយនៅលើបណ្ដាញសង្គមតេឡេក្រាមថា៖«យន្តហោះចម្បាំង អង្គភាពមីស៊ីលប្រឆាំងយន្តហោះ និងក្រុមពន្លត់អគ្គិភ័យចល័ត បានធ្វើប្រតិបត្តិការទប់ទល់នឹងការវាយប្រហារ»។
យោធាដដែលនិយាយថា តំបន់ភាគខាងត្បូងអ៊ុយក្រែន Mykolaiv និងតំបន់ភាគកណ្ដាល Kirovohrad ជាតំបន់គោលដៅវាយប្រហាររបស់រុស្ស៊ី។
ចំណែកឯអភិបាលតំបន់អូដេសា លោក Oleh Kiper វិញ បាននិយាយនៅលើតេឡេក្រាមថា៖ «កងកម្លាំងការពារដែនអាកាសរបស់យើង បានបំពេញបេសកម្មយ៉ាងល្អ» ។ លោកបន្តថា មិនមានអ្នករងរបួសត្រូវបានរាយការណ៍នោះទេ ប៉ុន្តែថា កម្ទេចឆេះនៃដ្រូនបានធ្វើឱ្យវាយស្មៅកន្លែងខ្លះឆេះ ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ។
តំបន់កំពង់ផែអូដេសាដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន បានរងការវាយប្រហារដោយដ្រូន និងមីស៊ីលរបស់រុស្ស៊ីជាញឹកញយចាប់តាំងពីខែកក្កដា នៅពេលដែលរុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ ដែលអនុញ្ញាតឱ្យអ៊ុយក្រែនអាចដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់ខ្លួនទៅក្រៅប្រទេសដោយគ្មានការរារាំង ឬវាយប្រហារពីរុស្ស៊ី៕